យើងគ្រប់គ្នា សុទ្ធតែដឹងថា ការអានជួយអភិវឌ្ឍខួរក្បាលយើងឱ្យកាន់តែឆ្លាតនិងចេះគិតគូរ ងាយដោះស្រាយបញ្ហានិង មានគំនិតបង្កើតថ្មីប្លែក។ ចំពោះកុមារ គេងាយនឹងជាប់យកទម្លាប់អាន កាលណាយើងណែនាំគេឱ្យឆាប់ទម្លាប់អានតាំងពីតូច។ សូមកុំគិតថា កូននៅតូចពេក មិនទាន់អានយល់។ សៀវភៅកុមារ ជាទូទៅមានរូបភាពច្រើន និងមានពណ៌ស្រស់ឆើតឆាយសម្រាប់ទាក់ចិត្តកុមារ។
កូនស្រីធំរបស់ខ្ញុំ ចាប់ផ្ដើមស្គាល់សៀវភៅនៅពេលនាងអាយុ១០ខែ។ ខ្ញុំទិញសៀវភៅបែបមានរូប ជាសៀវភៅទន់បែបក្រណាត់ និងសៀវភៅក្រាស់រឹងដូចក្ដារ។ នាងចូលចិត្តនៅពេលដែលយើងជាម្ដាយ ចាប់បើកសៀវភៅជាមួយនាង ហើយនាំនាងអាន។ បន្តមកទៀត នាងចូលដល់វ័យដែលដឹងថា ពេលហែកសៀវភៅក្រដាសស្ដើងៗ សៀវភៅនឹងរហែកឮសូរខ្វោកខ្វាក ដូច្នេះនាងហែកក្រដាសកាសែត និងទស្សនាវដ្ដី ហើយសើចសប្បាយនឹងបទពិសោធន៍ថ្មីនេះ។ ខ្ញុំបណ្ដោយឱ្យនាងហែកក្រដាសកាសែតនិងទស្សនាវដ្ដីទាំងនោះ ដោយមិនចាប់នាងចេញនោះទេ។ តពីនោះមកសៀវភៅបានក្លាយជាមិត្តនាង។ កាលនោះ កន្លែងដើរកំសាន្តចុងសប្តាហ៍របស់យើង គឺ បណ្ណាគារ។ ឪពុកនាងចាប់ផ្ដើមនាំកូនឱ្យស៊ាំនឹងបណ្ណាគារ។ មិនដែលថាទៅបណ្ណាគារម្ដងណាហើយ មិនបានសៀវភៅកុមារថ្មីៗមកផ្ទះនោះទេ។ គ្មានបណ្ណាគារណាដែលយើងមិនដែលចូលនោះទេ ព្រោះពេលវេលាចុងសប្តាហ៍របស់យើងគឺនៅបណ្ណាគារ។
ពេលកូននៅតូច សៀវភៅគ្រាន់តែមានរូបភាពច្រើន គឺអាចទាក់ទាញកូនបានហើយ។ ប៉ុន្តែ នៅពេលគេឈានដល់វ័យ ២ឆ្នាំឬ៣ឆ្នាំឡើងទៅ ខ្ញុំរើសសម្រិតសម្រាំង សៀវភៅដែលសមស្របទៅតាមវ័យរបស់គេ។ សៀវភៅដែលខ្ញុំតែងទិញឱ្យកូនអាន មានរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីបា៉ និងរបស់នគរអាន។ សៀវភៅទាំងឡាយរបស់ គ្រឹះស្ថានទាំង២នេះ ផលិតឡើងពីអ្នកជំនាញខាងសៀវភៅកុមារ ដែលមានរឿងខ្លី ល្បែងកុមារ និងចំណេះដឹង បំណិនជីវិត សមស្របតាមការលូតលាស់របស់កុមារ។ ស៊ីប៉ា សម្បូរ រឿងកុមារដែលមានអត្ថន័យល្អ សៀវភៅទាំងនោះ និពន្ធដោយអ្នកនិពន្ធដែលធ្វើការទាក់ទងនឹងសៀវភៅកុមារ។ លើសពីនេះ ស៊ីប៉ា ក៏មានបោះផ្សាយសៀវភៅ មានចំណេះដឹងទូទៅ ប្រវត្តិសាស្ត្រ និងបំណិនជីវិត ដែលស័ក្តិសមសម្រាប់កុមារអានផងដែរ។ នគរអាន ក៏មានសៀវភៅកុមារច្រើនផងដែរ ជាពិសេសសម្រាប់ក្មេងអាយុ ចាប់ពី២ទៅ៣ឆ្នាំ។ រឿងកុមាររបស់នគរអាន មានរូបភាពទាក់ចិត្តក្មួយៗខ្ញុំណាស់។ គេចូលចិត្តអង្គុយលើភ្លៅហើយស្ដាប់អ៊ំនិទានដោយមិនរពឹសទេ។ សៀវភៅនគរអាន ភាគច្រើននិពន្ធដោយអ្នកនិពន្ធដែលជំនាញខាងកុមារតូចៗ។
សូមធ្វើខ្លួនអ្នកជាគំរូសម្រាប់កូន បើអ្នកចង់ឱ្យកូនស្រលាញ់សៀវភៅ ស្រលាញ់ការអាន។ ដាក់ទូរស័ព្ទ និងឡេបថបចុះ រួចចាប់ផ្ដើមអានជាមួយគេ តាំងពីគេនៅតូច។ ការបណ្តុះបណ្តាលទម្លាប់ល្អនេះដល់កូនយើង ទាមទារនូវការប្រឹងប្រែងពីយើងជាឪពុកម្ដាយ។ សង្គមមួយដែលមានអ្នកអានកាន់តែច្រើន សង្គមនោះនឹងរីកចំរើន។