ដេកក្រោមដំបូល​តែមួយ​​ជាមួយ​ចោរ​គាស់ផ្ទះ​អស់មួយយប់


រឿងនេះបានកើតយូរក្រែលដែរហើយ តែដោយខ្ញុំរវល់ផ្សំខ្ជិល ដេកផ្សំដួលផង ទើបតែមានពេលយកលើកយករឿងនេះមកហែកចែកគ្នាដឹងនៅពេលនេះ។

យប់មួយនោះ ទម្រាំខ្ញុំបានចូលគេងយប់ជ្រៅណាស់ទៅហើយ។​ ប្រហែល​ជា​រំលង​​ពាក់កណ្ដាល​អាធ្រាត គេងបានមួយស្រឡេត ខ្ញុំបានឮសំលេង​ហាក់ដូចមនុស្ស​ដួលព្រូស រួចឮសូរថ្ងូរអ៊ឹះៗ ដល់​ពេលប្រឹងផ្ទៀងស្ដាប់មែនទែន ក៏លែងឮទៀត។ ដោយមិនអស់ចិត្ត ខ្ញុំក៏ក្រោក​តែ​ម្នាក់​ឯង​​​ ចុះមក​មើល​​​នៅជាន់ក្រោម បើកភ្លើងភ្លឺចែស មើលក្នុងផ្ទះ អត់ឃើញមានអ្វីចំឡែក ខ្ញុំគិត​ក្នុង​ចិត្តថា ប្រហែលជាខ្ញុំយល់សប្តិហើយមើលទៅ ខ្ញុំក៏សម្ងំគេង​បន្តយ៉ាង​ស្កប់​ស្កល់យល់​សុបិន្ត​វែង​ឆ្ងាយ​ទៅ។ ខ្ញុំភ្ញាក់ដឹងខ្លួននៅពេលដែលសម្លេងទូរស័ព្ទខ្ញុំរោទិ៍ពេលព្រឹកទៅហើយ គឺម៉ាក់ខល​ដាស់​ថាមាន​មនុស្សចូលផ្ទះមកដេកងើបទៅណាអត់រួច 😯 ខ្ញុំប្រាប់​ប៉ាអាបីនាក់​អោយ​ចុះមក​មើល​ខាង​​ក្រោមទាំងញ័រមាត់។ បានដូចចិត្ត ប៉ាវាចុះភ្លែត ឯខ្ញុំ​ពរអាពេជ្រដែល​ភ្ញាក់មុនគេមក​តាម​ក្រោយ។ មកដល់ក្រោមឃើញ​មនុស្សប្រុសម្នាក់​អង្គុយ​ក្រោក​អត់រួច ទំនងថ្លោះចង្កេះ ទើប​ធ្វើអោយ​ខ្ញុំនឹកឃើញ​រឿងកាល​ពីយប់​ដែល​ខ្ញុំឮសំលេងដួលព្រូសនោះ។ ពេលប៉ូលីស​មកដល់​សួរនាំទៅ ប្រុសនោះឆ្លើយម្ដងលិចម្ដងកើត ម្ដងថា​ គេដេញបាញ់ធ្លាក់​ពីជាន់ទី៥នៃផ្ទះ​ដែលនៅ​ជិតខាង ម្ដងថា​គេឡើងមកតាមរបង​រួចឡើងដើមជំពូនៅខាង​កើតផ្ទះ​រួចធ្លាក់មក​ដី​ ម្ដងថា​មកពី​បន្ទាយមានជ័យ ម្ដងថាមកពីស្វាយរៀង។ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ហើយយើង​ក៏មិនមានបាត់បង់របស់ទ្រព្យផង ម្យ៉ាងមើលទៅប្រុស​នោះក៏ទំនង​បាក់ចង្កេះ​ងើបទៅណា​អត់រួច​ផង នាំអោយយើងកើតចិត្តមេត្តាមិនប្ដឹងផ្ដល់អីទាំងអស់ យើងក៏សម្រេចអោយម៉ូតូ«រ៉ឺម៉ក» ដឹកយក​ទៅដាក់នៅបេនឡានទៅ។ ក្រោយពេលដឹក«ចោរចូលផ្ទះ»​នោះចេញទៅ យើងនៅ​តែនឹក​មិនយល់ថា គេធ្លាក់ពីជាន់ណាមក ទើបបាក់មែកជំពូកៀនផ្ទះ ហើយថ្លោះចង្កេះ​ងើបមិនរួច​បែបនេះ។ លុះដល់លើងទៅមើលនៅរានហានជាន់លើ ទើបយើង​ឃើញមានស្នាមដៃ​ជើងខ្មៅ​ប្រឡាក់ជញ្ជាំង តោងចុះពីជាន់ទី៥នៃផ្ទះជិតខាង ចុះមកតាមយ៉បង្អួច ទំនងប្រុងលួចឆ្កិះបង្អួចយក​អីវ៉ាន់ផ្ទះគេនោះហើយ តែប្រហែលជារបូតដៃទើប​​ធ្លាក់ខ្ទាតមកដល់បានមែកជំពូផ្ទះខ្ញុំជួយទ្រ កុំអីមិនដឹង​​ជារស់ឬស្លាប់ទេ។ ម៉ាក់របស់ខ្ញុំ គិតសព្វៗទៅ ស្រាប់តែធ្លោយមាត់ថា «អាណិត​ណាស់!មិន​ដឹងកូនចៅពីណាគេទេ ធ្លាក់មករបៀបនេះហើយ មុខតែបាក់​ចង្កេះ​ខូចអនាគត​មិនខានទេ»។

នេះជាមេរៀនមួយដែលខ្ញុំគួរតែប្រុងប្រយ័ត្នជាងមុន បើយប់នោះខ្ញុំដាស់ប៉ាអាបីនាក់ឡើងមើល​ក្រោយពេល​ឮសំឡេងធ្លាក់ហើយ ក៏ប្រហែលជាមិនបាន​ដេកក្រោមដំបូលតែមួយ​ជាមួយចោរ​គាស់​ផ្ទះអស់មួយយប់ទេ នេះរាប់ថាជាសំណាង​ទៅវិញទេដែល​«ចោរនោះ»​ថ្លោះចង្កេះងើបអត់រួច ចុះបើវាមិនអី វាមិនចូលយកខ្ទេចខ្ទី នេះមិនទាំងនិយាយ​ដល់គ្រោះថ្នាក់​ដល់អ្នកផ្ទះ​ដែល​អាចបង្ក​ដោយចោរផង ព្រោះធម្មតា តែចោរចូលបែបនេះ វាមិនដែលមកតែ​ឯង​ទេ មុខតែមានគ្នា​២នាក់​យ៉ាង​តិចដែរ!!!!​ ចប់ប៉ារយ!!!!​

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged . Bookmark the permalink.

14 Responses to ដេកក្រោមដំបូល​តែមួយ​​ជាមួយ​ចោរ​គាស់ផ្ទះ​អស់មួយយប់

  1. somada ថា:

    បើបងប្រុសងើបមកទាន់មែន ក៏ចោរនោះមិនទ្រាំឈឺដល់ព្រឹកដែរ ប្រហែលជាបានទៅពេទ្យ​តាំងពីយប់ម្ល៉េះ​មែនទេ? ហើយ​យប់នោះក៏ប្រហែលជាមិនបានគេង​យល់សប្តិ​វែងឆ្ងាយដែរ អាចគេងមិនលក់​ផង​មិនដឹង ។

    ចូលចិត្ត

  2. somada ថា:

    នេះមកពីរាសីយើងខ្ពស់ជាង ។ តែថ្ងៃក្រោយ​ បើឮសូរក្ឌុងក្ឌាំងហើយ បើកភ្លើងឲ្យភ្លឺសិនទៅចាំចុះទៅរក​មើល នេះហេងហើយ​ដែលវាគ្មានគ្នា បើមានវិញ​ពិតជាស៊យ​មិនខានទេ ។

    ចូលចិត្ត

  3. បើលោកចោរគាត់ «ឥតិ» នៅក្នុង​របង​ផ្ទះវិញ គឺ​យាប់​មែនទែន​ហើយ… ទី១ គឺខាង​សមត្ថកិច្ច (ប៉ូលីស ប៉េអឹម…) ​នឹង​អញ្ជើញ​ម្ចាស់​ផ្ទះមក​ធ្វើ​កំណត់​ហេតុ​​ ​បំភ្លឺ​ករណី​នេះ… ហើយ​ការ​នេះ​នឹង​នាំអោយ​​រវល់​​គ្មាន​​ពេល​បាន​រក​ស៊ី​ ឬ​ធ្វើ​ការងារ​អី​កើត​ទេ។ រួច​បើ​ចង់​អោយ​ចប់​ឆាប់ គឺ​ទាល់​តែ​ចាយ​លុយ​ខ្លះ​ បានទៅ​រួច…។ ទី២ គឺនឹង​នាំភាព​​ចង្រៃ​ដល់​គេហដ្ឋាន​​របស់​យើង​ច្បាស់​ណាស់… 😀

    ចូលចិត្ត

  4. Nataro ថា:

    ចោរលួច ត្រូវត្រឹមដំបង បើចោរគាស់ផ្ទះច្បាស់ជាត្រូវ K-54 ២ទៅ៣គ្រាប់លេងមិនខានឡើយ!

    ចូលចិត្ត

  5. Violetana ថា:

    ហាៗៗ! អានហើយអត់សើចមិនបានទេ! ខ្ញុំក៏ធ្លាប់ជួបរឿងប្រហាក់ប្រហែលនឹងដែរ គឺថា… ជិះម៉ូតូទន្ទឹម នឹងចោរឆក់ខ្សែ.ក ហេៗៗ គេញញឹមញញែមដាក់ខ្ញុំទៀតហ្ន៎!

    ចូលចិត្ត

    • ហើយម៉េចទៀតទៅ? ចោរឆក់ You(មិនដឹងថាគួរហៅយ៉ាងម៉េចល្អទេ) ឬក៏ឆក់អ្នកផ្សេង?

      ចូលចិត្ត

      • Violetana ថា:

        ហៅថាអូនក៏បាន! គេនៅក្មេងនៅឡើយហ្នឹង​(ហាៗៗក្បែរសាមទៅហើយហ្នឹងណា!)
        ពួកគេមិនបានឆក់ខ្ញុំទេ គឺឆក់អ្នកផ្សេងរួចហើយ! កាលហ្នឹងខ្ញុំជិះម៉ូតូពីរនាក់ពួកម៉ាកខ្ញុំ។ ខ្ញុំមិនដឹងថាគេឆក់ពីច្រកណាមកទេ តែពេលដែលម៉ូតូរបស់គេមកដល់ក្បែរពួកខ្ញុំ ពួកគេបង្អង់ ល្បឿនម៉ូតូ ជិះក្នុងល្បឿនធម្មតា ហើយឆ្លៀតងាកញញឹមញញឹមដាក់ពួកយើង ហើយពួកយើង ក៏ញញឹមដាក់វិញ (ហាៗៗ លោកចោរពីរនាក់ហ្នឹងមុខមាត់ស្អាតបាតល្អណាស់!)។ ក្រោយពី ញញឹមយ៉ាងស្រស់ដាក់ពួកយើងរួចហើយ ពួកគេក៏មួលហ្គែរម៉ូតូបន្ថែមល្បឿនទៅមុខ ព្រោះថា មានពីរនាក់ប្តីប្រពន្ធ(ខ្ញុំគិតថាអ៊ីចឹង) ជិះអាវីវ៉ាពណ៌ខ្មៅមកពីក្រោយ ស្រែកថា «ចោរៗ ចោរឆក់ ខ្សែ.ក» ផ្អើលគេផ្អើលឯង ហើយភ្លាមៗនោះក្រុមប៉ូលីសដែលនៅតាមស្តុបក៏ដេញតាមពួកគេ ទៅ។ ខ្ញុំនិងពួកម៉ាកខ្ញុំក៏ទើបតែដឹងថា បានជិះម៉ូតូក្បែរចោរឆក់ខ្សែ.ក 😆 មកដល់ផ្ទះពួកយើង ក៏លាន់មាត់ថា៖ យី! មិនគួរសោះ! មិនគួរណាប្រុសសង្ហាជាចោរឆក់ខ្សែ.កសោះ! រួចយើងនាំគ្នា សើចចង់ចុកពោះ។

        ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s