ដំណើរទៅក្រុងឡុងដ៍ ខែមេសាឆ្នាំ២០១៨


London ទីក្រុងដែលខ្ញុំមិនដែលធ្លាប់ប្រាថ្នាចង់ទៅ។ កាលឆ្នាំ២០១៨ដែលខ្ញុំបានទៅលេងប្រទេសបារាំង ខ្ញុំក៏នឹកឃើញចង់ទៅលេងប្អូនប្រុសពៅខ្ញុំដែលរស់នៅប្រទេសអង់គ្លេស។ ចិត្តដែលនឹករលឹកប្អូនពៅ ដែលឃ្លាតឆ្ងាយគ្នាអស់៤ឆ្នាំ បានជំរុញចិត្តខ្ញុំឱ្យរៀបចំដំណើរនេះឡើង។

កាលនោះ ពេលដែលប្ដីប្រពន្ធយើងចេញពីភ្នំពេញបានទៅដល់ប៉ារីសហើយ យើងសម្រាក១យប់នៅប៉ារីស នៅជិតនឹងស្ថានីយ៍រថភ្លើងលឿន Gare Paris du Nord។ ដោយសារស្វាមីខ្ញុំ បានកក់សំបុត្ររថភ្លើងរួចហើយតាំងពីភ្នំពេញ រីឯវិសាប្រទេសអង់គ្លេសក៏បានសុំរួចរាល់ ដូច្នេះដំណើរនេះមិនមានការពិបាកប៉ុន្មានទេ។ ម៉ោង៧កន្លះព្រឹកនៅប៉ារីស យើង២នាក់ប្ដីប្រពន្ធឡើងរថភ្លើងល្បឿនលឿន មកក្រុងឡុងដ៍ ដែនដីរបស់ម្ចាស់ក្សត្រី អេលីហ្សាប៊ែតទី២។ រថភ្លើងលូនលឿនសំដៅ ស្ថានីយ៍ King’s cross st Pancras ក្នុងរយៈពេលជាង២ម៉ោង។ យើងបានកក់សណ្ឋាគារនៅម្ដុំស្ថានីយ៍នោះរួចស្រេចតាំងពីភ្នំពេញ ប៉ុន្តែទៅដល់ភ្លាម យើងមិនអាច Check in បាននៅឡើយទេ ដោយសារមិនទាន់ដល់ម៉ោងអាចចូលបាន ដូច្នេះហើយ យើងក៏ផ្ញើសំពាយវ៉ាលីដ៏ធ្ងន់របស់យើងនៅសណ្ឋាគារ រួចទើបចេញដើរលេង។ ស្វាមីខ្ញុំដែលជាអ្នកពេញចិត្តនឹងសកលវិទ្យាល័យ Cambridge ដ៏ល្បីឈ្មោះ បានកក់សំបុត្ររថភ្លើងតំបន់ ចេញពី St Pancras ទៅ Cambridge ក្រុងតូចស្ងប់ស្ងាត់របស់អ្នកសិក្សានោះរួចស្រេចទៅហើយ (ខ្ញុំនឹងរៀបរាប់ពីដំណើរ ទៅ Cambridge នៅពេលណាមួយ)។

តាមការណាត់ ប្អូនពៅខ្ញុំបានមកជួបពួកយើង រួចនាំយើងទាំង២នាក់ប្ដីប្រពន្ធដើរមើលក្រុងឡុងដ៍ ដ៏ស្រស់ឆើតឆាយ។ ក្រោយពេលជួបគ្នា អោបគ្នាយំសារស័ព្ទក្ដីនឹករលឹកចំពោះគ្នាអស់ចិត្ត ខ្ញុំក៏រៀបចំប្រមូលបញ្ញើចំណីហូបឱ្យប្អូនយកទុកដាក់នៅសណ្ឋាគារដែលវាសម្រាកទើបនាំគ្នាចេញទៅដើរមើលក្រុងគេ។ អាកាសធាតុក្រុងឡុងដ៍ ពេលនោះ រងាហើយរលឹមផ្សែងក្រូចឥតដាច់។ ស្វាមីខ្ញុំ ដែលមានតែអាវធំ និងអាវក្នុង២ជាន់ ក៏រងាសឹងទ្រាំមិនបាន ភ្លៀងផង ខ្យល់ត្រជាក់បក់តិចៗមកផង ធ្វើឱ្យយើងដើរកៀកគ្នាស្និទ្ធ លែងខ្មាសប្អូន 😁។

យើងទៅមើលការដើរក្បួនទ័ពការពារនៅមុខ វិមាន Buckingham palace ទាំងភ្លៀងរលឹមឥតដាច់ ជាសំណាងដែរ ដែលពួកយើងមានឆ័ត្រ២។ ប្អូនប្រុសខ្ញុំថា ១ឆ្នាំមាន៣៦៥ថ្ងៃ ស្រុកនេះភ្លៀង៣០០ថ្ងៃហើយ បើចង់បានលេងសប្បាយ ទាល់តែទៅខែ៦ ទើបអន់ភ្លៀង។ តែទោះយ៉ាងណា ភ្លៀងនិងអាកាសធាតុត្រជាក់ស្រេងនេះមិនអាចរារាំងយើងបានទេ បំណាច់នឹងអស់លុយ វិសាផង សំបុត្ររថភ្លើងផង សណ្ឋាគារផង យើងត្រូវតែដើរថតទាំងភ្លៀង 😁។ ចេញពីមុខវាំង Elizabeth the second យើងជិះ Metro ទៅ Westminster Abby ជាវិហារ កន្លែងដែលរាជវង្សអង់គ្លេសរៀបការនៅទីនោះ តែយើងមិនបានចូលទេ ដោយសារពេលយើងមានខ្លីពេក។ យើងទៅញ៉ាំបាយថ្ងៃត្រង់នៅហាងចិនឯត្រើយម្ខាងទន្លេ Thames river ព្រោះប្អូនពៅថា ម្ហូបអង់គ្លេសពិបាកញ៉ាំ។ ចេញពីបាយថ្ងៃត្រង់ យើងទៅមើល និវេសនដ្ឋាននាយករដ្ឋមន្ត្រីអង់គ្លេស រួចក៏ទៅ London Eyes តែយើងអត់បានឡើងជិះកន្ត្រកវិល London Eyes ទេ ដោយសារជួរមនុស្សឈររង់ចាំវែងពេក។ យប់ឡើងក៏ទៅលេង នៅផ្សារអាស៊ី Oxford circuses ញ៉ាំម្ហូបអាស៊ីទៀត។

ព្រឹកថ្ងៃទី២ មុនពេលចេញពីក្រុងឡុងដ៍ដ៏សែនរងា យើងបានទៅលេង Tower bridge ដែលក្មេងៗចំណាំច្រៀង “London bridge is falling down falling down..” ថតរូបបានខ្លះ(រងាពេក មាត់ឡើងស្វាយលែងចង់ថត😂😂) ។

មុននឹងបែកគ្នា ប្អូនពៅជូនត្រឹមស្ថានីយ៍ St Pancras យើងបានលាគ្នាដោយមិនរំពឹងបានជួបគ្នាឆាប់ៗនោះទេ។ ២នាក់ប្ដីប្រពន្ធយើងក៏បានឡើងយន្តហោះពី Heathrow airport សំដៅទៅ អាកាសយានដ្ឋាន Schiphol airport ប្រទេសហូឡង់ ដែលជាទិសដៅបន្ទាប់ក្នុងដំណើរលើកនេះ។ លាហើយ ក្រុងឡុងដ៍ យើងច្បាស់នឹងជួបគ្នាម្ដងទៀត។

Buckingham palace

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s