ដំណើរទៅលេង Vienne ប្រទេសបារាំង


Vienne ជាទីក្រុងតូចមួយនៅជើងភ្នំ ភាគខាងត្បូងនៃក្រុងធំ Lyon ប្រទេសបារាំង។ ខ្ញុំបានទៅលេង Vienne ជាលើកទី២ ជាមួយនិង ស្វាមី កាលពីរដូវផ្ការីកឆ្នាំ២០១៨។ ខ្ញុំធ្លាប់បានទៅលេងម្ដងហើយកាលពីឆ្នាំ២០១៥ ក្នុងពេលដែលស្វាមីមានបេសកកម្មទៅប្រទេសបារាំង ប៉ុន្តែកាលទៅលើកមុន យើងគ្រាន់តែបានទៅញ៉ាំបាយថ្ងៃត្រង់ជាមួយលោកគ្រូចាស់របស់ស្វាមីខ្ញុំប៉ុណ្ណោះ។ ថ្ងៃនេះ ខ្ញុំស្រាប់តែនឹកឃើញ ចង់សរសេរទុកជាការចងចាំដ៏ល្អចំពោះដំណើរកាលឆ្នាំ២០១៨នេះ។


កាលឆ្នាំនោះ ខ្ញុំនិងគាត់ ជិះរថភ្លើងល្បឿនលឿន TGV ចេញពី Schiphol Station ប្រទេស ហូឡង់ ពីព្រលឹមម៉ោង ៧ សំដៅមកក្រុង Lyon។ យើងមកដល់ស្ថានីយ៍ Part Dieu នៅថ្ងៃត្រង់។ ក្នុងពេលដែលស្រុកយើងមានអាកាសធាតុក្ដៅហប់នារដូវចូលឆ្នាំ ទីក្រុង Lyon ទាំងមូល គ្របដណ្តប់ដោយអាកាសធាតុត្រជាក់មនោរម្យ ចន្លោះពី ១៦ទៅ១៨ដឺក្រេប៉ុណ្ណោះ។ វាជារដូវផ្ការីកដ៏សែនរម្យនា យើងទាំង២នាក់ចុះពីរថភ្លើង អូសវ៉ាលីសដ៏ធ្ងន់ម្នាក់មួយ ដើរសំដៅទៅរក លោកគ្រូចាស់របស់គាត់ ដែលឈររង់ចាំទទួលយើងនៅស្ថានីយ៍អ្នកដំណើរមកដល់។ លោកគ្រូចាស់ ស្វាគមន៍ពួកយើង ជាមួយស្នាមញញឹមដ៏កក់ក្ដៅ និង ការឱប Bisou តាមបែបប្រពៃណីបារាំង។ ខ្ញុំបានត្រឹម ឈរស្ដាប់ពួកគាត់រ៉ាយរ៉ាប់ពីក្ដីនឹករលឹកចំពោះគ្នាជាភាសាបារាំងប៉ុណ្ណោះ ដោយសារចោលភាសានេះយូរ មិនដែលបានប្រើ ខ្ញុំនៅអាចយល់នូវការសន្ទនារបស់គាត់ទាំង២ ប៉ុន្តែមិនអាចនិយាយឆ្លើយឆ្លងបាន។ ប្រហែលជាឃើញថា ខ្ញុំរងាញ័រញាក់ដោយសារខ្យល់និងភ្លៀងរលឹមផ្សែងក្រូច លោកគ្រូចាស់ ក៏បបួលពួកយើងឱ្យឆាប់ឡើងឡានសំដៅទៅក្រុង Vienne។ ការពិតទៅ មុនចេញមកពី ហូឡង់ យើងបានទាក់ទងគ្នារហូតមក មិនចង់រំខានគាត់មកយកដល់ក្រុង លីយ៉ុង ទេ ព្រោះពួកយើង ចង់ជិះរថភ្លើង train de region ដែលរត់មកក្រុងវីយែនដែរ តែលោកគ្រូចាស់ទទូចហើយទទូចទៀត ថានឹងបើកឡានមកយកពួកយើងឱ្យខានតែបាន។ នៅតាមផ្លូវ លោកគ្រូទទូចឱ្យយើងស្នាក់នៅផ្ទះគាត់ឱ្យបាន១អាទិត្យ គាត់ទុកឡានឱ្យយើងបើកទៅណាតាមចំណង់ចិត្ត ប៉ុន្តែ ដំណើរដែលយើងបានគ្រោងទុករួចហើយនេះ ជួនចំពេលដែលមានកូដកម្មរបស់បុគ្គលិកដឹកជញ្ជូន ធ្វើឱ្យជើងរថភ្លើងឡើងត្រឡប់មកប៉ារីសវិញមានចំនួនតិចមែនទែន។ យើងសំណាងដែលទិញបានសំបុត្រតាមអនឡាញ ដែលត្រូវចេញពីលីយ៉ុងនៅ៣ថ្ងៃខាងមុខ ។ ម៉្យាងទៀត ខ្ញុំត្រូវទៅលេងនឹងម្ដាយមីងដែលរស់នៅ Meyzieu ផងដែរទើប មិនអាចស្នាក់នៅ Vienne បានយូរ។
មកដល់ Vienne យើងឡើងមកផ្ទះគាត់ដែលនៅលើភ្នំតាមផ្លូវឡើងភ្នំដែលកោងទៅឆ្វេងស្ដាំដូចពស់លូន។ ខ្ញុំពុលឡានវិលមុខរកកលចង់ក្អួត។ ប៉ុន្តែ ពេលមកដល់ ទេសភាពដ៏ល្អបែបស្រុកស្រែនៅលើភ្នំ មិនធ្វើឱ្យយើងខកចិត្តទេ ខ្ញុំស្វាងចែស នៅពេលមុខប៉ះនឹងខ្យល់ត្រជាក់ស្រេងនារដូវផ្ការីក។ ផ្ការីកគ្រប់ទីកន្លែង សូម្បីតែស្មៅក៏ដណ្ដើមគ្នាចេញផ្កា ហាក់ដូចស្វាគមន៍ប្ដីប្រពន្ធយើង២នាក់ដែរ។ ក្រោយសម្រាកបាត់ហត់បន្តិច លោកយាយដែលជាភរិយាលោកគ្រូ បានធានាខ្លួនជា មគ្គុទ្ទេសក៍ នាំប្ដីប្រពន្ធយើងដើរលំហែ មើលភូមិករអ្នកស្រុកនៅលើនោះ។ ទេសភាពភូមិស្រុកដ៏ស្ងប់ស្ងាត់សុខសាន្ត នាំឱ្យចិត្តខ្ញុំហាក់បានល្ហែល្ហើយពីការនឿយហត់ប៉ុន្មានថ្ងៃមកនេះដែលបណ្ដាលមកពីការអូសវ៉ាលីសតាំងពីភ្នំពេញមក ឌូបៃ ដល់ប៉ារីសរួចក៏ឡើងរថភ្លើងទៅលេងប្អូនពៅនៅទីក្រុងឡុងដុងដ៍ រួចបន្តបង្ហួសជិះយន្តហោះមកហូឡង់ ទើបជិះរថភ្លើងមកលីយ៉ុងវិញ។ ការមកដល់ វីយែន ហាក់ដូចជាឋានសួគ៌ស្ងប់ស្ងាត់មួយដែលចិត្តខ្ញុំមិនចង់ឱ្យឃ្លាត។យើងទៅមើលកសិដ្ឋាន និងកន្លែងចិញ្ចឹមសេះ ដែលវាជាលើកទីមួយសម្រាប់ខ្ញុំ។ ទិដ្ឋភាពក្មេងៗរៀនជិះសេះ សម្រែក គោ ពពែ ទា ក្ងាន មាន់រងាវ ចៀម ពពែ អ្វីអស់ទាំងនេះហាក់ដូចតន្ត្រីធម្មជាតិកំដរអារម្មណ៍ខ្ញុំយ៉ាងដូច្នេះដែរ។ ក្រោយពីដើរទស្សនាភូមិដ្ឋាននៅទីនោះហើយ យើងក៏មកញ៉ាំអាហារពេលល្ងាចដ៏មានឱជារស ក្រេបស្រាក្រហមនិងលាងមាត់ចុងក្រោយដោយ cheese តាមបែបប្រពៃណីបារាំង។


ដំណើរលំហែរទៅ Vienneនេះ ជាដំណើរប្រកបដោយអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានទៅជួប Vienne ក្រុងតូចច្រឡឹងនិងស្រស់ប្រិមប្រិយជាថ្មីម្ដងទៀតក្នុងពេលណាមួយមិនខាន។

ផ្ទះលោកគ្រូ មើលពីខាងក្រោយ
វាលចិញ្ចឹមសត្វ
រដូវផ្ការីក វាលស្មៅក៏មានផ្កា
កន្លែងចិញ្ចឹមសេះ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

6 Responses to ដំណើរទៅលេង Vienne ប្រទេសបារាំង

  1. ខ្ញុំដេកតែ airbnb ម៉ាយប់ 30 អីហ្នឹង ព្រោះអត់លុយ។

    ចូលចិត្ត

  2. អតីតសិស្សសាលាច្បាប់ដឹងតែមានគ្រូនៅ Lyon ហ្មង Lyon-Lumiere II.

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s