ទីក្រុងបាងកក ដ៏មមារញឹកនាពេលព្រឹក….
ក្រោកពីគេងឡើង ខ្ញុំខលទៅលេងផ្ទះ ព្រោះនឹកកូនៗណាស់។ ខ្ញុំមកប្រជុំនៅបាងកកនេះ ៣ថ្ងៃហើយ។ រាល់ព្រឹក ពេលនៅផ្ទះខ្ញុំតែងដឹកកូនៗទៅសាលារៀន ប៉ុន្តែពេលខ្ញុំចេញមកធ្វើការនៅក្រៅស្រុកបែបនេះ ប្រពន្ធខ្ញុំជាអ្នកទទួលភារៈនេះ។
មរកត ប្រពន្ធខ្ញុំ នាងតែងនិយាយថា អាណិតកូន បើដាក់ឱ្យកូនជិះឡានសាលា ព្រោះទម្រាំគេដឹកដល់សាលា ឬពី សាលាមកផ្ទះ ប្រើពេលយូរណាស់ ក្មេងក្មាងនៅជិះក្នុងឡានឡើងរញ៉ៃ។ កូនៗដល់ផ្ទះ ក៏អស់កម្លាំងរលីង លែងចង់ធ្វើកិច្ចការសាលា។
សំឡេងសើចកក្អឹករបស់ស្រីតូចកូនពៅខ្ញុំ នាំឱ្យខ្ញុំនឹកផ្ទះជាខ្លាំង។ ភរិយាខ្ញុំតឿននាងពីក្រោយខ្នង ថាឱ្យឆាប់ញ៉ាំបបរបង្ហើយពីចាន ព្រោះដល់ម៉ោងទៅរៀនហើយ។
-បានហើយបង ឱ្យកូនញ៉ាំសិន ដល់ម៉ោងទៅរៀនហើយ អូនក៏ដល់ម៉ោងបើកហាងដែរ។ (ប្រពន្ធសម្លាញ់ខ្ញុំ តឿនខ្ញុំឱ្យដាក់ទូរស័ព្ទចុះ ឈប់នៅញ៉ែងញ៉ងជាមួយកូនពៅទៀត)
-បាយបាយណាស្រីតូច ប៉ាទៅប្រជុំហើយ។ ល្ងាចស្អែកប៉ាប៉ាទៅដល់ផ្ទះវិញហើយ។ កាដូកូនប៉ារៀបក្នុងវ៉ាលិសរួចហើយណា។ បាយបាយ អូនសម្លាញ់ ថើបប្រុសធំ ឱ្យប៉ាមួយផង។
-បាយប៉ា តូចស្រលាញ់ប៉ា
-ប៉ាស្រលាញ់កូនដែរ ថើបមួយកូនពៅ
-ជូបជូប ប៉ាប៉ា
ដាក់ទូរស័ព្ទចុះទាំងញញឹមញញែមសប្បាយចិត្តដែលបាននិយាយទូរស័ព្ទជាមួយកូនៗ។ ខ្ញុំរៀបងូតទឹក ហើយក៏ខ្ញុំចុះញ៉ាំអាហារពេលព្រឹកនៅជាន់ក្រោម។ សុធី ដែលជាជំនួយការរបស់ខ្ញុំ ចាំនៅក្រោមរួចស្រេច។ ញ៉ាំអាហារព្រឹករួច យើងក៏ឡើងទៅបន្ទប់ប្រជុំដែលនៅជាន់លើរបស់សណ្ឋាគារ។
អង្គុយពិភាក្សាជាមួយក្រុមការងារមកពីបណ្តាប្រទេសផ្សេងៗបានមួយសន្ទុះ ខ្ញុំចាប់ផ្ដើម ងងឹតមុខឈឹង ដួលត្មោលទៅក្រោយ។ ខ្ញុំឮសូរសំឡេងជំនួយការខ្ញុំស្រែកហៅឈ្មោះខ្ញុំល្វើយៗ។
“បងសែតៗ!! បងយ៉ាងម៉េចហើយ?? បងសែត!!! ដឹងខ្លួនឡើង”
ខ្ញុំបាត់ស្មារតី មិនដឹងជារយ:ពេលប៉ុន្មានទេ ដឹងខ្លួនឡើងវិញ ខ្ញុំនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យទៅហើយ។ ខ្ញុំមិនបើកភ្នែក មិនអាចកម្រើកខ្លួនបាន តែត្រចៀកខ្ញុំឮ។ ខ្ញុំឮពេទ្យពិភាក្សាគ្នាឈូឆរ។ ពេទ្យប្រាប់ សុធីជំនួយការខ្ញុំថា ថ្លើមខ្ញុំក្រិន ហើយមានដុំសាច់មហារីកមួយធំ ឈានដល់ដំណាក់កាលចុងក្រោយ មិនអាចវះកាត់បានទៀត។ ខ្លាញ់ក្នុងសរសៃឈាមកើនច្រើន ធ្វើឱ្យស្ទះនៅខួរក្បាល។ ភាគរយនៃការសង្គ្រោះមានតិចណាស់ ទោះជាជួយបានផ្នែកខួរក្បាល ក៏ថ្លើមខ្ញុំពិបាកសង្គ្រោះ។
ពុទ្ធោ!! ពេទ្យកំពុងប្រាប់ពីថ្ងៃកំណត់អាយុជីវិតដែលខ្ញុំនៅសេសសល់។ ពេលនេះ ពាក្យដាស់តឿនដែលប្រពន្ធខ្ញុំធ្លាប់និយាយបន្ទោសបានលោតចេញមកត្រដែតនៅនឹងមុខខ្ញុំ។
…….
-បង បងផឹកស្រវឹងរាល់ថ្ងៃបែបនេះ មិនល្អទេបង ប៉ះពាល់សុខភាពណាស់។ (ប្រពន្ធខ្ញុំដាស់តឿនខ្ញុំ នៅពេលខ្ញុំចូលផ្ទះធុំក្លិនស្រា)
-អូនហា បងដើរផឹក មិនអត់ប្រយោជន៍ទេ។ ពួកម៉ាកបងគេអ្នកធ្វើការធំដុំ បងកំពុងសាងទំនាក់ទំនងល្អជាមួយពួកគេ។ ម៉្យាងទៀត ពេលខ្លះមេបងក៏ហៅទៅ គេជួបគ្នា គេនិយាយការងារចុះសម្រុងពេលហ្នឹងដែរ។ អូនគិតមើល បងខំរាល់ថ្ងៃ ដើម្បីអ្នកណា មិនដើម្បីអូនសម្លាញ់និងកូនៗទេ?
-តែបងឯង ផឹកមិនស្វាងសោះហើយ គ្មានពេលឱ្យប្រពន្ធកូនទេបងឯងនេះ
-កុំរអ៊ូមើលសំណព្វចិត្ត “ម៉ែថាបើផឹក សូមកុំឱ្យតែបងមានស្រី”
-បងឯងតែអ៊ីចឹង ផឹកៗមិនដែលស្វាង។ ចាំមើលតែឈឺដឹងខ្លួនហើយ។
ខ្ញុំមិនតបត ថើបថ្ពាល់ក្រអូបរបស់នាងមួយខ្សឺត រួចផ្ដេកនាងទៅលើពូក…
ប្រពន្ធខ្ញុំឃាត់ខ្ញុំមិនដែលឈ្នះទេ ព្រោះខ្ញុំប្រសព្វលួងលោមនាងណាស់។
ខ្ញុំចូលចិត្តការសប្បាយ ផឹកស៊ីអឺងកងក៏ពិតមែន តែខ្ញុំស្រលាញ់ប្រពន្ធកូនខ្ញុំណាស់។ សៅរ៍អាទិត្យ បើនាងចង់ទៅណាខ្ញុំក៏ជូនទៅ។ បើនាងមិនចង់ទេ ទើបខ្ញុំនឹងចេញមកផឹកស៊ីជាមួយមិត្តភិក្ត។
ខ្ញុំចូលចិត្តបរិយាកាសលើកកែវជល់ ខ្ញុំចូលចិត្តសំណើចក្អាកក្អាយជាមួយមិត្តភក្តិ ខ្ញុំគិតថា ខ្ញុំសប្បាយទាន់ខ្លួននៅក្មេងមានកម្លាំង។ ស្រាក្រហម១ដប ឬស្របៀរមួយថូពីរថូ ខ្ញុំផឹកតែម្នាក់ឯងមិនស្រវឹងទេ ពួកម៉ាកខ្ញុំសរសើរថាខ្ញុំនេះផឹកស៊ូណាស់។ បើផឹកជុំគ្នា ពួកវាដួលអស់ នៅតែខ្ញុំទេដែលនៅមានស្មារតីបើកឡានមកផ្ទះវិញបាន។
ខ្ញុំចាប់ផ្តើមចេះផឹក នៅពេលដែលខ្ញុំចូលធ្វើការ។ នៅកន្លែងការងារ បើយើងមិនចេះផឹក គឺមិនអាចចូលចំណោមគេចុះបានទេ។ យើងត្រូវចេះផឹក ចេះយកចិត្តមេ ចេះនាំមេទៅកន្លែងសប្បាយៗ នោះទើបងាយបានឡើងបុណ្យស័ក្តិ ហើយគេមានការងារល្អៗ បានលុយ គេនឹកឃើញដល់យើង។
រហូតមកដល់ពេលនេះ ខ្ញុំឡើងឋាន:ជាមេគេហើយ ខ្ញុំក៏អនុវត្តចំពោះកូនចៅក្រោមបង្គាប់ខ្ញុំ មិនខុសពីមេខ្ញុំចាស់ៗដែរ។ បើអ្នកណាទុយមុយ មិនចេះលើកដាច់ មិនចេះជល់កែវ មិនចេះនាំមេទៅកន្លែងសប្បាយៗ ខ្ញុំទុកវានៅកៀនជញ្ជាំង។ ១ថ្ងៃៗឱ្យវាធ្វើការកំប៉ិកកំប៉ុកកំដររោងបានហើយ។ បើអ្នកណាចេះហើយប្រសព្វយកចិត្តខ្ញុំ អ្នកនោះល្អ អ្នកនោះត្រូវជានិច្ច។
ប៉ុន្តែ ខ្ញុំតែងតែជាស្វាមីល្អជានិច្ច ជួយមើលកូន ជួយជូនកូនទៅសាលារៀន លើកលែងតែរឿងផឹកនេះមួយ ដែលខ្ញុំដូរមិនបាន។ ជាពិសេសខ្ញុំចេះលួងលោមយកចិត្តប្រពន្ធខ្ញុំណាស់ ធ្វើឱ្យនាងរកខឹងខ្ញុំ នឹងរឿងផឹកស៊ីនេះមិនកើតទេ។
កូនខ្ញុំទាំង២ ជាក្មេងគួរឱ្យស្រលាញ់ណាស់។ កូនខ្ញុំទាំង២នាក់ គេស្និទ្ធស្នាលជាមួយខ្ញុំណាស់។ ប្រុសធំអាយុ៨ឆ្នាំ និងស្រីតូចអាយុ៥ឆ្នាំ។ កូនស្រីតូចរបស់ខ្ញុំនៅតូចញ៉ិកញ៉ក់ណាស់។ កូនទាំង២ជាកែវភ្នែករបស់ខ្ញុំ។ ពួកគេចង់បានអ្វីក៏ដោយ ឱ្យតែលួងលោមខ្ញុំតែបន្តិច បេះដូងឪពុកម្នាក់នេះ ច្បាស់ជារលាយអស់ហើយ។ ទោះបីជាកូន ចង់បានព្រះចន្ទនៅលើមេឃ បើខ្ញុំអាចឡើងទៅបេះយកមកបាន ខ្ញុំពិតជាទៅ។
…..
ប៉ុន្តែ ពេលនេះក្រុមគ្រូពេទ្យនៅបន្ទប់សង្គ្រោះបន្ទាន់កំពុង
តែនាំគ្នា កំណត់អាយុរបស់ខ្ញុំហើយ។
គ្រូពេទ្យនិយាយពន្យល់សុធី ជំនួយការរបស់ខ្ញុំពីស្ថានភាពជំងឺខ្ញុំពេលនេះ។ គឺស្រាដែលជាហេតុនាំឱ្យខ្ញុំ ឈានមកដល់ចំណុចនេះ។ គ្រូពេទ្យនិយាយថា ការផឹកសុរា រៀងរាល់ថ្ងៃ ជាង១០ឆ្នាំមកនេះ គឺខ្ញុំបានសន្សំជាតិពុលឱ្យថ្លើមខ្ញុំជារៀងរាល់ថ្ងៃដែរ។ ថ្លើមរបស់ខ្ញុំដែលមិនអាចធន់នឹងសារធាតុពុលនេះក៏កើតជាក្រិន។ ការក្រិនថ្លើមដោយសារសុរា បានធ្វើឱ្យមានដុំសាច់ក្នុងថ្លើម។ ពេលនេះ វាឈានដល់ដំណាក់កាលចុងក្រោយហើយ។
ទេ!!! ខ្ញុំមានបានធ្វើអ្វីខុស? ខ្ញុំគ្រាន់តែស្វែងរកការសប្បាយសម្រាប់ជីវិតប៉ុណ្ណោះ ហេតុអ្វីបានជាគ្រូពេទ្យនេះមានសិទ្ធិមកវាស់វែងអាយុខ្ញុំថាមិនអាចសង្គ្រោះបាន? ចុះពួកម៉ាកខ្ញុំ ដែលផឹកស្រាសប្បាយជាមួយគ្នារាល់ពេលនោះ ម៉េចក៏មិនមានឃើញកើតអីផង? ហេតុអ្វីបានជាជំងឺចង្រៃនេះ កើតមកលើខ្ញុំតែម្នាក់ឯង? មិនពិតទេៗ!!!
គ្រូពេទ្យ ប្រាប់សុធីឱ្យជូនដំណឹងទៅ គ្រួសារខ្ញុំ។ គេមានជំរើសឱ្យយើង គឺ គេអាចដឹកខ្ញុំតាម យន្តហោះពិសេសរបស់ពេទ្យ ទាំងខ្ញុំនៅមានដង្ហើម ដើម្បីមកស្លាប់នៅឯស្រុកយើង ឬមួយទុកនៅព្យាបាលរង់ចាំថ្ងៃខ្ញុំផុតនៅបាងកកនេះ រួចសឹមដឹកសពត្រឡប់មកធ្វើបុណ្យ។
ពុទ្ធោ!! តើមរកតប្រពន្ធខ្ញុំនាងនឹងស្លុតចិត្តយ៉ាងណាពេលដែលសុធីខលប្រាប់នាងបែបនេះ? ប្រពន្ធសម្លាញ់អើយ! កូនយើងនៅតូចៗណាស់ តើអូននឹងប្រាប់គេបែបណាទៅ?
ប្រពន្ធកំសត់អើយ តើអូននឹងឡើងមកបាងកកដើម្បីទទួលបងតែម្នាក់ឯងឬយ៉ាងណា? បានអ្នកណាជាស្មាឱ្យអូនកើយពេលអូននឿយហត់? ប្រពន្ធសម្លាញ់អើយ បានអ្នកណាជួយជូតទឹកភ្នែកអូន? បានអ្នកណាលួងលោមអូនពេលគេដឹកបងទៅផ្ទះយើង?
ទេៗ!!! ខ្ញុំមិនទាន់ចង់ស្លាប់ទេ! ទេវតាជួយខ្ញុំផង កូនខ្ញុំនៅតូចៗណាស់! អាចទេ ខ្ញុំសុំពេលតែ១០ឆ្នាំទៀតប៉ុណ្ណោះ? មេត្តាផងចុះ បើមិនបាន១០ឆ្នាំ ខ្ញុំសូមតែ៥ឆ្នាំប៉ុណ្ណោះ យ៉ាងហោចណាស់ ខ្ញុំសុំនៅមើលប្រុសធំរបស់ខ្ញុំ ចូលរៀនត្រឹមអនុវិទ្យាល័យក៏បានដែរ។ ទេវតាអើយ ទេវតា!
ខ្ញុំរង់ចាំប្រពន្ធខ្ញុំនៅបន្ទប់ ICU។ គ្រូពេទ្យចេញចូលៗថែទាំនិងពិនិត្យ ស្ថានភាពខ្ញុំមិនឈប់ឈរ។ ខ្ញុំអន្ទះសា រង់ចាំការមកដល់របស់ប្រពន្ធខ្ញុំ។
មរកតមកដល់ហើយ!! នាងដើរចូលមកដោយជើងស្រាលស្ងើក នាងយំខ្សឹកខ្សួលស្ងាត់ៗ ប្រហែលជាខ្លាចឮដល់ខ្ញុំ។ នាងស្រវាចាប់ដៃខ្ញុំ នាងមិននិយាយអ្វីទាំងអស់។ នាងយំៗ មិនដឹងថានាងយំយូរប៉ុណ្ណាទេ? ខ្ញុំដែលមានតែសម្បកខ្លួន មិនអាចបើកភ្នែក មិនអាចនិយាយ មិនអាចកម្រើកដៃទៅលួងលោមនាងបានទេ។
ទីបំផុត ក្រោយពេលយំអស់ពេលយ៉ាងយូរមក មរកតក៏និយាយឡើងទាំងក្ងួរចុងច្រមុះ។
-តោះបង! ទៅផ្ទះយើងវិញណា! កូនយើងនៅរង់ចាំ ណាបងណា!
នាងទន្ទេញពាក្យដដែលៗបីដង ហាក់ប្រឹងដាស់ហៅខ្ញុំឱ្យខិតខំទៅតាមសម្បកខ្លួនមួយនេះ។
ប្រពន្ធបងអើយ! ថែខ្លួន មើលកូនយើងផង។ អូនប្រាប់ប្រុសធំផង ធំឡើងធ្វើជាកូនល្អ ការពារប្អូន ការពារម៉ាក់ កុំសេពគប់សុរាឱ្យសោះ។
ប្រពន្ធបងអើយ! អូនប្រាប់ស្រីតូចផង ថាប៉ាមិនបាននៅមើលកូនដល់កូនធំពេញវ័យអាចរើសគូជីវិតទេ។ បើកូនរើសគូជីវិត កូនកុំយកបុរសណាយកសុរាជាការសប្បាយណាកូនតូចរបស់ប៉ា។
ប្រពន្ធបងអើយ! ប្ដីសុំទោស! បើមានជាតិក្រោយ ប្ដីនឹងសងកំហុសនេះឱ្យអូនវិញ។
_____________
សរសេរចប់ម៉ោង ១រសៀលថ្ងៃ 05/12/2020
សារនៃរឿង÷ “ពេលអ្នកចង់ផឹកស្រា អ្នកមានជម្រើស២គឺ ស្រាឬសុខភាព?”
#រក្សាសិទ្ធិ ដោយ #sochivy
-
Join 196 other subscribers
ស្វាគមន៍
ខែធ្នូ 2020 ច អ ព ព្រ សុ ស អា 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 បណ្ណសារ
- ខែមករា 2022 (1)
- ខែមករា 2021 (1)
- ខែធ្នូ 2020 (1)
- ខែតុលា 2020 (1)
- ខែកញ្ញា 2020 (2)
- ខែសីហា 2020 (3)
- ខែកក្កដា 2020 (1)
- ខែមិថុនា 2020 (4)
- ខែឧសភា 2020 (3)
- ខែកញ្ញា 2019 (1)
- ខែសីហា 2019 (2)
- ខែមេសា 2019 (1)
- ខែមករា 2019 (1)
- ខែកញ្ញា 2018 (1)
- ខែសីហា 2018 (1)
- ខែឧសភា 2018 (1)
- ខែវិច្ឆិកា 2017 (1)
- ខែកក្កដា 2017 (2)
- ខែកុម្ភៈ 2017 (1)
- ខែមេសា 2016 (1)
- ខែមីនា 2016 (2)
- ខែមករា 2016 (1)
- ខែធ្នូ 2015 (2)
- ខែវិច្ឆិកា 2015 (2)
- ខែតុលា 2015 (5)
- ខែកញ្ញា 2015 (2)
- ខែសីហា 2015 (1)
- ខែកក្កដា 2015 (7)
- ខែមិថុនា 2015 (2)
- ខែឧសភា 2015 (4)
- ខែមេសា 2015 (2)
- ខែមីនា 2015 (2)
- ខែមករា 2015 (2)
- ខែធ្នូ 2014 (3)
- ខែវិច្ឆិកា 2014 (3)
- ខែតុលា 2014 (3)
- ខែកញ្ញា 2014 (4)
- ខែសីហា 2014 (4)
- ខែកក្កដា 2014 (6)
- ខែមិថុនា 2014 (3)
- ខែឧសភា 2014 (3)
- ខែមេសា 2014 (3)
- ខែមីនា 2014 (1)
- ខែកុម្ភៈ 2014 (3)
- ខែមករា 2014 (6)
- ខែធ្នូ 2013 (4)
- ខែវិច្ឆិកា 2013 (9)
- ខែតុលា 2013 (7)
- ខែកញ្ញា 2013 (5)
- ខែសីហា 2013 (2)
- ខែកក្កដា 2013 (6)
- ខែមិថុនា 2013 (4)
- ខែឧសភា 2013 (8)
- ខែមេសា 2013 (6)
- ខែមីនា 2013 (6)
- ខែកុម្ភៈ 2013 (4)
- ខែមករា 2013 (6)
- ខែធ្នូ 2012 (5)
- ខែវិច្ឆិកា 2012 (6)
- ខែតុលា 2012 (6)
- ខែកញ្ញា 2012 (7)
- ខែសីហា 2012 (6)
- ខែកក្កដា 2012 (4)
- ខែមិថុនា 2012 (6)
- ខែឧសភា 2012 (3)
- ខែមេសា 2012 (5)
- ខែមីនា 2012 (4)
- ខែកុម្ភៈ 2012 (6)
- ខែមករា 2012 (5)
- ខែធ្នូ 2011 (3)
ចំណាត់ក្រុម
អត្ថបទនិងទំព័រល្បីជាងគេ
ចំនួនភ្ញៀវមកដល់ផ្ទះខ្ញុំ
- 58,946 hits
ការចុចច្រើនបំផុត
- មិនមាន
អ្នកភូមិ wordpress
- ការផ្សាយថ្មីៗនៅភូមិវតប្រេស
- កំណត់ហេតុ(អា)ក្បាលធំ
- កំណត់ហេតុបុត្រាខ្មែរ
- កំរងអនុស្សាវរីយ៍សម្ផស្ស
- ក្មេងស្រែ
- ខ្មែរលីង
- គឹមចាន់(សិស្សពូកែគណិតវិទ្យា)
- គ្រាប់ពូជវិជ្ជា
- គ្រួសាររីករាយ
- តាម៉ាប់
- បង Sothea
- បងកល្យាណ
- បូណាអ្នកកោះធំ
- ប្លក់រៀនដើម្បីខ្មែរ
- ផ្កាយសួគ៌
- ពូ achharia
- លោកស្រុកស្រែ
- សម័យកាលនៃការចែករម្លែក(លឿង ចន្ថា)
- ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
- ហេង ឌី
- អ៊ឹម រចនា
- អ្នកនិពន្ធវ័យក្មេងសួងម៉ាក់
- freshly press
- Sophat
Blogroll