បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា” មនុស្សស្រី ស្លៀកពាក់ស៊ិចស៊ី ជាសិទ្ធិរបស់គេ កូនគ្មានសិទ្ធិវាយតម្លៃឬប៉ះពាល់បៀតបៀនគេទេ បើគេមិនអនុញ្ញាត។ មនុស្សប្រុសដើមទ្រូង៥ហត្ថមិនមែនកើតមកសម្រាប់មើលងាយមនុស្សស្រីទេ។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា” កូនស្រលាញ់អី កូនចង់ធ្វើអីជាសិទ្ធិរបស់កូន។ ចូរកូនរៀនស្វែងយល់ដោយខ្លួនឯង ហើយត្រូវចាំថា មិនមែនគ្រប់មនុស្សប្រុសទាំងអស់ សុទ្ធតែគោរពនិងផ្ដល់តម្លៃមនុស្សស្រីទេ ការប្រយ័ត្នខ្លួន គិតមុខគិតក្រោយ គេហៅថា សុវត្ថិភាពជាចំបង។”
បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីកើតមកមិនមែនជា គ្រឿងលេងដែលចង់លេងសើចយ៉ាងណាក៏បាននោះទេ។ កើតជាមនុស្សប្រុស បើមិនបានជួយអ្វីឱ្យចម្រើនជាតិទេ កុំបៀតបៀនមនុស្សស្រីឱ្យសោះ។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា “បើប្រុសម្នាក់នោះគេស្រលាញ់កូនពិត ហើយកូនក៏ស្រលាញ់គេដែរ ចូរកូនកុំមើលងាយក្ដីស្រលាញ់របស់គេឱ្យសោះ ចូរកូនស្រលាញ់និងផ្ដល់តម្លៃគេផង។”
បើខ្ញុំមានកូនប្រុស ខ្ញុំនឹងចិញ្ចឹមគេ ដោយឱ្យគេក្លាយជាមនុស្សឯករាជ្យ និងមានការទទួលខុសត្រូវម្នាក់។
បើខ្ញុំមានកូនស្រី “ខ្ញុំនឹងប្រាប់គេថា រើសមនុស្សដែលទទួលខុសត្រូវ ឱ្យមើលលើទង្វើរបស់គេ កូនកុំប្រើត្រចៀកស្ដាប់តែពាក្យផ្អែមល្ហែមរបស់គេ។”
បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីចូលចិត្តមនុស្សប្រុសដែលគោរពផ្ដល់តម្លៃ ចំពោះនាង។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់គេថា “បើប្រុសម្នាក់គោរពនិងផ្ដល់តម្លៃចំពោះកូន ចូរកូនចាប់ដៃគេឱ្យជាប់ ហើយផ្ដល់ក្ដីស្រលាញ់និងការគោរពនេះចំពោះគេវិញផង។”
បើខ្ញុំមានកូនប្រុស ខ្ញុំនឹងប្រាប់គេថា “មនុស្សស្រីង៉ក់ងរទាមទារការចាប់អារម្មណ៍ កូនលួងគេខ្លះផង ព្រោះមនុស្សស្រីងរគួរឱ្យស្រឡាញ់។”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់នាងថា “កុំព្រោះតែគេលួងកូន កូនក៏ជាន់ឈ្លីទឹកចិត្តគេ យកតែចិត្តខ្លួនឯង មិនស្ដាប់ហេតុផលរបស់គេ។ ចូរកូនចាំថា ការង៉ក់ងរតិចតួចនឹងផ្ដល់សោភ័ណដល់ស្នេហាកូន តែបើញឹកញាប់ កូននឹងក្លាយជាក្មេងដែលយកតែចិត្តខ្លួនឯងមិនចេះធំដឹងក្ដី។”
បើខ្ញុំមានកូនប្រុស ខ្ញុំនឹងបង្រៀនគេថា “ការងារផ្ទះ មិនមែនជាការងារដាច់មុខរបស់មនុស្សស្រីទេ កូនត្រូវរៀនឱ្យចេះសព្វមុខ ហើយជួយនាងផង ព្រោះយើងនៅផ្ទះជាមួយគ្នា ញ៉ាំបាយជាមួយគ្នា”
បើខ្ញុំមានកូនស្រី ខ្ញុំនឹងប្រាប់នាងថា”កូនត្រូវរៀនឱ្យចេះការងារផ្ទះ មិនមែនដើម្បីក្លាយខ្លួនជាមេផ្ទះរបស់អ្នកណាទេ តែវាជាបំណិនជីវិតដើម្បីកូនរស់បានដោយខ្លួនឯង។ បើប្រុសណានិយាយថា ការងារផ្ទះជាការងារស្រី កូនកុំយកប្រុសនោះធ្វើជាគូជីវិត ព្រោះគេនឹងគ្មានថ្ងៃយល់ពីការលំបាករបស់ភរិយាទេ។ បើប្រុសណា ធ្វើការងារផ្ទះដោយមិនប្រកាន់ខ្លួន ចូរកូនរក្សាគេឱ្យគង់ ហើយធ្វើជាភរិយាល្អរបស់គេផង”
(នៅមានពាក្យច្រើនទៀត ដែលម៉ែម្នាក់ចង់ប្រដៅកូនគាត់…)
អត្ថបទរក្សាសិទ្ធិ ដោយ So Chivy