Cambridge ជាទីក្រុងនៃសកលវិទ្យាល័យស្ថិតនៅចំងាយប្រហែលជា៨០គ.មពីក្រុងឡុងដ៍ ដ៏ល្បីល្បាញរបស់អង់គ្លេស។ ក្រុងតូចច្រឡឹង ស្ងប់ស្ងាត់សំរាប់អ្នកសិក្សានេះ ជាកន្លែងដែលស្វាមីខ្ញុំប្រាថ្នាចង់ទៅស្គាល់ឱ្យបានម្ដងក្នុងឆាកជីវិត។ កាលគ្រានោះ មុនកាលដែលយើងចេញពីភ្នំពេញ ស្វាមីខ្ញុំបានរៀបគំរោងនេះរួចស្រេចហើយ ថាយើងនឹងចេញពីក្រុងឡុងដ៍តាមរថភ្លើង ពី ស្ថានីយ King’s Cross។កាលនោះ ដោយបានកក់សំបុត្ររថភ្លើងរួចស្រេចពីភ្នំពេញ យើងគ្រាន់តែទៅទាញយកសំបុត្រពី ទូយកសំបុត្រដែលនៅស្ថានីយរថភ្លើងជាការស្រេច។ ក្រោយពីយើងដើររក Platform រថភ្លើងដែលត្រូវជិះឃើញហើយ យើងក៏រកមើលញ៉ាំអាហារថ្ងៃត្រង់ រួចស្រេចទើបចូលហាងលក់ទំនិញដែលនៅក្បែរនោះ ទិញចំណីខ្លះនិងទឹកសុទ្ធសម្រាប់ញ៉ាំសំរន់លើរថភ្លើង។ យើងចេញដំណើរតាមរថភ្លើង សំដៅស្ថានីយ Cambridge។ នៅលើរថភ្លើង ដោយមាន Free wifi យើងក៏ឆ្លៀត ខលមកលេងផ្ទះ ខលចូលកូនពៅយើងជាអ្នកលើកទូរស័ព្ទ តែគេមិនចាប់អារម្មណ៍ន២កយើងដូចដែលយើងនឹកគេនោះទេ។ ដាក់ទូរស័ព្ទចុះ យើងឆ្លៀតមើលទិដ្ឋភាពតាមផ្លូវនៃភូមិស្រុករបស់ប្រទេសអង់គ្លេស។ រចនាបទផ្ទះនៅទីនោះ ប្លែកម៉្យាងពីផ្ទះនៅស្រុកបារាំង ត្រង់ បង្អួចមិនជាធំហើយខ្ពស់ដូចផ្ទះជនបទនៅបារាំងទេ តែដែលឱ្យងាយសំគាល់បាន គឺបង្អួចទាំងអស់ មានដាក់ស៊ុម ឈើពណ៌ស ដែលមើលទៅប្លែកភ្នែកម៉្យាង សម្រាប់អ្នកស្រុកឆ្ងាយដូចពួកយើង។
រថភ្លើង ដែលលូនលឿន រួចក៏បន្ថយល្បឿនបន្តិចម្ដងៗ ពេលដែលចូលកាន់តែកៀកស្ថានីយក្រុង Cambridge។ ខ្ញុំចុះពីរថភ្លើងដោយហេលហាល មិនដឹងថា នឹងទៅណាមកណី ព្រោះលើកនេះ ស្វាមីខ្ញុំជាអ្នក Surprise ដោយគាត់ជាអ្នករៀបគម្រោងទាំងអស់។ គាត់នាំខ្ញុំដើរមើលសួនក្បែរៗស្ថានីយ រួចទើបបបួលគ្នាជិះឡាន Double decker ប្រភេទ ឡានក្រុង City sight seeing ដែលនឹងភ្ញៀវជិះ មើលក្រុងតូចច្រឡឹងនេះក្នុងតម្លៃម្នាក់ប្រមាណ១៨ផោន។ ដំបូង ខ្ញុំនឹកស្ដាយលុយយ៉ាងខ្លាំង ប្រកែកមិនចង់ជិះទេ តែស្វាមីថា បំណាច់មកលេងហើយ បើមិនជិះឱ្យបានម្ដង តិចថាស្ដាយក្រោយ 😁។
ឡានក្រុង នាំយើងមើលក្រុង Cambridge ដ៏តូចច្រឡឹងស្ងប់ស្ងាត់។ ខ្ញុំហាក់លង់លក់នឹងទេសភាពក្រុង ដែលលំអដោយផ្ការីកគ្រប់ទិសទី មិនបានចាប់អារម្មណ៍នឹងពាក្យអត្ថាធិប្បាយរបស់មគ្គុទេសក៍នោះទេ។ ប្រទេសអឺរ៉ុប នារដូវផ្ការីក ទាក់ចិត្តខ្ញុំលើសរដូវណាៗទាំងអស់។ វាលស្មៅខៀវខ្ចី លំអដោយផ្កាលឿងតូចៗ ដើម Cherry ដើម Peach ដើមប៉ោម ចេញផ្កាព្រោងព្រាត ពេញមុខផ្ទះ នាំចិត្តខ្ញុំឱ្យនឹកដល់រដូវស្វាយចេញផ្កានាស្រុកយើងដែរ។ ផ្កាៗ ទីណាក៏ផ្កា ព្រះអាទិត្យដ៏កក់ក្ដៅ នារសៀលម៉ោង២ ចាំងមក លើក្រុង Cambridge ទាំងមូល ខ្យល់បក់បន្តិចៗមក បរិយាកាសនាពេលនោះ សីតុណ្ហភាពប្រហាក់ប្រហែល ២០អង្សារប៉ុណ្ណោះ សមល្មមឱ្យចិត្តអ្នកចូលចិត្តត្រជាក់ល្មម រីករាយស្រស់ថ្លាមិននឿយណាយ។ ពេលឡានក្រុុង មកដល់ជិតចំណតស្ទឹង Cam ដែលហូរកាត់ក្រុង Cambridge ស្វាមីខ្ញុំដែលបានរៀបគម្រោងនៃដំណើរនេះហើយ ក៏សម្រេចចិត្តចុះ ត្រឹមចំណតនេះ។ គាត់បបួលខ្ញុំ ជិះទូកដោលដោយឈើ (Rowing pun) តាមបណ្ដោយស្ទឹង Cam ដែលហូរកាត់សកលវិទ្យាល័យ Cambridge ដ៏ល្បីល្បាញ។ តាមបណ្តោយស្ទឹង Cam អ្នកចែវទូក រៀបរាប់ប្រាប់យើង ពី មហាវិទ្យាល័យនីមួយៗ និងរឿងរ៉ាវដ៏ល្បីល្បាញ របស់វា។ រឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើនទាក់ទងនឹងសកលវិទ្យាល័យដ៏ចំណាស់នេះ បានត្រូវលើកមករៀបរាប់ដោយអ្នកចែវទូក។ មហាវិទ្យាល័យដែលនៅអមសងខាងនៃស្ទឹង Cam មានរឿងរ៉ាវប្លែកៗនិងអស្ចារ្យខុសៗគ្នា។ ខ្ញុំចាំបាន យើងជិះកាត់មហាវិទ្យាល័យមួយ (ភ្លេចឈ្មោះបាត់ហើយ) ដែលគេយកជាប្លង់ថតរឿង Harry Potter ដ៏ល្បីល្បាញរបស់អ្នកស្រី JK Rowling។ អ្នកចែវទូក ក៏មិនភ្លេចរំលឹកយើងដែរ នៅពេលដែលទូកយើងកូនក្រោមស្ពានមួយ ទីដែលអ្នកប្រាជ្ររូបវិទ្យាដ៏ល្បីល្បាញ Stephen Hawking បានជួបភរិយាគាត់ Jane Wilde។
ពេលទូកវិលត្រឡប់មកដល់ចំណតដើមវិញ យើងចុះពីទូកប្រកបដោយអារម្មណ៍រីករាយនិងស្រស់ថ្លា។ យើងបន្តដំណើរចច្រប់ ជិតៗជុំវិញ Campus មហាវិទ្យាល័យនានាក្នុងបណ្ដុំសកលវិទ្យាល័យដ៏ចំណាស់នេះ។ ដោយឆែកមើលទៅ ចំងាយផ្លូវត្រឡប់មកស្ថានីយរថភ្លើងមិនជាឆ្ងាយប៉ុន្មាន យើងក៏សម្រេចចិត្តដើរលេងៗកាត់ភូមិស្រុកនៅក្នុងក្រុងស្ងបើស្ងាត់មួយនេះ។ ទិដ្ឋភាពទូទៅនៃក្រុងCambridge មានសភាពស្ងប់ស្ងាត់មនោរម្យគួរឱ្យចង់រស់នៅណាស់ ផ្ទះនីមួយៗសង់យ៉ាងស្អាតនុងមានរបៀបរៀបរយ។ មិនយូរប៉ុន្មាន យើងក៏បានដើរមកដល់ស្ថានីយ៍រថភ្លើងវិញ។
យើងអង្គុយចាំរថភ្លើងត្រឡប់មកក្រុងឡុងដ៍វិញនៅហាងអាហារមួយនៅឯស្ថានីយ៍។ ពេលរថភ្លើងចាកចេញ មេឃចាប់ផ្ដើមងងឹតហើយ Cambridge និងសកលវិទ្យាល័យនៅទីនោះ បានឆក់យកបេះដូង២នាក់ប្ដីប្រពន្ធយើងឱ្យនឹកមិនភ្លេចនៅបរិយាកាសនិងសម្រស់ទីក្រុងនេះមិនដាច់។លាសិនហើយ Cambridge បើមាននិស្ស័យ យើងនឹងជួបគ្នាម្ដងទៀតជាក់ជាមិនខាន។


