សំបុត្រចំហចំពោះកូនស្រីវ័យជំទង់របស់ម៉ែ


កូនស្រីម្ដាយ

ក្នុងជីវិតរស់នៅ ចូរកូនមានខ្លួនឯងជាទីពឹង ដូចពាក្យប្រៀនប្រដៅរបស់ព្រះបរមគ្រូថា អត្តហិ អត្តនោ នាថោ “ខ្លួនទីពឹងខ្លួន”។

កូនកុំរំពឹងលើម្ដាយ លើឪពុក។ ម្ដាយឪពុកគ្រាន់តែជាអ្នកជួយចម្លងជីវិតថែរក្សាកូន ទម្រាំកូនមានខ្លួនឯងដែលរឹងមាំអាចឈរដោយខ្លួនឯងបាន។ ក្នុងពេលដែលកូនមានម្ដាយឪពុកជាទីពឹង កូនកុំខ្ជះខ្ជាយពេលវេលា ត្រូវប្រឹងប្រែងរៀនសូត្រ យកចំណេះជំនាញ និងរៀនពីសង្គមឱ្យបានច្រើន។ កូនត្រូវសន្សំទុននេះ ដើម្បីអនាគតរបស់កូន។ អនាគតរបស់់កូន បានមកពីការប្រព្រឹត្តក្នុងបច្ចុប្បន្ននេះ។

កូនស្រីម្ដាយ កូនកុំរំពឹងពីមិត្តភក្តិស្លាប់រស់ ថាគេនឹងស្មោះហើយល្អចំពោះកូនមិនប្រែប្រួល។ កូនត្រូវដឹងថា មនុស្សខ្លះចូលមកក្នុងជីវិតយើង ដើម្បីជាមេរៀនឱ្យយើងដឹងថា គួររើសមនុស្សបែបណាមកជាមិត្តជិតខ្លួន។ កូនត្រូវចាំថា ក្នុងពេលដែលងងឹតបំផុត សូម្បីតែស្រមោលខ្លួនកូនក៏មិននៅជិតកូនដែរ។

កូនស្រីម្ដាយ បើកូនមានបុរសដែលជាទីស្រឡាញ់ក្នុងជីវិត កុំស្រឡាញ់គេហួសពេក កុំទុកចិត្តគេហួសពេក កុំរំពឹងថាគេនឹងល្អចំពោះយើងមិនប្រែហួសពេក។ ពាក្យថា “ហួសពេក” ច្រើនតែផ្ដល់មកឲ្យកូនវិញនូវក្ដីអស់សង្ឃឹម។ កូនត្រូវចេះទុកចំណែកណាមួយ ដើម្បីជាការដាស់តឿនស្មារតីកូនជានិច្ចកាល។

កូនស្រីម្ដាយ រស់នៅដោយសប្បាយចិត្ត គឺរស់នៅដោយពេញចិត្តនូវអ្វីដែលខ្លួនមាន រៀនគិតមើលតែរឿងល្អៗ។ កូនកុំរំពឹងច្រើនពេកពីមនុស្សជុំវិញខ្លួនកូន និងកុំតាំងខ្លួនជាជនរងគ្រោះនៃគ្រប់បញ្ហា។ ជីវិតកូនជារបស់កូន សុភមង្គលកូន អាស្រ័យលើការគិតនិងការប្រព្រឹត្តរបស់កូន។ កូនកុំដាក់បន្ទុកនេះឬផ្ញើវាលើអ្នកណាទាំងអស់។ សូមកូនម្ដាយមានសុខភាពផ្លូវចិត្តដែលល្អនិងរឹងមាំដើម្បីប្រឈមនឹងបញ្ហាទាំងឡាយក្នុងជីវិត។

ពីម្ដាយម្នាក់

#រក្សាសិទ្ធដោយ
#sochivy

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

ថ្ងៃកំណើតកូនស្រីទី២របស់ម៉ាក់់


Flash back…..
ខែមករា ២០០៨….
ចូលដល់ខែទី ៩ហើយ ពោះម៉ាក់ធំដូចបាល់យ៉ូហ្កា គេងក៏ពិបាក ក្រោកក៏ពិបាក។
ព្រឹកនោះ ម៉ាក់ក្រោកពីគេងឡើងម៉ោងប្រហែលជិត៧ព្រឹក ម៉ាក់ចាប់ឈឺចង្កេះហើយក៏រាលមកឈឺដល់ពោះ។ ភ្លាមនោះម៉ាក់ដឹងភ្លាម ថាម៉ាក់ជិតបានជួបមុខកូនហើយ។ ម៉ាក់ប្រាប់ទៅប៉ាថា ម៉ាក់ចាប់ឈឺពោះហើយ តែមិនទាន់អីទេ យ៉ាងហោចណាស់ក៏ថ្ងៃត្រង់ដែរទើបឈឺខ្លាំង ប៉ាទៅធ្វើការសិនចុះ។ ម៉េចបានម៉ាក់ដឹងច្បាស់ ហើយមានអារម្មណ៍ហ្នឹងនរខ្លាំងម៉្លេះ? ព្រោះម៉ាក់មានបទពិសោធន៍ពេញទ្រូងពីកំណើតដានី និងបានមកពីការអានសៀវភៅ what to expect when you are expecting ទើបអាចប្រាប់ប៉ាកូនយ៉ាងសឿងបឿងបែបនេះបាន។ មុនពេលចេញទៅធ្វើការ គាត់ផ្ដាំថាពេលណាចាប់ឈឺពោះខ្លាំងហើយ ទូរស័ព្ទប្រាប់គាត់ គាត់នឹងមកវិញភ្លាម។ ដោយគ្មានអីធ្វើ ឈឺក៏ឈឺលេងៗ ម៉ាក់នៅគេងលេង មើលទូរទស្សន៍ និងលេងជាមួយបងកូនបាន។ កុងដែលនៅធ្វើការនៅពេទ្យ ក៏ចេះតែខលមកសួររឿយៗ ថាឈឺខ្លាំងឬនៅ?

រហូតដល់ថ្ងៃត្រង់ នៅតែមិនទាន់ឈឺខ្លាំង នៅលេងៗ។ លុះដល់ ល្ងាចម៉ោង ៥ ហើយពិនិត្យមើលទៅ ស្បូនបើកទើបតែបាន ២លេខ។ ហ៊ឺ!!!ម៉េចក៏យឺតម្ល៉េះ? ម៉ាក់នឹកថា តិចលោមកពីម៉ាក់ខ្ជិលពេកមិនព្រមដើរគិតតែពីដេកលេងទេដឹង?
គិតដូច្នេះហើយ ម៉ាក់នៅនឹកឃើញបទពិសោធន៍កាលកំណើតបងកូន។ ដោយខ្លាចឈឺពោះយូរដូចកាលនោះទៀត ម៉ាក់ក៏ចាប់ដើរជុំវិញផ្ទះ។ ដើរអស់ចិត្តអស់ចង់ឡើងហត់ ទើប ប៉ាកូនហៅមកញ៉ាំបបរមាន់ យកកម្លាំងសិន។ ម៉ាក់ប្រាប់ថាម៉ាក់បាយមិនចូលទេ ទើបប៉ាខំទៅទិញបបរមាន់ឱ្យម៉ាក់។ ប៉ុន្តែ មានទៅញ៉ាំចូលឯណា បានតែពីរបីម៉ាត់ចាប់ឈឺខ្លាំងបណ្ដោយ។ ម៉ោង៧និង៣០នាទី ម៉ាក់ក៏ទូរស័ព្ទប្រាប់មីងឱ្យគាត់បិទហាងមកទៅពេទ្យជាមួយជាមួយម៉ាក់ ( លើកនេះម៉ាម៉ាមិនបានទៅជាមួយទេព្រោះគាត់ត្រូវនៅមើលនាងបង)។ ម៉ោងជិត៨យប់ យើងក៏មកដល់ពេទ្យ ឆ្មបពិនិត្យទៅថាទើបបើកបាន៤ស.ម។ គេក៏ប្រាប់កុងថាឱ្យកុងទៅហូបបាយសិនទៅមិនទាន់កើតទេ ទាល់តែព្រឹកណោះ។ ម៉ាក់ចាប់ផ្ដើមមួម៉ៅហើយ នឹកថា “ព្រឹកឯណាទៅលោក ពេលនេះឈឺខ្លាំងៗហើយណឹង”។
គេពិភាក្សាគ្នាថាបើចង់ឆាប់អោយចាក់ Oxytocine ដើម្បីជួយកន្ត្រាក់ស្បូន។ តែម៉ាក់បានប្រាប់កុងរួចហើយថា ម៉ាក់រាងចាលនឹង Oxytocine នេះហើយ វាធ្វើអោយឈឺពោះបុកខ្លាំងៗអាក្រក់ណាស់។ កុងក៏ប្រាប់ សហសេវិកគាត់ថា ឱ្យទុកឱ្យឈឺកើតតាមដំណើរចុះ។
កុងក៏ត្រឡប់មកផ្ទះសិន ឯម៉ាក់ក៏ត្រូវប៉ាគ្រាហ៍ឱ្យប្រឹងដើរតាមរានហាលនៃអគារសម្ភពបន្តទៀត។ ម៉ាក់ដើររហូតដល់អស់កំលាំងដើរលែងរួច ទើបប៉ាកូនគ្រាហ៍ចូលសម្រាកលើគ្រែម្ដង។ មានអី… គ្រាន់តែខ្នងដល់ពូកចាប់ឈឺពោះយ៉ាងខ្លាំងដល់បែកទឹកភ្លោះ។ ប៉ាកូនឯហ្នោះ បីចូលបន្ទប់កើតសឹងតែមិនទាន់។ ឡើងលើគ្រែកើតកាលណា កូនក៏ចាប់ឱ្យម៉ាក់ឈឺប្រឹងតែ៣ដងគត់ កូននូ ក៏កើតចេញស្រែកយំភ្លាមង៉ាភ្លាម ដោយមិនចាំកុងត្រឡប់មកទាន់វិញទេ។

ក្រោយពេលឆ្មបជូតសំអាត ថ្លឹង និងចាក់ថ្នាំរួចរាល់ ម្ដាយមីងខ្ញុំក៏បីកូនយកមកឱ្យមើល។ គ្រប់ដៃគ្រប់ជើងមុខមាត់ក៏ស្អាតល្អ គ្មានចង់បានអ្វីលើសពីណឹងទៀតទេសំរាប់ម្ដាយម្នាក់នេះ។ កូនស្រីមាសម្ដាយ វិនាទីដែលម៉ាក់បានជួបកូនជាលើកទីមួយនោះ ជាវិនាទីដែលម៉ាក់មានសុភមង្គលជាទីបំផុត។ សូមឱ្យកូនស្រីម្ដាយធំធាត់ ក្លាយជាមនុស្ស រឹងមាំពូកែនិងប្រកបដោយចិត្តមេត្តា។

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

រឿងខ្លី ប្រពន្ធបងអើយ


ទីក្រុងបាងកក ដ៏មមារញឹកនាពេលព្រឹក….
ក្រោកពីគេងឡើង ខ្ញុំខលទៅលេងផ្ទះ ព្រោះនឹកកូនៗណាស់។ ខ្ញុំមកប្រជុំនៅបាងកកនេះ ៣ថ្ងៃហើយ។ រាល់ព្រឹក ពេលនៅផ្ទះខ្ញុំតែងដឹកកូនៗទៅសាលារៀន ប៉ុន្តែពេលខ្ញុំចេញមកធ្វើការនៅក្រៅស្រុកបែបនេះ ប្រពន្ធខ្ញុំជាអ្នកទទួលភារៈនេះ។
មរកត ប្រពន្ធខ្ញុំ នាងតែងនិយាយថា អាណិតកូន បើដាក់ឱ្យកូនជិះឡានសាលា ព្រោះទម្រាំគេដឹកដល់សាលា ឬពី សាលាមកផ្ទះ ប្រើពេលយូរណាស់ ក្មេងក្មាងនៅជិះក្នុងឡានឡើងរញ៉ៃ។ កូនៗដល់ផ្ទះ ក៏អស់កម្លាំងរលីង លែងចង់ធ្វើកិច្ចការសាលា។

សំឡេងសើចកក្អឹករបស់ស្រីតូចកូនពៅខ្ញុំ នាំឱ្យខ្ញុំនឹកផ្ទះជាខ្លាំង។ ភរិយាខ្ញុំតឿននាងពីក្រោយខ្នង ថាឱ្យឆាប់ញ៉ាំបបរបង្ហើយពីចាន ព្រោះដល់ម៉ោងទៅរៀនហើយ។
-បានហើយបង ឱ្យកូនញ៉ាំសិន ដល់ម៉ោងទៅរៀនហើយ អូនក៏ដល់ម៉ោងបើកហាងដែរ។ (ប្រពន្ធសម្លាញ់ខ្ញុំ តឿនខ្ញុំឱ្យដាក់ទូរស័ព្ទចុះ ឈប់នៅញ៉ែងញ៉ងជាមួយកូនពៅទៀត)
-បាយបាយណាស្រីតូច ប៉ាទៅប្រជុំហើយ។ ល្ងាចស្អែកប៉ាប៉ាទៅដល់ផ្ទះវិញហើយ។ កាដូកូនប៉ារៀបក្នុងវ៉ាលិសរួចហើយណា។ បាយបាយ អូនសម្លាញ់ ថើបប្រុសធំ ឱ្យប៉ាមួយផង។
-បាយប៉ា តូចស្រលាញ់ប៉ា
-ប៉ាស្រលាញ់កូនដែរ ថើបមួយកូនពៅ
-ជូបជូប ប៉ាប៉ា
ដាក់ទូរស័ព្ទចុះទាំងញញឹមញញែមសប្បាយចិត្តដែលបាននិយាយទូរស័ព្ទជាមួយកូនៗ។ ខ្ញុំរៀបងូតទឹក ហើយក៏ខ្ញុំចុះញ៉ាំអាហារពេលព្រឹកនៅជាន់ក្រោម។ សុធី ដែលជាជំនួយការរបស់ខ្ញុំ ចាំនៅក្រោមរួចស្រេច។ ញ៉ាំអាហារព្រឹករួច យើងក៏ឡើងទៅបន្ទប់ប្រជុំដែលនៅជាន់លើរបស់សណ្ឋាគារ។
អង្គុយពិភាក្សាជាមួយក្រុមការងារមកពីបណ្តាប្រទេសផ្សេងៗបានមួយសន្ទុះ ខ្ញុំចាប់ផ្ដើម ងងឹតមុខឈឹង ដួលត្មោលទៅក្រោយ។ ខ្ញុំឮសូរសំឡេងជំនួយការខ្ញុំស្រែកហៅឈ្មោះខ្ញុំល្វើយៗ។

“បងសែតៗ!! បងយ៉ាងម៉េចហើយ?? បងសែត!!! ដឹងខ្លួនឡើង”

ខ្ញុំបាត់ស្មារតី មិនដឹងជារយ:ពេលប៉ុន្មានទេ ដឹងខ្លួនឡើងវិញ ខ្ញុំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យទៅហើយ។ ខ្ញុំមិនបើកភ្នែក មិនអាចកម្រើកខ្លួនបាន តែត្រចៀកខ្ញុំឮ។ ខ្ញុំឮពេទ្យពិភាក្សាគ្នាឈូឆរ។ ពេទ្យប្រាប់ សុធីជំនួយការខ្ញុំថា ថ្លើមខ្ញុំក្រិន ហើយមានដុំសាច់មហារីកមួយធំ ឈានដល់ដំណាក់កាលចុងក្រោយ មិនអាចវះកាត់បានទៀត។ ខ្លាញ់ក្នុងសរសៃឈាមកើនច្រើន ធ្វើឱ្យស្ទះនៅខួរក្បាល។ ភាគរយនៃការសង្គ្រោះមានតិចណាស់ ទោះជាជួយបានផ្នែកខួរក្បាល ក៏ថ្លើមខ្ញុំពិបាកសង្គ្រោះ។

ពុទ្ធោ!! ពេទ្យកំពុងប្រាប់ពីថ្ងៃកំណត់អាយុជីវិតដែលខ្ញុំនៅសេសសល់។ ពេលនេះ ពាក្យដាស់តឿនដែលប្រពន្ធខ្ញុំធ្លាប់និយាយបន្ទោសបានលោតចេញមកត្រដែតនៅនឹងមុខខ្ញុំ។
…….

-បង បងផឹកស្រវឹងរាល់ថ្ងៃបែបនេះ មិនល្អទេបង ប៉ះពាល់សុខភាពណាស់។ (ប្រពន្ធខ្ញុំដាស់តឿនខ្ញុំ នៅពេលខ្ញុំចូលផ្ទះធុំក្លិនស្រា)
-អូនហា បងដើរផឹក មិនអត់ប្រយោជន៍ទេ។ ពួកម៉ាកបងគេអ្នកធ្វើការធំដុំ បងកំពុងសាងទំនាក់ទំនងល្អជាមួយពួកគេ។ ម៉្យាងទៀត ពេលខ្លះមេបងក៏ហៅទៅ គេជួបគ្នា គេនិយាយការងារចុះសម្រុងពេលហ្នឹងដែរ។ អូនគិតមើល បងខំរាល់ថ្ងៃ ដើម្បីអ្នកណា មិនដើម្បីអូនសម្លាញ់និងកូនៗទេ?
-តែបងឯង ផឹកមិនស្វាងសោះហើយ គ្មានពេលឱ្យប្រពន្ធកូនទេបងឯងនេះ
-កុំរអ៊ូមើលសំណព្វចិត្ត “ម៉ែថាបើផឹក សូមកុំឱ្យតែបងមានស្រី”
-បងឯងតែអ៊ីចឹង ផឹកៗមិនដែលស្វាង។ ចាំមើលតែឈឺដឹងខ្លួនហើយ។
ខ្ញុំមិនតបត ថើបថ្ពាល់ក្រអូបរបស់នាងមួយខ្សឺត រួចផ្ដេកនាងទៅលើពូក…

ប្រពន្ធខ្ញុំឃាត់ខ្ញុំមិនដែលឈ្នះទេ ព្រោះខ្ញុំប្រសព្វលួងលោមនាងណាស់។
ខ្ញុំចូលចិត្តការសប្បាយ ផឹកស៊ីអឺងកងក៏ពិតមែន តែខ្ញុំស្រលាញ់ប្រពន្ធកូនខ្ញុំណាស់។ សៅរ៍អាទិត្យ បើនាងចង់ទៅណាខ្ញុំក៏ជូនទៅ។ បើនាងមិនចង់ទេ ទើបខ្ញុំនឹងចេញមកផឹកស៊ីជាមួយមិត្តភិក្ត។
ខ្ញុំចូលចិត្តបរិយាកាសលើកកែវជល់ ខ្ញុំចូលចិត្តសំណើចក្អាកក្អាយជាមួយមិត្តភក្តិ ខ្ញុំគិតថា ខ្ញុំសប្បាយទាន់ខ្លួននៅក្មេងមានកម្លាំង។ ស្រាក្រហម១ដប ឬស្របៀរមួយថូពីរថូ ខ្ញុំផឹកតែម្នាក់ឯងមិនស្រវឹងទេ ពួកម៉ាកខ្ញុំសរសើរថាខ្ញុំនេះផឹកស៊ូណាស់។ បើផឹកជុំគ្នា ពួកវាដួលអស់ នៅតែខ្ញុំទេដែលនៅមានស្មារតីបើកឡានមកផ្ទះវិញបាន។
ខ្ញុំចាប់ផ្តើមចេះផឹក នៅពេលដែលខ្ញុំចូលធ្វើការ។ នៅកន្លែងការងារ បើយើងមិនចេះផឹក គឺមិនអាចចូលចំណោមគេចុះបានទេ។ យើងត្រូវចេះផឹក ចេះយកចិត្តមេ ចេះនាំមេទៅកន្លែងសប្បាយៗ នោះទើបងាយបានឡើងបុណ្យស័ក្តិ ហើយគេមានការងារល្អៗ បានលុយ គេនឹកឃើញដល់យើង។
រហូតមកដល់ពេលនេះ ខ្ញុំឡើងឋាន:ជាមេគេហើយ ខ្ញុំក៏អនុវត្តចំពោះកូនចៅក្រោមបង្គាប់ខ្ញុំ មិនខុសពីមេខ្ញុំចាស់ៗដែរ។ បើអ្នកណាទុយមុយ មិនចេះលើកដាច់ មិនចេះជល់កែវ មិនចេះនាំមេទៅកន្លែងសប្បាយៗ ខ្ញុំទុកវានៅកៀនជញ្ជាំង។ ១ថ្ងៃៗឱ្យវាធ្វើការកំប៉ិកកំប៉ុកកំដររោងបានហើយ។ បើអ្នកណាចេះហើយប្រសព្វយកចិត្តខ្ញុំ អ្នកនោះល្អ អ្នកនោះត្រូវជានិច្ច។

ប៉ុន្តែ ខ្ញុំតែងតែជាស្វាមីល្អជានិច្ច ជួយមើលកូន ជួយជូនកូនទៅសាលារៀន លើកលែងតែរឿងផឹកនេះមួយ ដែលខ្ញុំដូរមិនបាន។ ជាពិសេសខ្ញុំចេះលួងលោមយកចិត្តប្រពន្ធខ្ញុំណាស់ ធ្វើឱ្យនាងរកខឹងខ្ញុំ នឹងរឿងផឹកស៊ីនេះមិនកើតទេ។
កូនខ្ញុំទាំង២ ជាក្មេងគួរឱ្យស្រលាញ់ណាស់។ កូនខ្ញុំទាំង២នាក់ គេស្និទ្ធស្នាលជាមួយខ្ញុំណាស់។ ប្រុសធំអាយុ៨ឆ្នាំ និងស្រីតូចអាយុ៥ឆ្នាំ។ កូនស្រីតូចរបស់ខ្ញុំនៅតូចញ៉ិកញ៉ក់ណាស់។ កូនទាំង២ជាកែវភ្នែករបស់ខ្ញុំ។ ពួកគេចង់បានអ្វីក៏ដោយ ឱ្យតែលួងលោមខ្ញុំតែបន្តិច បេះដូងឪពុកម្នាក់នេះ ច្បាស់ជារលាយអស់ហើយ។ ទោះបីជាកូន ចង់បានព្រះចន្ទនៅលើមេឃ បើខ្ញុំអាចឡើងទៅបេះយកមកបាន ខ្ញុំពិតជាទៅ។

…..
ប៉ុន្តែ ពេលនេះក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់កំពុង
តែនាំគ្នា កំណត់អាយុរបស់ខ្ញុំហើយ។

គ្រូពេទ្យនិយាយពន្យល់សុធី ជំនួយការរបស់ខ្ញុំពីស្ថានភាពជំងឺខ្ញុំពេលនេះ។ គឺស្រាដែលជាហេតុនាំឱ្យខ្ញុំ ឈានមកដល់ចំណុចនេះ។ គ្រូពេទ្យនិយាយថា ការផឹកសុរា រៀងរាល់ថ្ងៃ ជាង១០ឆ្នាំមកនេះ គឺខ្ញុំបានសន្សំជាតិពុលឱ្យថ្លើមខ្ញុំជារៀងរាល់ថ្ងៃដែរ។ ថ្លើមរបស់ខ្ញុំដែលមិនអាចធន់នឹងសារធាតុពុលនេះក៏កើតជាក្រិន។ ការក្រិនថ្លើមដោយសារសុរា បានធ្វើឱ្យមានដុំសាច់ក្នុងថ្លើម។ ពេលនេះ វាឈានដល់ដំណាក់កាលចុងក្រោយហើយ។

ទេ!!! ខ្ញុំមានបានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែស្វែងរកការសប្បាយសម្រាប់ជីវិតប៉ុណ្ណោះ ហេតុអ្វីបានជាគ្រូពេទ្យនេះមានសិទ្ធិមកវាស់វែងអាយុខ្ញុំថាមិនអាចសង្គ្រោះបាន? ចុះពួកម៉ាកខ្ញុំ ដែលផឹកស្រាសប្បាយជាមួយគ្នារាល់ពេលនោះ ម៉េចក៏មិនមានឃើញកើតអីផង? ហេតុអ្វីបានជាជំងឺចង្រៃនេះ កើតមកលើខ្ញុំតែម្នាក់ឯង? មិនពិតទេៗ!!!

គ្រូពេទ្យ ប្រាប់សុធីឱ្យជូនដំណឹងទៅ គ្រួសារខ្ញុំ។ គេមានជំរើសឱ្យយើង គឺ គេអាចដឹកខ្ញុំតាម យន្តហោះពិសេសរបស់ពេទ្យ ទាំងខ្ញុំនៅមានដង្ហើម ដើម្បីមកស្លាប់នៅឯស្រុកយើង ឬមួយទុកនៅព្យាបាលរង់ចាំថ្ងៃខ្ញុំផុតនៅបាងកកនេះ រួចសឹមដឹកសពត្រឡប់មកធ្វើបុណ្យ។

ពុទ្ធោ!! តើមរកតប្រពន្ធខ្ញុំនាងនឹងស្លុតចិត្តយ៉ាងណាពេលដែលសុធីខលប្រាប់នាងបែបនេះ? ប្រពន្ធសម្លាញ់អើយ! កូនយើងនៅតូចៗណាស់ តើអូននឹងប្រាប់គេបែបណាទៅ?
ប្រពន្ធកំសត់អើយ តើអូននឹងឡើងមកបាងកកដើម្បីទទួលបងតែម្នាក់ឯងឬយ៉ាងណា? បានអ្នកណាជាស្មាឱ្យអូនកើយពេលអូននឿយហត់? ប្រពន្ធសម្លាញ់អើយ បានអ្នកណាជួយជូតទឹកភ្នែកអូន? បានអ្នកណាលួងលោមអូនពេលគេដឹកបងទៅផ្ទះយើង?

ទេៗ!!! ខ្ញុំមិនទាន់ចង់ស្លាប់ទេ! ទេវតាជួយខ្ញុំផង កូនខ្ញុំនៅតូចៗណាស់! អាចទេ ខ្ញុំសុំពេលតែ១០ឆ្នាំទៀតប៉ុណ្ណោះ? មេត្តាផងចុះ បើមិនបាន១០ឆ្នាំ ខ្ញុំសូមតែ៥ឆ្នាំប៉ុណ្ណោះ យ៉ាងហោចណាស់ ខ្ញុំសុំនៅមើលប្រុសធំរបស់ខ្ញុំ ចូលរៀនត្រឹមអនុវិទ្យាល័យក៏បានដែរ។ ទេវតាអើយ ទេវតា!

ខ្ញុំរង់ចាំប្រពន្ធខ្ញុំនៅបន្ទប់ ICU។ គ្រូពេទ្យចេញចូលៗថែទាំនិងពិនិត្យ ស្ថានភាពខ្ញុំមិនឈប់ឈរ។ ខ្ញុំអន្ទះសា រង់ចាំការមកដល់របស់ប្រពន្ធខ្ញុំ។
មរកតមកដល់ហើយ!! នាងដើរចូលមកដោយជើងស្រាលស្ងើក នាងយំខ្សឹកខ្សួលស្ងាត់ៗ ប្រហែលជាខ្លាចឮដល់ខ្ញុំ។ នាងស្រវាចាប់ដៃខ្ញុំ នាងមិននិយាយអ្វីទាំងអស់។ នាងយំៗ មិនដឹងថានាងយំយូរប៉ុណ្ណាទេ? ខ្ញុំដែលមានតែសម្បកខ្លួន មិនអាចបើកភ្នែក មិនអាចនិយាយ មិនអាចកម្រើកដៃទៅលួងលោមនាងបានទេ។
ទីបំផុត ក្រោយពេលយំអស់ពេលយ៉ាងយូរមក មរកតក៏និយាយឡើងទាំងក្ងួរចុងច្រមុះ។

-តោះបង! ទៅផ្ទះយើងវិញណា! កូនយើងនៅរង់ចាំ ណាបងណា!
នាងទន្ទេញពាក្យដដែលៗបីដង ហាក់ប្រឹងដាស់ហៅខ្ញុំឱ្យខិតខំទៅតាមសម្បកខ្លួនមួយនេះ។

ប្រពន្ធបងអើយ! ថែខ្លួន មើលកូនយើងផង។ អូនប្រាប់ប្រុសធំផង ធំឡើងធ្វើជាកូនល្អ ការពារប្អូន ការពារម៉ាក់ កុំសេពគប់សុរាឱ្យសោះ។

ប្រពន្ធបងអើយ! អូនប្រាប់ស្រីតូចផង ថាប៉ាមិនបាននៅមើលកូនដល់កូនធំពេញវ័យអាចរើសគូជីវិតទេ។ បើកូនរើសគូជីវិត កូនកុំយកបុរសណាយកសុរាជាការសប្បាយណាកូនតូចរបស់ប៉ា។

ប្រពន្ធបងអើយ! ប្ដីសុំទោស! បើមានជាតិក្រោយ ប្ដីនឹងសងកំហុសនេះឱ្យអូនវិញ។
_____________
សរសេរចប់ម៉ោង ១រសៀលថ្ងៃ 05/12/2020
សារនៃរឿង÷ “ពេលអ្នកចង់ផឹកស្រា អ្នកមានជម្រើស២គឺ ស្រាឬសុខភាព?”

#រក្សាសិទ្ធិ ដោយ #sochivy

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

រឿងខ្លី ដើម្បីអូន


រឿងនេះ ខ្ញុំធ្លាប់សរសេរបង្ហោះលើប្លុកនេះកាលឆ្នាំ២០១២។ កាលនោះ ខ្ញុំសរសេរលេងៗខ្លីៗទេ មិនណែងណងអីនោះទេ។ ពេលនេះ ខ្ញុំបានកែសម្រួល បង្ហោះសាជាថ្មី សង្ឃឹមថា អ្នកអានរបស់ខ្ញុំនឹងពេញចិត្ត

ល្ងាចថ្ងៃនេះក៏ដូចជាល្ងាចណាដែរ ខ្ញុំត្រឡប់មកពីធ្វើការវិញទាំងអារម្មណ៍ហត់នឿយ គ្រាន់តែចូលដល់មាត់ទ្វារផ្ទះ ខ្ញុំឮសំរែកកូនទាំងពីរនាក់របស់ខ្ញុំចេចចាច។ តាមមើល ពិតជាប្រកែកគ្នារឿងអីទៀតហើយ។ ចូលដល់ក្នុងផ្ទះភ្លាម ងងឹតមុខឈឹង ឃើញបន្ទប់ទទួលភ្ញៀវរាយប៉ាយសុទ្ធតែឥវ៉ាន់លេងរបស់ពួកគេ ។
គ្រាន់តែឃើញខ្ញុំភ្លាម កូនប្រុសពៅរបស់ខ្ញុំ អាយុ៥ឆុ្នាំរត់មកប្ដឹងភ្លែត។
-ប៊យ: ម៉ាក់អើយ បងនីនញ៉ឹងត្រចៀកអូនហ៎ក!
កូននីន កូនស្រីច្បងរបស់ខ្ញុំមើលមកមុខខ្ញុំមិននិយាយអ្វីទាំងអស់ហាក់ដឹងកំហុស។ គេអាយុ១០ឆ្នាំហើយ ចាស់ទុំលើសអាយុក្មេងរបស់គេ។ គេអាចជួយមើលប្អូនបាន កាលណាខ្ញុំរវល់។ កូនម្នាក់នេះកាត់មកខ្ញុំ ដែលមិនសូវនិយាយស្ដីអត់ប្រយោជន៍ច្រើន។ ខ្ញុំយល់ចិត្តភ្លាមថា មនុស្សមានហេតុផលដូចកូននីន នឹងមិនមែណចេះតែវាយប្អូនទេ។

ខ្ញុំក៏សួរកូនប៊យថា៖
-ចុះម៉េចបានជាបងនីនធ្វើចឹងដាក់កូន?អូនចង់មើលសៀវភៅអ្នកបង តែអ្នកបងអត់អោយអូនមើលទេ…
-ហើយអូនធ្វើម៉េចទៀត?

-អូនទាញ ហើយសៀវភៅក៏រហែក…
-អញ្ចឹង កូនខុសទេ
ប៊យអោនមុខចុះ ងក់ក្បាលតិចៗ ដោយដឹងកំហុសរួចក៏ដើរទៅសុំទោសបងគេ។ ខ្ញុំងាកមកនិយាយនឹងកូនស្រីម្ដង។
-បើប្អូនធ្វើខុស កូនកុំប្រើដៃជើង ខ្លាចជ្រុលដៃណាកូន
-ចាសម៉ាក់ តែអាអូនរឹងណាស់និយាយមិនស្ដាប់សោះ
ជីវិតម៉ាក់ម្នាក់នេះ មកដល់ផ្ទះពេលណា ថ្ងៃណា ក៏ត្រូវធ្វើជាតុលាការចាំកាត់ក្ដីជម្លោះពីរនាក់បងប្អូនគេនេះដែរ។
ខ្ញុំផ្លាស់សំលៀកបំពាក់រួច ខ្ញុំប្រញាប់ដៃជើងចូលទៅផ្ទះបាយចំអិនម្ហូបអោយកូនៗ និងចាំប៉ាគេមក នឹងអាលញ៉ាំបាយជុំគ្នា។ ម៉ោង៧ហើយ បាយម្ហូបឆ្អិនហើយ ប៉ុន្តែនៅមិនទាន់ឃើញស្វាមីខ្ញុំមកដល់ផ្ទះទៀត។ តាមចំណាំ រាល់តែល្ងាចថ្ងៃសុក្រ គាត់មិនសូវមកបាយល្ងាចនៅផ្ទះទេ ហើយក៏មិនខ្ចីរវល់ទូរស័ព្ទមកប្រាប់ប្រពន្ធដែរ។ ខ្ញុំហាក់ស៊ាំនឹងស្ថានភាព ជីវភាពសព្វថ្ងៃនេះហើយ ក៏លែងចង់ខលទៅសួរដែរ ព្រោះសួរទៅក៏បានតែពាក្យដដែលៗថា”បងនៅជាមួយពួកម៉ាក”។
រៀបចំបាយទឹកកូនហើយ កូនស្រីច្បងខ្ញុំគេជួយជញ្ជូនចានឆ្នាំងទៅទុកដាក់រៀបចំទុកដាក់។ យើងបីនាក់ម៉ែកូន អង្គុយមើលទូរទស្សន៍បន្តិច។ ខ្ញុំឆ្លៀតជជែក សួរនាំកូនៗពីសកម្មភាព សាលារបស់ពួកគេ រួចទើបនាំកូនៗអោយចូលគេង។

“យីចុះលោកប្ដីខ្ញុំមិនគិតប្រាប់បន្តិចទេឬអី ថាវិលចូលទ្រនំម៉ោងណា?”
ខ្ញុំមើលទូរទស្សន៍បណ្ដើរ អ៊ុតខោអាវបណ្ដើរ ភ្នែកខ្ញុំឆ្លៀតរំពៃមើលនាឡិកានៅព្យួរជញ្ជាំង។ ម៉ោងជិត១១យប់ហើយ ប្ដីខ្ញុំនៅមិនទាន់មកដល់ផ្ទះទៀត។ អារម្មណ៍លែងនៅនឹងខ្លួនហើយ លែងខឹងទៅជាបារម្ភម្ដង កំពុងរកទូរស័ព្ទចុចខលទៅសួរប្ដី ថាមកវិញឬនៅ។ ពេលនោះ មិនទាន់ទាំងបានចុចផង ស្រាប់តែមានលេខប្លែកខលចូលទូរស័ព្ទខ្ញុំ។
ឱ! ចិត្តជាប្រពន្ធម្នាក់ ក្នុងទ្រូងខ្ញុំញ័រភ័យចម្លែក។ យប់ថ្មើរនេះមានលេខប្លែកខលចូល! បេះដូងលោតសឹងធ្លាយទ្រូង។
“តិចលោមានរឿងអីទេដឹង?!” គ្រាន់តែគិតប៉ុណ្ណេះ ខ្ញុំលែងចង់ទទួលទូរស័ព្ទហើយ ខ្ញុំយកដៃឱបទ្រូងទប់អារម្មណ៍ឱ្យស្ងប់ ទើបដាច់ចិត្តចុចទទួល។ជម្រាបសួរ! ខ្ញុំវណ្ណីនិយាយ
ខ្ញុំឮសំឡេងមនុស្សស្រីឆ្លើយ ហើយសួររកអ្នកណាក៏មិនដឹង ទើបខ្ញុំប្រាប់ថា ច្រឡំលេខហើយ។
ឱ! ព្រលឹងបួនដប់សព្វគ្រប់អើយ ចូលមកវិញមក។
ខ្ញុំចុចខលទៅប្ដីម្ដងទៀត ម្ដងនេះខលចូលបងរ៉េតមែនទែនហើយ។

អាឡូបង! បងនៅឯណាហ្នឹង? ពេលណាបានបងមកផ្ទះ?
សំឡេងប្ដីខ្ញុំឆ្លើយបែបក្ងួរបន្តិចផង ពិតជាស្រវឹងទន់ខ្លួនទៀតហើយតាប៉ិហ្នឹង។

អាឡូ!
គាត់លើកទូរស័ព្ទឆ្លើយ ហើយស្រែកឱ្យមិត្តគាត់…

-អាពួកម៉ាក ឈប់មាត់សិន ប្រពន្ធអញខលមក។ អាឡូ! អូនសម្លាញ់ បងនៅជាមួយអាសែតនិងអាធឿន បន្តិចតិចទៀតបងទៅវិញហើយណា ចាំបើកទ្វារអោយបងចូលផង បងអត់មានយកសោផ្ទះមកតាមទេ។ បាយបិទអូនសម្លាញ់”


ដាក់ទូរស័ព្ទចុះ ខ្ញុំអង្គុយបង្ហើយរបាយកាណ៍ដែលសល់ពីការិយាល័យ។ ក្រលេកមើលម៉ោង១២អាធ្រាតហើយ លោកប្ដីអើយស្រវឹងផង មិនដឹងទៅដល់ណាទេ។ អារម្មណ៍ដែលរង់ចាំ ថាខឹងនឹងប្ដីលែងខឹងហើយ បែរជានឹកតូចចិត្តនឹងខ្លួនឯង ថាប្ដីមិនសូវនៅជិត ចូលចិត្តតែ ទៅបាយខាងក្រៅអឺងកងជាមួយពួកម៉ាកអោយសឹងតែរាល់ល្ងាចបែបនេះ។
មួយសន្ទុះក្រោយមក ខ្ញុំឮសូរសំលេងឡានខាងមុខរបងផ្ទះ ពិតជាគាត់មកដល់ហើយ។ ខ្ញុំបើកទ្វារអោយគាត់ចូលតាមទំលាប់ដោយមិនមាត់សួរនាំអោយភ្ញាក់កូនៗទេ គាត់ក៏មិនបានប្រាប់ថាទៅណាខ្លះដែរ។ យើងនាំគ្នាចូលគេង ខ្ញុំប្រឹងសំងំគេងទាំងអារម្មណ៍ធុញថប់ ភ្នែកបិទ តែខួរក្បាលនេះមិនសំរាកសោះ ចេះតែគិតវែងឆ្ងាយ។
ខ្ញុំនឹកក្នុងចិត្តតែម្នាក់ឯង “ប្ដីអើយ បងមានដែលគិតដល់អារម្មណ៍អូនដែលនៅចាំនៅផ្ទះទេ បងមានដែលគិតថា អូននិងកូនៗក៏ត្រូវការបងនៅរស់ជិត ញ៉ាំបាយជុំគ្នា អង្គុយលេងមើលទូរទស្សន៍ជាមួយគ្នា ជួយកូនៗធ្វើកិច្ចការសាលា ដូចជាគ្រួសារគេឯទៀតដែរ អូនក៏ដូចជាស្រីឯទៀតដែរ មានប្ដីពិតជាចង់អោយប្ដីនៅក្បែរ ឬបងមិនយល់ថា សុភមង្គលកើតចេញពីការរួមរស់នៅជាគ្រួសារមួយ សាងក្ដីស្រម៉ៃរួមគ្នា ចំណាយពេលវេលាជាមួយគ្នា នេះជាសុភមង្គលដែលអូននិងកូនៗប្រាថ្នាចង់បាន។”
ប៉ុន្តែ រាល់លើកពេលដែលខ្ញុំលើកយករឿងនេះមកនិយាយជាមួយគាត់ គាត់ក៏តែងតបមកខ្ញុំវិញឡើង ធូរល្ហុយ។

-អូនថាទៅមើល បងប្រឹងរកលុយ ធ្វើការសព្វថ្ងៃនេះគឺដើម្បីនរណា មិនគឺដើម្បីអូននិងកូនៗទេឬ? បងធ្វើការច្រើន បងហត់ណាស់ បងចង់ដើរលេងនឹងពួកម៉ាកបងខ្លះៗ បើអោយបងនៅតែជាមួយកូនៗដ៏មហារពឹស បងពិតជាឆ្កួតមិនខានទេ ម្យ៉ាងបងដើរមិនអត់ប្រយោជន៍ទេណាម៉ាក់វា ពួកម៉ាកបង គេមានជំនួញ យើងស្ដាប់គេមើលបើកន្លែងណាចំណេញ យើងរកជាមួយគេដែរទៅ ឃើញទេ បងរកលុយដើម្បីតែអូននិងកូននេះឯង
-ចុះបងគិតឬថាអូននិងកូនៗត្រូវការតែលុយប៉ណ្ណេះទេឬ បងមានដែលដឹងថាអូនចង់បានអ្វីទេ លុយមិនអាចទិញសុភមង្គលនិងពេលវេលាស្និទ្ធស្នាលរបស់គ្រួសារយើងបានទេ។អូនឯងនិយាយចឹងចេះតែបាន សៅរ៍អាទិត្យ បងតែងទុកពេលទុកឱ្យអូនឯងតើ ចង់ដើរទៅណាបងជូនទៅ បងមិនដែលថាទេឯណា?
-ខ្ញុំខ្លាចថា ពេលបងញ៉ាំស្រាស្រវឹងអញ្ចឹង នឹងនាំជាគំរូមិនល្អដល់កូនយើងទេណាបង។ បងថាទៅមើល
កូនស្រីប្រុសយើងនឹងធំធាត់ឡើងស៊ាំជាមួយនឹងទិដ្ឋភាពដែលឪពុកស្រវឹងស្រាជោគជាំ។ ជាពិសេសកូនស្រីយើង គេនឹងយល់ថាមនុស្សប្រុសផឹកស៊ីស្រវឹងជារឿងធម្មតា គេនឹងមិនអាចបែងចែកបានថាមនុស្សប្រុសណាដែលល្អ ដែលគេអាចផ្ញើជីវិតបាននៅពេលដែលគេធំពេញវ័យ ឯកូនប្រុសយើងនឹងគិតថា មនុស្សប្រុសអោយតែធំឡើងអាចញ៉ាំស្រាស្រវឹងទ្រេតទ្រោតបាន គ្មានឃើញអីចំឡែកផង។
-អូនអើយ បងមិនដែលស្រវឹងអោយកូនឃើញទេ អូនឯងកុំវែងឆ្ងាយអី ម្យ៉ាងកុំទាន់ឃាត់បងអី បងសប្បាយទាន់ខ្លួននៅក្មេងណា ម៉ាក់វា”
តាំងពីថ្ងៃដែលឮតែសំដីគាត់សប្បាយទាន់ខ្លួននៅក្មេងនោះមកប៉ុណ្ណេះ ខ្ញុំលែងជជែកនឹងគាត់ទៀត។
ពេលនេះ ខ្ញុំដេកបិទភ្នែកឈ្លោះនឹងអារម្មណ៍ខ្លួនឯង “លោកប្ដីអើយ បើបងមិនគិតពីអូននិងគ្រួសារ ក៏បងគួរគិតពីសុខភាពនិងសុវត្ថិភាពបងដែរ។ ឥឡូវនេះបងនៅសុខភាពល្អ ចុះពេលបន្តិចទៀតនោះ នៅពេលដែលថ្លើម ក្រពះ ពោះវៀនបង វាលែងស៊ូបាននឹងជាតិអាល់កុលដែលចូលរាល់ថ្ងៃនោះ សុខភាពបងនឹងទ្រុឌទ្រោមមិនខានទេ”
ប៉ុន្មានថ្ងៃក្រោយមក….
ថ្ងៃនេះ ប្លែកខុសធម្មតា បងរ៉េត ត្រឡប់មកផ្ទះ ពីក្បាលល្ងាច ទឹកមុខគាត់ធ្ងន់ពាប់។ ខ្ញុំដឹងថា ស្វាមីពិតជាមានរឿងអ្វីមិនសប្បាយចិត្តហើយ។ ខ្ញុំចាក់ទឹកមួយកែវយកទៅឱ្យគាត់។ ទទួលទឹកពីដៃខ្ញុំហើយ គាត់ផឹកមួយក្រេប។
-អូន! ស្លៀកពាក់កាន់ទុក្ខមក ដើម្បីទៅបុណ្យសពធឿន
-ធឿន!!? បងធឿនពួកម៉ាកបង ថៅកែបោះដុំប៊ីយែរហ្នឹងឬបង?”
-ហ្នឹងហើយអូន វាស្លាប់ហើយ យប់មិញ គ្រោះថ្នាក់នៅពេលវាចេញពីស៊ីផឹកជាមួយអាសែត។
-ពុទ្ធោ!!! ព្រះជួយ
ទៅដល់រោងបុណ្យ យើងបានដឹងថា ធឿនបានទៅស៊ីផឹក ចេញពីហាងមក គាត់ក៏បន្តទៅតង់ទី២ចូលការ៉ាអូខេហើយស្រវឹងឡើងដាប នៅចចេសបើកឡានត្រឡប់មកផ្ទះខ្លួនឯងទៀត។ គេបើកគេចនឹងស្អីក៏មិនដឹង រួចក្រឡាប់ឡាន ហើយទៅបុកនឹងសន្តិសុខម្នាក់ដែលអង្គុយយាមមុខហាងមួយ ទើបឡានវិលប៉ះនឹងសរសរដងគោម។ ក្រៅពីបង្ករគ្រោះថ្នាក់ដល់ខ្លួនឯងហើយ នៅបង្ករឱ្យពូសន្តិសុខដែលអត់ដឹងអីសោះនោះរបួសធ្ងន់ទៀត។
ក្រោយត្រឡប់មកពីរោងបុណ្យសពវិញ បងរ៉េត ស្រងូតស្រងាត់ បាត់មាត់បាត់ក អាណិតពួកម៉ាកគាត់។ ខ្ញុំព្យាយាមលួងលោមនិងអង្វរប្ដីឱ្យបន្ថយការផឹកស៊ី។

បង! អូនពិតជាបារម្ភណាស់ រាល់ពេលបងទៅជួបជុំពួកម៉ាកបង។ នៅពេលដែលបងបើកឡានត្រឡប់មកផ្ទះវិញទាំងខ្លួនស្រវឹង អូនភ័យអូនព្រួយណាស់។ អូននឹងបានធូរចិត្តតែនៅពេលណាបងបានមកដល់ផ្ទះប៉ុណ្ណោះ។ សូមបងបន្ថយការផឹករហូតដល់ស្រវឹងដាបៗដូចមុនតើបានទេ?

អូនកុំនិយាយផ្ដេសផ្ដាសមើល បងមិនដែលស្រវឹងដល់លែងដឹងខ្លួនទេ បងផឹកបងដឹងតើ
-បងមិនដឹងទេថាអូននៅផ្ទះរង់ចាំបង អូនតែងបន់ស្រន់នៅក្នុងចិត្តសុំអោយបងត្រឡប់មកផ្ទះដោយសុវត្ថិភាព។ អូនបារម្ភណាស់។ ដើម្បីអូននិងកូន បងអាចកាត់បន្ថយការផឹកស៊ីបានទេ?
បងរ៉េត មិនឆ្លើយ។ គាត់ក៏ងើបទៅងូតទឹកបាត់ទៅ។
ព្រឹកថ្ងៃថ្មី បងរ៉េតក្រោកពីគេងយឺតជាងធម្មតា។ ខ្ញុំរៀបចំដាំបបរព្រឹកនិងដាស់កូនងូតទឹករួចហើយ គាត់នៅមិនទាន់ចុះមកផ្ទះបាយជាន់ក្រោមនៅឡើយទេ។ ប្លែកមែន ខ្ញុំឡើងទៅមើលបន្ទប់ដេក ឃើញគាត់នៅគេងនៅឡើយ
-បងរ៉េត ម៉េចហ្នឹង? មិនទៅធ្វើការទេ?
-បងឈឺជើង ឡើងហើម ដើរមិនរួចទេ
-មើល! អឹស ឡើងក្រហមរោល? បងដើររួចទេ?
-រួចតែវាឈឺស្រកៀរ អស់ហើយ
-មក បងក្រោកមក ខ្ញុំជូនទៅពេទ្យ
-បងខលប្រាប់កន្លែងបងធ្វើការសិន
ក្រោយដឹកកូនដាក់សាលារៀនហើយ ខ្ញុំក៏ប្រញាប់ជូនគាត់ទៅពេទ្យ។ ពេទ្យពិនិត្យឈាម និងឱ្យយើងរង់ចាំយកលទ្ធផលពីរម៉ោងក្រោយ។ លទ្ធផលចេញមក បងរ៉េតលើសជាតិអាស៊ីត ពេទ្យថាបណ្ដាលមកពីការហូបសាច់ច្រើន និងការផឹកស្រា។ ពេទ្យឱ្យថ្នាំបញ្ចុះជាតិអាស៊ីត ថ្នាំបន្ថយការឈឺចាប់ខ្លះ។ គេឱ្យគាត់ បញ្ឈប់ការផឹកស្រានិងកាត់បន្ថយញ៉ាំសាច់។
នៅតាមផ្លូវត្រឡប់មកផ្ទះវិញ ដោយសារឥទ្ធិពលថ្នាំ ជើងបងរ៉េត ក៏បានអន់ឈឺ។ ខ្ញុំព្យាយាមនិយាយនិងលួងលោមប្ដីបន្តទៀត។

-បង! អូនសុំចិត្តបង សូមបងបោះបង់ការផឹកស៊ីនោះចោលទៅបង។
បងរ៉េតនៅស្ងៀម មិនស្រដីតប។ ខ្ញុំក៏និយាយបន្តទៀត។
-បងដឹងទេ ពេលបងឈឺ អ្នកដែលឈឺជាងបងទៅទៀតគឺជាអូន គឺអូនឈឺចិត្ត ដែលមិនអាចនិយាយលួងលោមប្ដីអូនអោយបោះបង់សុរាបាន។ ឬបងភ្លេចថាយើងមានកូន២នាក់ដែលតែងតែត្រូវការប៉ាជានិច្ចនោះ?
-ពេលខ្លះ យើងមិនផឹក ចូលក្រុមគេមិនចុះទេអូន។ បងធ្វើការងារ មានមេមានកើយ បើគេបបួល ហើយយើងប្រកែកញយៗ គេនឹងសំគាល់ថាយើងខុសគេ ចូលគេមិនចុះទេអូន។

-បង កុំគិតដូច្នេះ។ មនុស្សមានសមត្ថភាព ដូចបង ចេះបត់បែនយ៉ាងនេះ អូនជឿថា បើបងតាំងចិត្ត គ្មានរឿងអ្វីដែលធ្វើមិនបានទេ។
ថ្ងៃក្រោយមកទៀត….
ក្រោយពេលចូលពេទ្យរឿងឈឺជើង លើសអាស៊ីតម្ដង បងរ៉េត កាត់បន្ថយបានច្រើន ការទៅផឹកស្រាហូបចុកខាងក្រៅ។ ប៉ុន្តែ បើថ្ងៃណាហ៊ានជ្រុលញ៉ាំសាច់ផឹកស្រាច្រើន ជើងក៏ចាប់ផ្ដើមពើតឈឺទៀត។
ល្ងាចនេះ បងរ៉េតចូលមកដល់ផ្ទះ មុខស្រងូតទៀតហើយ។

-អូន អាសែត ពួកម៉ាកបង វាស្លាប់ហើយ ស្លាប់នៅបាងកក

-ពុទ្ធា! ម៉េចបានគាត់ស្លាប់?

វាដួលសន្លប់ពេលទៅប្រជុំនៅបាងកក។ ពេទ្យថាដាច់សរសៃឈាម។ ឥឡូវស្លាប់ហើយ ជួយសង្គ្រោះមិនបានទេ។

-ពុទ្ធោអើយ!!
ក្រោយមិត្តទាំង២នាក់របស់គាត់ស្លាប់មក បងរ៉េតឈប់ចេញផឹកស៊ីអួរប្រមួរ ប្រឹងប្រែងហាត់ប្រាណ ស្ដារសុខភាពឡើងវិញ។ ក្រោយសម្រេចចិត្តបោះបង់ការផឹកស៊ីផ្ដេសផ្ដាស បងរ៉េតក៏មានសុខភាពល្អឡើងវិញ។ យូរៗម្ដងពេលមានពិធីជប់លៀង ឬពិធីការ គាត់គ្រាន់តែកាន់កែវជល់បន្លំៗ មិនផឹកដូចគេងូតទឹកដូចកាលពីមុននោះទេ។
ឱកាសពេលល្ងាចក្រោយវិលពីធ្វើការហត់ពេញមួយថ្ងៃរបស់យើង ភាគច្រើនយើងចំណាយពេលញ៉ាំបាយជាមួយគ្នា សួរនាំកូនទាំងពីរពីការសិក្សា។ កូនប៊យនិយាយថា គេសប្បាយចិត្តណាស់ ព្រោះមានប៉ានៅជួយបង្រៀនគេរាល់ល្ងាច។ ការចំណាយពេលជាមួយគ្នានឹងមនុស្សជាទីស្រលាញ់នេះហើយជាសុភមង្គលដែលភរិយានិងកូនៗប្រាថ្នាក្នុងជីវិត។

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

បណ្ដុះការអានចាប់តាំងពីកូននៅតូច


យើងគ្រប់គ្នា សុទ្ធតែដឹងថា ការអានជួយអភិវឌ្ឍខួរក្បាលយើងឱ្យកាន់តែឆ្លាតនិងចេះគិតគូរ ងាយដោះស្រាយបញ្ហានិង មានគំនិតបង្កើតថ្មីប្លែក។ ចំពោះកុមារ គេងាយនឹងជាប់យកទម្លាប់អាន កាលណាយើងណែនាំគេឱ្យឆាប់ទម្លាប់អានតាំងពីតូច។ សូមកុំគិតថា កូននៅតូចពេក មិនទាន់អានយល់។ សៀវភៅកុមារ ជាទូទៅមានរូបភាពច្រើន និងមានពណ៌ស្រស់ឆើតឆាយសម្រាប់ទាក់ចិត្តកុមារ។

កូនស្រីធំរបស់ខ្ញុំ ចាប់ផ្ដើមស្គាល់សៀវភៅនៅពេលនាងអាយុ១០ខែ។ ខ្ញុំទិញសៀវភៅបែបមានរូប ជាសៀវភៅទន់បែបក្រណាត់ និងសៀវភៅក្រាស់រឹងដូចក្ដារ។ នាងចូលចិត្តនៅពេលដែលយើងជាម្ដាយ ចាប់បើកសៀវភៅជាមួយនាង ហើយនាំនាងអាន។ បន្តមកទៀត នាងចូលដល់វ័យដែលដឹងថា ពេលហែកសៀវភៅក្រដាសស្ដើងៗ សៀវភៅនឹងរហែកឮសូរខ្វោកខ្វាក ដូច្នេះនាងហែកក្រដាសកាសែត និងទស្សនាវដ្ដី ហើយសើចសប្បាយនឹងបទពិសោធន៍ថ្មីនេះ។ ខ្ញុំបណ្ដោយឱ្យនាងហែកក្រដាសកាសែតនិងទស្សនាវដ្ដីទាំងនោះ ដោយមិនចាប់នាងចេញនោះទេ។ តពីនោះមកសៀវភៅបានក្លាយជាមិត្តនាង។ កាលនោះ កន្លែងដើរកំសាន្តចុងសប្តាហ៍របស់យើង គឺ បណ្ណាគារ។ ឪពុកនាងចាប់ផ្ដើមនាំកូនឱ្យស៊ាំនឹងបណ្ណាគារ។ មិនដែលថាទៅបណ្ណាគារម្ដងណាហើយ មិនបានសៀវភៅកុមារថ្មីៗមកផ្ទះនោះទេ។ គ្មានបណ្ណាគារណាដែលយើងមិនដែលចូលនោះទេ ព្រោះពេលវេលាចុងសប្តាហ៍របស់យើងគឺនៅបណ្ណាគារ។

ពេលកូននៅតូច សៀវភៅគ្រាន់តែមានរូបភាពច្រើន គឺអាចទាក់ទាញកូនបានហើយ។ ប៉ុន្តែ នៅពេលគេឈានដល់វ័យ ២ឆ្នាំឬ៣ឆ្នាំឡើងទៅ ខ្ញុំរើសសម្រិតសម្រាំង សៀវភៅដែលសមស្របទៅតាមវ័យរបស់គេ។ សៀវភៅដែលខ្ញុំតែងទិញឱ្យកូនអាន មានរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីបា៉ និងរបស់នគរអាន។ សៀវភៅទាំងឡាយរបស់ គ្រឹះស្ថានទាំង២នេះ ផលិតឡើងពីអ្នកជំនាញខាងសៀវភៅកុមារ ដែលមានរឿងខ្លី ល្បែងកុមារ និងចំណេះដឹង បំណិនជីវិត សមស្របតាមការលូតលាស់របស់កុមារ។ ស៊ីប៉ា សម្បូរ រឿងកុមារដែលមានអត្ថន័យល្អ សៀវភៅទាំងនោះ និពន្ធដោយអ្នកនិពន្ធដែលធ្វើការទាក់ទងនឹងសៀវភៅកុមារ។ លើសពីនេះ ស៊ីប៉ា ក៏មានបោះផ្សាយសៀវភៅ មានចំណេះដឹងទូទៅ ប្រវត្តិសាស្ត្រ និងបំណិនជីវិត ដែលស័ក្តិសមសម្រាប់កុមារអានផងដែរ។ នគរអាន ក៏មានសៀវភៅកុមារច្រើនផងដែរ ជាពិសេសសម្រាប់ក្មេងអាយុ ចាប់ពី២ទៅ៣ឆ្នាំ។ រឿងកុមាររបស់នគរអាន មានរូបភាពទាក់ចិត្តក្មួយៗខ្ញុំណាស់។ គេចូលចិត្តអង្គុយលើភ្លៅហើយស្ដាប់អ៊ំនិទានដោយមិនរពឹសទេ។ សៀវភៅនគរអាន ភាគច្រើននិពន្ធដោយអ្នកនិពន្ធដែលជំនាញខាងកុមារតូចៗ។

សូមធ្វើខ្លួនអ្នកជាគំរូសម្រាប់កូន បើអ្នកចង់ឱ្យកូនស្រលាញ់សៀវភៅ ស្រលាញ់ការអាន។ ដាក់ទូរស័ព្ទ និងឡេបថបចុះ រួចចាប់ផ្ដើមអានជាមួយគេ តាំងពីគេនៅតូច។ ការបណ្តុះបណ្តាលទម្លាប់ល្អនេះដល់កូនយើង ទាមទារនូវការប្រឹងប្រែងពីយើងជាឪពុកម្ដាយ។ សង្គមមួយដែលមានអ្នកអានកាន់តែច្រើន សង្គមនោះនឹងរីកចំរើន។

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

ម្ដាយខ្ញុំ និមិត្តរូបខ្ញុំ


ម្ដាយខ្ញុំ_និមិត្តរូបខ្ញុំ

ម្ដាយខ្ញុំជាជនរងគ្រោះនៅរស់សល់ពីរបបប្រល័យពូជសាសន៍ចង្រៃ។ ក្រោយឆ្នាំ១៩៧៩ គាត់និងប្អូនស្រី ប្អូនប្រុស បានបាត់បង់សមាជិកគ្រួសារដែលមានគ្នាជិត១០នាក់។ ពួកគាត់បានត្រឡប់ចូលមកក្រុងភ្នំពេញវិញ។ ម្ដាយខ្ញុំបានមករៀនជំនាញឱសថការីដែលគាត់មិនបានរៀនបញ្ចប់ដោយសាររបបអាពតចង្រៃនោះ។

ម្ដាយខ្ញុំ ជឿជាក់ថា វិជ្ជាតែមួយគត់ ជាអ្នកនាំមកនូវអនាគតល្អត្រចះត្រចង់មួយ ហើយគាត់ប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីកូនៗបានរៀនខ្ពង់ខ្ពស់គ្រប់ៗគ្នា។ ម្ដាយខ្ញុំជាម្ដាយដ៏តឹងតែងម្នាក់ចំពោះកូនស្រីកូនប្រុសគាត់។ ម្ដាយខ្ញុំចិញ្ចឹមខ្ញុំបែបឱ្យខ្ញុំស្គាល់ការពិបាក ដោយបង្រៀនខ្ញុំសព្វកិច្ចការផ្ទះ និងកិច្ចការក្រៅផ្ទះ។ ទោះជាកាលនៅកុមារ យើងមានមេផ្ទះជាអ្នកជួយដាំបាយទឹក បោកខោអាវ ប៉ុន្តែម្ដាយខ្ញុំតែងឱ្យខ្ញុំបោកខោអាវខ្លួនឯង ជូតបន្ទប់គេងខ្លួនឯង។ ក្រោយហូបបាយរួច ខ្ញុំត្រូវទៅជួយអ្នកមេផ្ទះលាងចាន។ ថ្ងៃសម្រាកពីរៀនម្ដាយខ្ញុំ តែឱ្យខ្ញុំតាមមេផ្ទះទៅផ្សារ មើលពីរបៀបគេទិញម្ហូប។

ម្ដាយខ្ញុំស្រលាញ់កូនណាស់ ប៉ុន្តែគាត់តែងនិយាយថា គាត់ចិញ្ចឹមកូន មិនមែនបែបទំយើរកូន កូនគាត់មិនមែនទុកសម្រាប់គាត់ស្រលាញ់តែម្នាក់ឯងទេ គាត់ចិញ្ចឹមបែបត២ងតែងឱ្យកូនក្លាយជាមនុស្សគួរឱ្យស្រលាញ់សម្រាប់អ្នកផងទាំងឡាយដែរ។ គាត់ចិញ្ចឹមកូនឱ្យចេះស្រលាញ់ខ្លួនឯង ប៉ុន្តែមិនមែនបែបអត្មានិយម មិនខ្វល់ពីអ្នកដទៃនោះទេ។ ម្ដាយខ្ញុំតែងបង្រៀនខ្ញុំឱ្យចេះជួយយកអាសាញាតិមិត្តតាមលទ្ធភាពដែលយើងមាន។

ម្ដាយខ្ញុំតែងបង្រៀនកូនមិនឱ្យតម្លៃលុយជាធំទេ ប៉ុន្តែគាត់តែងប្រាប់ថាកូននឹងមិនអាចរស់បានស្រួលដោយគ្មានលុយទេ។ គាត់់តែងបង្រៀនខ្ញុំថា ការរកលុយមិនត្រូវឃ្លាតឆ្ងាយពីសេចក្តីល្អឡើយ។ កុំព្រោះតែលុយ ការងារអ្វីក៏ហ៊ានធ្វើ។ គាត់តែងប្រាប់ខ្ញុំថា ការចេះគ្រប់គ្រាន់ជាសុភមង្គលផ្លូវចិត្ត។

ម្ដាយខ្ញុំ មិនមែនជាអ្នកមាន តែម្ដាយខ្ញុំបរិបូណ៌ដោយសេចក្តីមេត្តា។ ម្ដាយខ្ញុំជាអ្នកដែលប្រៀនប្រដៅខ្ញុំ ឱ្យមានសេចក្ដីមេត្តា ឱបក្រសោបការពារ បុគ្គលិក និងកូនចៅក្រោមបង្គាប់។ មិនថាមានរឿងកូនចៅខុសយ៉ាងណា ម្ដាយខ្ញុំនឹងចេញមុខការពារកូនចៅសិន សឹមមកស្ដីប្រដៅកូនចៅដែលប្រព្រឹត្តខុសនោះជាក្រោយ។ ម្ដាយខ្ញុំតែងប្រាប់ថា “ការស្ដីប្រដៅ បុគ្គលិកក្រោមបង្គាប់ ចូរកូនហៅគេមកពន្យល់ស្ងាត់ៗតទល់ គេនឹងដឹងកំហុស។ កូនកុំលើកបរិហារគេក្នុងអង្គប្រជុំឱ្យសោះ គេអាចនឹងខ្លាចកូនចំពោះមុខអង្គប្រជុំ តែគេនឹងគ្មានសេចក្ដីគោរពកោតក្រែងកូនក្រៅពីសេចក្ដីគុំកួននោះទេ”។ ក្រោយម្ដាយខ្ញុំចូលនិវត្តន៍ បុគ្គលិកដែលធ្លាប់ធ្វើការក្រោមបង្គាប់គាត់ នៅតែគោរពស្រឡាញ់រាប់អានគាត់ដដែល មិនបានប្រែប្រួលខុសពីពេលដែលគាត់នៅធ្វើការនោះទេ។ ម្ដាយខ្ញុំជាគំរូសម្រាប់ខ្ញុំ ក្នុងនាមជាអ្នកដឹកនាំ។

ម្ដាយខ្ញុំ ជាស្ត្រីរឹងមាំនិងពូកែម្នាក់។ កាលឆ្នាំ២០០៨ ម្ដាយខ្ញុំបានសរសេរពី “កិច្ចការស្រាវជ្រាវទាក់ទងនឹងសវត្ថិភាពចំណីអាហារ” ដាក់ទៅអង្គការសុខភាពពិភពលោក។ កាលនោះគាត់ទទួលបានរង្វាន់ the State of Kuwait Prize for Research in Health Promotion (2008) ដែលរង្វាន់កាលនោះបានទទួលទឹកប្រាក់រហូតចំនួន២ម៉ឺនដុល្លារ ( https://www.who.int/governance/awards/kuwait_winners/en/ )។ ទឹកប្រាក់២ម៉ឺនដុល្លានោះ ច្រើនមែនទែនសម្រាប់គាត់ដែលជាអ្នកធ្វើការរដ្ឋម្នាក់។

ម្ដាយខ្ញុំ មិនដែលឈប់នឹងការអភិវឌ្ឍខ្លួនឯងទេ។ ក្រោយពេលគាត់ចូលនិវត្តន៍ គាត់នៅទៅបង្រៀននៅមហាវិទ្យាល័យឱសថសាស្ត្រ រហូតទាល់តែជំងឺ Parkinson’s របស់គាត់ចាប់ផ្ដើមធ្វើទុក្ខខ្លាំង។ ជំងឺនេះធ្វើឱ្យគាត់រឹងខ្លួននិងគាំងពិបាកធ្វើចលនា។ បន្ថែមពីលើជំងឺ Parkinson’s គាត់មានជំងឺមួយទៀតគឺជំងឺវង្វេង dimentia ប៉ុន្តែដោយសារសេចក្តីក្លៀវក្លានិងរឹងមាំរបស់គាត់ គាត់នៅព្យាយាមធ្វើចលនាចល័តហាត់ប្រាណបន្តិចបន្តួចនៅក្នុងផ្ទះនិង ធ្វើបុណ្យដាក់បាត្រជារៀងរាល់ព្រឹកផងដែរ។ រហូតទាល់តែដល់ពេលមេរោគកូវីតចូលរាតត្បាត ក៏គាត់នៅមិនខ្លាច តវា រឹងទទឹងទាមទារទៅដាក់បាត្រលោកដដែល។ ក្រោយឈ្លោះគ្នាជាមួយខ្ញុំមួយរយៈធំរឿងដាក់បាត្រលោក គាត់ក៏សុខចិត្តចាញ់ ឈប់ដាក់បាត្រលោកសិន រង់ចាំជំងឺកូវីតចង្រៃនេះវិនាសបាត់ សឹមធ្វើបុណ្យបន្តទៀត។

ម្ដាយខ្ញុំ សម្រាប់ខ្ញុំ ជានិមិត្តរូបនៃស្ត្រីរឹងមាំ ក្លៀវក្លា មិនចុះចាញ់ ប៉ុន្តែប្រកបដោយសេចក្តីមេត្តាករុណា ចំពោះញាតិទាំងឡាយ។ ម្ដាយខ្ញុំ ជាអ្នកដែលមាននាទីសំខាន់កសាងដួងព្រលឹង និងរូបកាយខ្ញុំថ្ងៃនេះ។

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

Book Review: រើសយកក្ដីសុខ


#bookreview
#រើសយកក្ដីសុខ
និពន្ធដោយ #លឹមសន្តិភាព
កម្រាស់សៀវភៅ ២១២ទំព័រ

រើសយកក្ដីសុខ ជាសៀវភៅបែបអភិវឌ្ឍន៍ខ្លួននិងលើកទឹកចិត្ត ស្នាដៃរបស់ លឹម សន្តិភាព អ្នកនិពន្ធ ។ សៀវភៅមួយក្បាលនេះរបស់បងភាព  ខ្ញុំបានអានហើយពេញចិត្តជាខ្លាំងចំពោះរបៀបសរសេរពន្យល់របស់គាត់។

រើសយកក្ដីសុខ សរសេរឡើងតាមបែបទស្សន:ដែលមានលក្ខណៈប្រាកដប្រជា ហើយវាជាសារដាស់តឿនទៅកាន់អ្នកអានរបស់ លឹម សន្ដិភាព។ ក្នុងនោះ អ្នកនិពន្ធបង្ហាញជារបៀបវគ្គៗ ដោយចែកជា១៤វគ្គ គឺ១៤ថ្ងៃសម្រាប់ស្វែងយល់។ សៀវភៅនេះដឹកនាំការគិតនិងបណ្ដុះគោលដៅជីវិតឱ្យអ្នកអាន យោងលើទស្សនៈរបស់អ្នកប្រាជ្ញល្បីៗ និងតាមបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ។ គោលបំណងរបស់អ្នកនិពន្ធ គឺមិនមែនសរសេរបែបលួងលោមដូចចាស់លោមក្មេងឱ្យស្ករគ្រាប់ទេ គឺប្រៀបដូចបងស្រីដាស់តឿនប្អូនឱ្យស្វាងពីភាពរវើរវាយគ្មានគោលដៅក្នុងជីវិតឱ្យស្គាល់ពីខ្លួនឯង និងចេះចាត់ចែងគោលដៅឡើងវិញ។

ការយល់ឃើញជារួមរបស់ខ្ញុំ ក្រោយពីបានអានសៀវភៅនេះហើយ ខ្ញុំគិតថា មនុស្សដែលស្ថិតក្នុងវ័យ២០ឆ្នាំ ហើយយល់ថា ការរស់នៅមិនមានន័យ គួរស្វែងរកសៀវភៅមួយក្បាលនេះអាន។ ខ្ញុំជឿថាសៀវភៅនេះនឹងជាចំណែកតូចមួយ ក្នុងការកសាងផ្លូវចិត្តអ្នកអាន។ ខ្ញុំនឹងណែនាំឱ្យកូនៗដែលកំពុងឈានទៅពេញវ័យខ្ញុំឱ្យអានដែរ។

ដោយក្តីស្រលាញ់
ពីអ្នកអានម្នាក់

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | 2 មតិ

បើខ្ញុំមានកូន…


បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា” មនុស្សស្រី ស្លៀកពាក់ស៊ិចស៊ី ជាសិទ្ធិរបស់គេ កូនគ្មានសិទ្ធិវាយតម្លៃឬប៉ះពាល់បៀតបៀនគេទេ បើគេមិនអនុញ្ញាត។ មនុស្សប្រុសដើមទ្រូង៥ហត្ថមិនមែនកើតមកសម្រាប់មើលងាយមនុស្សស្រីទេ។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា” កូនស្រលាញ់អី កូនចង់ធ្វើអីជាសិទ្ធិរបស់កូន។ ចូរកូនរៀនស្វែងយល់ដោយខ្លួនឯង ហើយត្រូវចាំថា មិនមែនគ្រប់មនុស្សប្រុសទាំងអស់ សុទ្ធតែគោរពនិងផ្ដល់តម្លៃមនុស្សស្រីទេ ការប្រយ័ត្នខ្លួន គិតមុខគិតក្រោយ គេហៅថា សុវត្ថិភាពជាចំបង។”

បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីកើតមកមិនមែនជា គ្រឿងលេងដែលចង់លេងសើចយ៉ាងណាក៏បាននោះទេ។ កើតជាមនុស្សប្រុស បើមិនបានជួយអ្វីឱ្យចម្រើនជាតិទេ កុំបៀតបៀនមនុស្សស្រីឱ្យសោះ។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា “បើប្រុសម្នាក់នោះគេស្រលាញ់កូនពិត ហើយកូនក៏ស្រលាញ់គេដែរ ចូរកូនកុំមើលងាយក្ដីស្រលាញ់របស់គេឱ្យសោះ ចូរកូនស្រលាញ់និងផ្ដល់តម្លៃគេផង។”

បើខ្ញុំមានកូនប្រុស ខ្ញុំនឹងចិញ្ចឹមគេ ដោយឱ្យគេក្លាយជាមនុស្សឯករាជ្យ និងមានការទទួលខុសត្រូវម្នាក់។
បើខ្ញុំមានកូនស្រី “ខ្ញុំនឹងប្រាប់គេថា រើសមនុស្សដែលទទួលខុសត្រូវ ឱ្យមើលលើទង្វើរបស់គេ កូនកុំប្រើត្រចៀកស្ដាប់តែពាក្យផ្អែមល្ហែមរបស់គេ។”

បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីចូលចិត្តមនុស្សប្រុសដែលគោរពផ្ដល់តម្លៃ ចំពោះនាង។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា “បើប្រុសម្នាក់គោរពនិងផ្ដល់តម្លៃចំពោះកូន ចូរកូនចាប់ដៃគេឱ្យជាប់ ហើយផ្ដល់ក្ដីស្រលាញ់និងការគោរពនេះចំពោះគេវិញផង។”

បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីង៉ក់ងរទាមទារការចាប់អារម្មណ៍ កូនលួងគេខ្លះផង ព្រោះមនុស្សស្រីងរគួរឱ្យស្រឡាញ់។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់នាងថា “កុំព្រោះតែគេលួងកូន កូនក៏ជាន់ឈ្លីទឹកចិត្តគេ យកតែចិត្តខ្លួនឯង មិនស្ដាប់ហេតុផលរបស់គេ។ ចូរកូនចាំថា ការង៉ក់ងរតិចតួចនឹងផ្ដល់សោភ័ណដល់ស្នេហាកូន តែបើញឹកញាប់ កូននឹងក្លាយជាក្មេងដែលយកតែចិត្តខ្លួនឯងមិនចេះធំដឹងក្ដី។”

បើខ្ញុំមានកូនប្រុស ខ្ញុំនឹងបង្រៀនគេថា “ការងារផ្ទះ មិនមែនជាការងារដាច់មុខរបស់មនុស្សស្រីទេ កូនត្រូវរៀនឱ្យចេះសព្វមុខ ហើយជួយនាងផង ព្រោះយើងនៅផ្ទះជាមួយគ្នា ញ៉ាំបាយជាមួយគ្នា”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់នាងថា”កូនត្រូវរៀនឱ្យចេះការងារផ្ទះ មិនមែនដើម្បីក្លាយខ្លួនជាមេផ្ទះរបស់អ្នកណាទេ តែវាជាបំណិនជីវិតដើម្បីកូនរស់បានដោយខ្លួនឯង។ បើប្រុសណានិយាយថា ការងារផ្ទះជាការងារស្រី កូនកុំយកប្រុសនោះធ្វើជាគូជីវិត ព្រោះគេនឹងគ្មានថ្ងៃយល់ពីការលំបាករបស់ភរិយាទេ។ បើប្រុសណា ធ្វើការងារផ្ទះដោយមិនប្រកាន់ខ្លួន ចូរកូនរក្សាគេឱ្យគង់ ហើយធ្វើជាភរិយាល្អរបស់គេផង”
(នៅមានពាក្យច្រើនទៀត ដែលម៉ែម្នាក់ចង់ប្រដៅកូនគាត់…)


អត្ថបទរក្សាសិទ្ធិ ដោយ So Chivy

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

ការចែករំលែកនាំចិត្តយើងឱ្យមានក្ដីសុខ


“កូនស្រីម្ដាយ ម្ដាយតែងបង្រៀនកូនថា ការចែករំលែកនឹងនាំឱ្យចិត្តយើងរីករាយ មានសេចក្តីសុខ។”

ម្ដាយម្នាក់នេះ តែងបង្រៀនកូនដោយការបង្ហាញផ្លូវ និងនាំកូនឱ្យចេះចែករំលែក និងបង្ហាញឱ្យកូនដឹងថា គួរជួយអ្នកដទៃនៅពេលណាកូនអាចជួយបាន ប៉ុន្តែ កុំឱ្យអ្នកដទៃឆ្លៀតកេងប្រវ័ញ្ចពីការជួយរបស់កូនបានឱ្យសោះ។

ឆ្នាំ២០២០នេះ ជាឆ្នាំដែលកូនម្ដាយត្រូវប្រឡងឌីប្លូម ប៉ុន្តែជំងឺ កូវីដ១៩ បានរាតត្បាត ជាហេតុបណ្ដាលឱ្យសាលារៀនទូទាំងប្រទេសត្រូវបានបិទទ្វារហើយចាប់ផ្ដើមការរៀនអនឡាញ។ ការរៀនអនឡាញ ពិតណាស់់ មិនអាចដូចការរៀននៅសាលាទេ តើធ្វើម្ដេចនឹងអាចឱ្យកូនម្ដាយបានចេះអស់ដើម្បីត្រៀមខ្លួនប្រឡងឌីប្លូមនោះ។ ឪពុកកូន ដែលអតីតសិស្សពូកែគណិតវិទ្យាប្រចាំខេត្តនោះ បានខិតខំស្វែងយល់ ស្រាវជ្រាវឯកសារ ទិញគ្រប់សៀវភៅ និងដោនឡូតមេរៀនពីinternet និងមើលមេរៀនតាមយូធូប ដើម្បីបង្រៀនកូនបន្ថែម។ កូនក៏បានរៀនចេះចាំនូវមេរៀនគណិតយ៉ាងច្បាស់ពីឪពុកកូន។
ម្ដាយតែងនិយាយជារឿយៗថា បើមិត្តកូន គេមិនចេះត្រង់ចំណុចណាមួយ ចូរកូនកុំកំណាញ់ កូនបង្រៀននិងពន្យល់គ្នាផង។ កូនបង្រៀនគេពន្យល់គេ វាជារឿងដែលគួរធ្វើណាស់។ ប៉ុន្តែ បើកូនជួយប្រាប់គេនៅពេលប្រឡង វាមិនមែនជារឿងត្រឹមត្រូវទេ វាបានជួយឱ្យមិត្តកូនអាចជាប់មួយគ្រា តែវាមិនដូចពន្យល់ឱ្យគេចេះចាំដោយខ្លួនគេទេ។ កូនត្រូវដឹងថា ប្រទេសជាតិយើងនេះ ត្រូវការនូវធនធានមនុស្សជាច្រើនដើម្បីកសាងស្រុកទេសឱ្យជឿនលឿន ដូច្នេះហើយ បើកូនអាចជួយមិត្តយើងបានចេះចាំដូចកូន ចូរកូនធ្វើចុះ។
រសៀលថ្ងៃសៅរ៍នេះ ម្ដាយរំភើបចិត្តណាស់ ដែលឃើញកូនម្ដាយ បើកកម្មវិធីបង្រៀន Zoom online ដើម្បីពន្យល់មេរៀនបន្ថែមដល់មិត្តកូន។ ម្ដាយសង្កេតឃើញស្នាមញញឹមដោយស្មោះត្រង់របស់កូនម្ដាយនៅពេលកូន និយាយឆ្លើយឆ្លងពន្យល់មិត្តកូន។ ម្ដាយឃើញទឹកមុខប្រកបដោយភាពរីករាយចេញពីផ្ទៃមុខដ៏ក្មេងខ្ចីរបស់កូនម្ដាយ។ ម្ដាយមើលឃើញពីសុភមង្គលពិតដែលកូនទទួលបានពីការចែករំលែកនេះ។ មិត្តកូនក៏ដូចគ្នា គេចេះមុខវិជ្ជារូបវិទ្យា គីមីវិទ្យា ក៏គេបានជួយពន្យល់ក្រុមកូនដូចគ្នានោះដែរ។ កូនឃើញទេ? ទាំងនេះហើយជាសុភមង្គលផ្លូវចិត្តដែលកូនទទួលបានពីការជួយគ្នាទៅវិញទៅមក។ ប៉ុន្តែ បើសិន កូនខំធ្វើល្អហើយ តែបែរជាគ្មានអ្នកណាចង់ចែករំលែកដូចជាកូន ចូរកូនម្ដាយកុំឃ្នាន់ឃ្នេអី។ ចូរកូនតាំងចិត្តថា យើងចែករំលែក ដោយមិនរំពឹងផលតបស្នង។ ការចែករំលែក ដោយមិនរំពឹងផលតបស្នងជាសេចក្តីសុខមួយផ្លូវចិត្តមួយដែរកូនម្ដាយ។ ម្ដាយមិនដែលឃើញមនុស្សអាត្មានិយមឯណារស់នៅដោយមានសេចក្តីសុខផ្លូវចិត្តទេកូន។

ចូរកូន តាំងចិត្តកុំមើលបំណាំ យើងធ្វើល្អ ជាសេចក្តីសុខរបស់យើង។ បើកូនចង់ឱ្យគេ ធ្វើចំពោះកូនយ៉ាងណា ចូរកូនប្រព្រឹត្តខ្លួនបែបនោះចំពោះគេ។ បើកូនចេះចែករំលែក កូនក៏នឹងទទួលបានផលពីការចែករំលែកនេះដែរ។
ពីម្ដាយម្នាក់


រក្សាសិទ្ធិ

បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ

Cambridge ទីក្រុងស្ងាត់ស្ងាត់នៃអ្នកសិក្សា


Cambridge ជាទីក្រុងនៃសកលវិទ្យាល័យស្ថិតនៅចំងាយប្រហែលជា៨០គ.មពីក្រុងឡុងដ៍ ដ៏ល្បីល្បាញរបស់អង់គ្លេស។ ក្រុងតូចច្រឡឹង ស្ងប់ស្ងាត់សំរាប់អ្នកសិក្សានេះ ជាកន្លែងដែលស្វាមីខ្ញុំប្រាថ្នាចង់ទៅស្គាល់ឱ្យបានម្ដងក្នុងឆាកជីវិត។ កាលគ្រានោះ មុនកាលដែលយើងចេញពីភ្នំពេញ ស្វាមីខ្ញុំបានរៀបគំរោងនេះរួចស្រេចហើយ ថាយើងនឹងចេញពីក្រុងឡុងដ៍តាមរថភ្លើង ពី ស្ថានីយ King’s Cross។កាលនោះ ដោយបានកក់សំបុត្ររថភ្លើងរួចស្រេចពីភ្នំពេញ យើងគ្រាន់តែទៅទាញយកសំបុត្រពី ទូយកសំបុត្រដែលនៅស្ថានីយរថភ្លើងជាការស្រេច។ ក្រោយពីយើងដើររក Platform រថភ្លើងដែលត្រូវជិះឃើញហើយ យើងក៏រកមើលញ៉ាំអាហារថ្ងៃត្រង់ រួចស្រេចទើបចូលហាងលក់ទំនិញដែលនៅក្បែរនោះ ទិញចំណីខ្លះនិងទឹកសុទ្ធសម្រាប់ញ៉ាំសំរន់លើរថភ្លើង។ យើងចេញដំណើរតាមរថភ្លើង សំដៅស្ថានីយ Cambridge។ នៅលើរថភ្លើង ដោយមាន Free wifi យើងក៏ឆ្លៀត ខលមកលេងផ្ទះ ខលចូលកូនពៅយើងជាអ្នកលើកទូរស័ព្ទ តែគេមិនចាប់អារម្មណ៍ន២កយើងដូចដែលយើងនឹកគេនោះទេ។ ដាក់ទូរស័ព្ទចុះ យើងឆ្លៀតមើលទិដ្ឋភាពតាមផ្លូវនៃភូមិស្រុករបស់ប្រទេសអង់គ្លេស។ រចនាបទផ្ទះនៅទីនោះ ប្លែកម៉្យាងពីផ្ទះនៅស្រុកបារាំង ត្រង់ បង្អួចមិនជាធំហើយខ្ពស់ដូចផ្ទះជនបទនៅបារាំងទេ តែដែលឱ្យងាយសំគាល់បាន គឺបង្អួចទាំងអស់ មានដាក់ស៊ុម ឈើពណ៌ស ដែលមើលទៅប្លែកភ្នែកម៉្យាង សម្រាប់អ្នកស្រុកឆ្ងាយដូចពួកយើង។

រថភ្លើង ដែលលូនលឿន រួចក៏បន្ថយល្បឿនបន្តិចម្ដងៗ ពេលដែលចូលកាន់តែកៀកស្ថានីយក្រុង Cambridge។ ខ្ញុំចុះពីរថភ្លើងដោយហេលហាល មិនដឹងថា នឹងទៅណាមកណី ព្រោះលើកនេះ ស្វាមីខ្ញុំជាអ្នក Surprise ដោយគាត់ជាអ្នករៀបគម្រោងទាំងអស់។ គាត់នាំខ្ញុំដើរមើលសួនក្បែរៗស្ថានីយ រួចទើបបបួលគ្នាជិះឡាន Double decker ប្រភេទ ឡានក្រុង City sight seeing ដែលនឹងភ្ញៀវជិះ មើលក្រុងតូចច្រឡឹងនេះក្នុងតម្លៃម្នាក់ប្រមាណ១៨ផោន។ ដំបូង ខ្ញុំនឹកស្ដាយលុយយ៉ាងខ្លាំង ប្រកែកមិនចង់ជិះទេ តែស្វាមីថា បំណាច់មកលេងហើយ បើមិនជិះឱ្យបានម្ដង តិចថាស្ដាយក្រោយ 😁។

ឡានក្រុង នាំយើងមើលក្រុង Cambridge ដ៏តូចច្រឡឹងស្ងប់ស្ងាត់។ ខ្ញុំហាក់លង់លក់នឹងទេសភាពក្រុង ដែលលំអដោយផ្ការីកគ្រប់ទិសទី មិនបានចាប់អារម្មណ៍នឹងពាក្យអត្ថាធិប្បាយរបស់មគ្គុទេសក៍នោះទេ។ ប្រទេសអឺរ៉ុប នារដូវផ្ការីក ទាក់ចិត្តខ្ញុំលើសរដូវណាៗទាំងអស់។ វាលស្មៅខៀវខ្ចី លំអដោយផ្កាលឿងតូចៗ ដើម Cherry ដើម Peach ដើមប៉ោម ចេញផ្កាព្រោងព្រាត ពេញមុខផ្ទះ នាំចិត្តខ្ញុំឱ្យនឹកដល់រដូវស្វាយចេញផ្កានាស្រុកយើងដែរ។ ផ្កាៗ ទីណាក៏ផ្កា ព្រះអាទិត្យដ៏កក់ក្ដៅ នារសៀលម៉ោង២ ចាំងមក លើក្រុង Cambridge ទាំងមូល ខ្យល់បក់បន្តិចៗមក បរិយាកាសនាពេលនោះ សីតុណ្ហភាពប្រហាក់ប្រហែល ២០អង្សារប៉ុណ្ណោះ សមល្មមឱ្យចិត្តអ្នកចូលចិត្តត្រជាក់ល្មម រីករាយស្រស់ថ្លាមិននឿយណាយ។ ពេលឡានក្រុុង មកដល់ជិតចំណតស្ទឹង Cam ដែលហូរកាត់ក្រុង Cambridge ស្វាមីខ្ញុំដែលបានរៀបគម្រោងនៃដំណើរនេះហើយ ក៏សម្រេចចិត្តចុះ ត្រឹមចំណតនេះ។ គាត់បបួលខ្ញុំ ជិះទូកដោលដោយឈើ (Rowing pun) តាមបណ្ដោយស្ទឹង Cam ដែលហូរកាត់សកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញ។ តាមបណ្តោយស្ទឹង Cam អ្នកចែវទូក រៀបរាប់ប្រាប់យើង ពី មហាវិទ្យាល័យនីមួយៗ និងរឿងរ៉ាវដ៏ល្បីល្បាញ របស់វា។ រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនទាក់ទងនឹងសកលវិទ្យាល័យដ៏ចំណាស់នេះ បានត្រូវលើកមករៀបរាប់ដោយអ្នកចែវទូក។ មហាវិទ្យាល័យដែលនៅអមសងខាងនៃស្ទឹង Cam មានរឿងរ៉ាវប្លែកៗនិងអស្ចារ្យខុសៗគ្នា។ ខ្ញុំចាំបាន យើងជិះកាត់មហាវិទ្យាល័យមួយ (ភ្លេចឈ្មោះបាត់ហើយ) ដែលគេយកជាប្លង់ថតរឿង Harry Potter ដ៏ល្បីល្បាញរបស់អ្នកស្រី JK Rowling។ អ្នកចែវទូក ក៏មិនភ្លេចរំលឹកយើងដែរ នៅពេលដែលទូកយើងកូនក្រោមស្ពានមួយ ទីដែលអ្នកប្រាជ្ររូបវិទ្យាដ៏ល្បីល្បាញ Stephen Hawking បានជួបភរិយាគាត់ Jane Wilde។

ពេលទូកវិលត្រឡប់មកដល់ចំណតដើមវិញ យើងចុះពីទូកប្រកបដោយអារម្មណ៍រីករាយនិងស្រស់ថ្លា។ យើងបន្តដំណើរចច្រប់ ជិតៗជុំវិញ Campus មហាវិទ្យាល័យនានាក្នុងបណ្ដុំសកលវិទ្យាល័យដ៏ចំណាស់នេះ។ ដោយឆែកមើលទៅ ចំងាយផ្លូវត្រឡប់មកស្ថានីយរថភ្លើងមិនជាឆ្ងាយប៉ុន្មាន យើងក៏សម្រេចចិត្តដើរលេងៗកាត់ភូមិស្រុកនៅក្នុងក្រុងស្ងបើស្ងាត់មួយនេះ។ ទិដ្ឋភាពទូទៅនៃក្រុងCambridge មានសភាពស្ងប់ស្ងាត់មនោរម្យគួរឱ្យចង់រស់នៅណាស់ ផ្ទះនីមួយៗសង់យ៉ាងស្អាតនុងមានរបៀបរៀបរយ។ មិនយូរប៉ុន្មាន យើងក៏បានដើរមកដល់ស្ថានីយ៍រថភ្លើងវិញ។

យើងអង្គុយចាំរថភ្លើងត្រឡប់មកក្រុងឡុងដ៍វិញនៅហាងអាហារមួយនៅឯស្ថានីយ៍។ ពេលរថភ្លើងចាកចេញ មេឃចាប់ផ្ដើមងងឹតហើយ Cambridge និងសកលវិទ្យាល័យនៅទីនោះ បានឆក់យកបេះដូង២នាក់ប្ដីប្រពន្ធយើងឱ្យនឹកមិនភ្លេចនៅបរិយាកាសនិងសម្រស់ទីក្រុងនេះមិនដាច់។លាសិនហើយ Cambridge បើមាននិស្ស័យ យើងនឹងជួបគ្នាម្ដងទៀតជាក់ជាមិនខាន។

ស្ពានដែល Stephen Hawking proposed his wife
នៅលើ double decker ដែលនាំយើងមើលជុំវិញសកលវិទ្យាល័យ Cambridge
បានផ្សាយ​ក្នុង កំណត់ត្រាខ្លី | បញ្ចេញមតិ