កូនស្រីម៉ែ
ត្បិតម៉ែធំធាត់ឡើងដោយក្ដីស្រលាញ់ ម៉ែរឹតតែចង់ចិញ្ចឹមកូនដោយក្ដីស្រឡាញ់បរិបូណ៌ជាងអ្វីដែលម៉ែទទួលបាន។ ទោះម៉ែជាម៉ែដែលតឹងតែង មានរបៀប តែម៉ែចង់ឱ្យកូនដឹងថា ម៉ែស្រលាញ់កូនបំផុត ហើយ ក្ដីស្រឡាញ់នេះ ក៏នឹងមិនមានអ្នកណាម្នាក់អាចស្រលាញ់កូនស្មើនឹងម៉ែនោះដែរ។
កូនស្រីម៉ែ កូនកំពុងស្ថិតក្នុងវ័យជំទង់ វ័យដែលត្រូវការ attention វ័យដែលចិត្តប្រែប្រួលឆាប់ដោយសារអ័រម៉ូនក្នុងខ្លួនកូនកំពុងប្រួលប្រែ។ ថ្ងៃខ្លះ កូនប្រហែលជាធុញថប់ ថ្ងៃខ្លះ កូនប្រហែលជា សោកសៅដោយអត់ដឹងថាមកពីអ្វី ថ្ងៃខ្លះកូនប្រហែលជាសប្បាយចិត្ត ទាំងនេះ ជាដំណាក់កាលចំរើនវ័យនៃមនុស្ស។ វ័យនេះ កូនប្រហែលជានៅរេរា មិនទាន់ដឹងថាគោលដៅជីវិតជាអ្វី? ប៉ុន្តែ ចូរកូនរក្សាចិត្តឱ្យហ្នឹងហ្ន៎ ហើយស្រលាញ់ខ្លួនកូនឱ្យបានច្រើន។
កូនស្រីម៉ែ កូនត្រូវប្រឹងរៀន កុំខ្ជះខ្ជាយពេលវេលា។ ម៉ែមិនចង់សំដៅថាកូនត្រូវតែរៀនពូកែគ្រប់មុខនោះទេ ម៉ែគ្រាន់តែចង់ឃើញថា កូនម៉ែបានប្រឹងប្រែងនិងត្រៀមរួចស្រេច ដើម្បីក្លាយជាមនុស្សធំប្រកបដោយការទទួលខុសត្រូវម្នាក់។ កូនត្រូវចេះដកឃ្លា ចេះកំសាន្តខ្លះ កូនត្រូវចេះថែខ្លួន ថែសុខភាពរបស់កូន ឆាប់ចូលគេង និងញ៉ាំតែរបស់ដែលមានប្រយោជន៍ដល់សុខភាព។
កូនស្រីម៉ែ ម៉ែចិញ្ចឹមកូន ប្រាថ្នាឱ្យកូនម៉ែ ក្លាយជាស្ត្រីរឹងមាំ កាលណាកូនរឹងមាំ គ្មានប្រុសឯណាអាចមកបោកប្រាស់ចិត្តរបស់កូនបានងាយទេ។ ដើម្បីក្លាយជាមនុស្សស្រីរឹងមាំ កូនត្រូវការ ការកសាងខ្លួនរយៈពេលយូរណាស់ កូនត្រូវជឿជាក់លើខ្លួនឯង គ្មានអ្វីដែលកូនមិនអាចធ្វើបានទេ ឱ្យតែកូនព្យាយាម។ តែបើកូនបានព្យាយាមអស់ពីចិត្តហើយ កូនមិនអាចសម្រេចបាន ចូរកូនកុំខូចចិត្ត រៀនទទួលស្គាល់ការពិត ដោះលែងខ្លួនកូន ហើយប្រាប់ខ្លួនឯងថា កូនបានប្រឹងអស់ចិត្តហើយ។
កូនស្រីម៉ែ ម៉ែបង្រៀនកូនពីកិច្ចការផ្ទះ មិនមែនមានន័យថា ម៉ែកំពុង បង្វឹកកូនឱ្យក្លាយជាមេផ្ទះនោះទេ។ តែកូនត្រូវចាំថា ម៉ែកំពុងបង្រៀនពីបំណិនជីវិតឱ្យកូន ដើម្បីកូនអាចរស់នៅស្រួលនាពេលខាងមុខ។ បើមានប្រុសឯណា និយាយថា ការងារផ្ទះធ្វើបាយម្ហូប ជាការងាររបស់ស្រីៗ ចូរកូនកុំរើសប្រុសនោះជាគូជីវិតឱ្យសោះ ប្រុសរបៀបនេះត្រូវបានចិញ្ចឹមឱ្យធំធាត់ដោយសារមនុស្សស្រី តែចូលចិត្តជិះជាន់កំលាំងពលកម្មមនុស្សស្រី។ កូននឹងគ្មានថ្ងៃងើបមុខរួចពីពាក្យថាបង្វិលចង្ក្រានមិនជុំទេ បើកូននៅជាមួយប្រុសម្នាក់នោះ។
កូនស្រីម៉ែ កូនជាមនុស្សស្អាត។ មនុស្សស្អាត មិនសំដៅលើសំរស់ទេ មនុស្សស្អាត ត្រូវមានការជឿជាក់ និងស្រលាញ់រូបសម្បត្តិធម្មជាតិរបស់កូន។ កុំឱ្យមាត់អ្នកណាម្នាក់មកកំណត់តម្លៃនិងរូបសំរស់របស់កូន។ សំរស់ស្អាតពីធម្មជាតិ ជាភ័ព្វសំណាងរបស់មនុស្សម្នាក់ ប៉ុន្តែ ជំនឿចិត្ត គឺចេញពីខ្លួនកូនផ្ទាល់។
កូនស្រីម៉ែ ចូរកូនសាងតម្លៃឱ្យខ្លួនកូន ឱ្យក្លាយជាស្ត្រីដែល សុភាពបុរស ខ្វះកូនមិនបាន។ កូនកុំរើសគូជីវិត ព្រោះតែកូនខ្លាចគេហៅថាកូនសៅកែ។ កូនកុំទទួលក្ដីស្រលាញ់ពីបុរសណាម្នាក់ងាយៗ ព្រោះតែកូនឃើញមិត្តភ័ក្ដិកូនគេមានស្នេហាគ្រប់គ្នា។ ជឿម៉ែទៅ កាលណាកូនជាមនុស្សដែលមានគុណតម្លៃ កូននឹងជួបតែមនុស្សល្អៗ។ ប៉ុន្តែ បើកូនបានជ្រុលជារើសខុសមនុស្ស ចូរកូនកុំសោកសៅរហូតបំផ្លាញខ្លួនឯងឱ្យសោះ កូនត្រូវចាត់ទុកថា មនុស្សអាក្រក់ដែលចូលមកក្នុងជីវិតកូន គឺជាមេរៀនដែលកូនត្រូវរៀនហើយចាំទុក កុំឱ្យកំហុសនេះអាចធ្វើឱ្យកូនឈឺចាប់បានម្ដងទៀតឱ្យសោះ។
កូនស្រីម៉ែ កូនកុំផ្ញើវាសនាកូននឹងអ្នកណាផ្សេងក្រៅពីកូនខ្លួនឯងឱ្យសោះ។ សូមឱ្យកូនស្រីម៉ែ បានធំធាត់ប្រកបដោយភាពជឿជាក់ និងរឹងមាំ។