ដំណើរទៅលេងទ្វីបអឺរ៉ុបដោយចំណាយតិច


ក្នុងដំណើរទៅលេងទ្វីបអឺរ៉ុបកាលពីឆ្នាំ២០១៨របស់ខ្ញុំ ខ្ញុំក៏បានសម្រេចនូវបំណងប្រាថ្នាទៅឃើញស្រុកអឺរ៉ុបនារដូវផ្ការីក ។ ខ្ញុំនឹងរៀបរាប់នៅដំណើរដែលពោរពេញដោយអនុស្សាវរីយ៍គួរឱ្យចងចាំនេះ ទុកដើម្បីរំលឹកនឹកដល់ ជាសុភមង្គលក្នុងចិត្តនៅវ័យចំណាស់ ហើយក៏ដើម្បីជាគន្លឹះបើមានមិត្តអ្នកអានចង់ដឹងពីវិធីដើរលេងស្រុកអឺរ៉ុបកុំឱ្យចំណាយច្រើន។

ដំណើរទៅលេង អឺរ៉ុបកាលពីខែមេសាឆ្នាំ២០១៨ ខ្ញុំបានត្រៀមទុកតាំងពីចុងឆ្នាំ ២០១៧មកម៉្លេះ។ ស្វាមីខ្ញុំដឹងថា ខ្ញុំស្រលាញ់ផ្កា ហើយមានបំណងប្រាថ្នាចង់ទៅលេងប្រទេសខាងអឺរ៉ុបនារដូវផ្ការីក។ ចៃដន្យអី គាត់ឆែកមើលតម្លៃសំបុត្រយន្តហោះលេងៗ ស្រាប់តែឃើញថា Emerate air មានបញ្ចុះថ្លៃយ៉ាងពិសេស សំបុត្រសំរាប់ទៅមកភ្នំពេញ-ប៉ារីស តម្លៃតែ ប្រហែល៦០០ដុល្លាប៉ុណ្ណោះ។ ហិហិហិ ចាំអីទៀត គាត់កក់ភ្លែត ដោយមិនបារម្ភពីរឿងទិដ្ឋាការទេ ព្រោះយើងធ្លាប់បានទៅលេងស្រុកបារាំងម្ដងហើយកាលពីឆ្នាំ២០១៥ ដូច្នេះយើងមិនចាំបាច់គិតច្រើនទេ ការទទួលបានទិដ្ឋាការឬវីសា មិនមែនជាការលំបាកសម្រាប់ពួកយើងទេ។ ក្រោយពេលកក់រួចហើយ យើងចាប់ផ្តើមដាក់ពាក្យសុំវីសា Schengen Visa ពីស្ថានទូតបារាំងនៅក្រុងភ្នំពេញ។ ដើម្បីសុំវីសានោះ តម្រូវឱ្យមានភ្ជាប់សៀវភៅធនាគារដែលមានចំណូលរបស់យើង មានពាក្យសុំនិងអនុញ្ញាតច្បាប់ពីកន្លែងធ្វើការ មានបណ្ណគ្រួសារ សៀវភៅស្នាក់នៅ (បកប្រែជាភាសាបារាំងឬអង់គ្លេស) រូបថត ៥*៥ស.ម មានបណ្ណធានារ៉ាប់រងដែលទិញពីក្រុមហ៊ុនក្នុងស្រុក និង លិខិតអាពាហ៍ពិពាហ៍ប្ដីប្រពន្ធខ្ញុំ និងឯកសារចាំបាច់មួយចំនួនទៀត ដូចជាសំបុត្រយន្តហោះ ទីកន្លែងដែលយើងនឹងស្នាក់នៅពេលទៅដល់(ខ្ញុំកក់សណ្ឋាគារតាមវេប Booking)។ ដោយសារខ្ញុំធ្លាប់ទៅលេងម្ដងកាលពីឆ្នាំ២០១៥ ដូច្នេះខ្ញុំគិតថា អ្នកពិនិត្យឯកសារពួកខ្ញុំនឹងមិនពិបាកក្នុងការសម្រេចចិត្តផ្ដល់វីសាទេ។ តម្លៃវីសា Schengen តាមចាំបានដូចជា ប្រហែល ខ្ទង់៦០ទៅ៧០ដុល្លា។

ក្រោយពេលបាន វីសា Schengen ហើយ ទើបខ្ញុំចាត់ចែងមើលឆែករៀបចំ Itinerary ដំណើរនេះ។ ដោយគិតថា បំណាច់ធ្វើដំណើរ ប្រាំ ប្រាំមួយពាន់គីឡូម៉ែត្រហើយ ហេតុអ្វីមិនសាកសុំវីសា United kingdom ទៅលេងប្អូនពៅដែលរស់នៅទីនោះផង។ ស្វាមីក៏ចាត់ចែងសុំវីសាប្រទេសអង់គ្លេស។ វីសាអង់គ្លេស រៀងពិបាកសាំញ៉ាំបន្តិច វាទាមទារបំពេញឯកសារច្រើនបន្តិច ហើយអស់លុយក៏មិនស្ទើរដែរ ម្នាក់អស់ ២០០ដុល្លាជាង។ ក្រោយបានវីសាអង់គ្លេសហើយ ឃើញថា កាន់កៀកថ្ងៃធ្វើដំណើរហើយ ខ្ញុំចាប់រៀបកម្មវិធី ដំណើរនេះ ដោយចេញពីភ្នំពេញ ដល់ប៉ារីស សម្រាកមួយយប់សិន ក៏រកកក់ដណ្ឋាគារដែលនៅជិតនឹង Gare Du Nord (តម្លៃជាង១០០ដុល្លាក្នុង១យប់ នេះថោកបំផុតហើយ មិនមានសណ្ឋាគារណាថោកដូចនេះទេ នៅម្ដុំស្ថានីយ៍នោះ) ងាយស្រួលព្រឹកឡើងជិះ TGV ទៅអង់គ្លេស។ រួចយើងចាប់ផ្តើមកក់ សំបុត្រ TGV តាមអនឡាញ តម្លៃដូចជាជិត១០០ដុល្លា និងកក់សណ្ឋាគារជាបន្តបន្ទាប់សម្រាប់ការស្នាក់នៅអង់គ្លេស( តម្លៃប្រហែលជា ១០០ដុល្លាជាងដែរតាមចាំ ហើយលើកក្រោយខ្ញុំនឹងនិយាយពីដំណើរទៅក្រុងឡុងនេះម្ដង)។ តាមគ្រោង ក្រោយស្នាក់នៅ London ២យប់ យើងជិះយន្តហោះពី Heathrow airport ពីអង់គ្លេសទៅចុះនៅ Schiphol airport ប្រទេសហូឡង់។ បើមានឱកាស ខ្ញុំនឹងរៀបរាប់ពីដំណើរទៅមើល Tulip Garden Keukenhof ដ៏សែនអស្ចារ្យនេះម្ដង។

ជារួមមក ដំណើរលើកនេះ អ្វីក៏ខ្ញុំកក់ជាមុនដែរ ដើម្បីបានតម្លៃធូរថ្លៃហើយបានទៅច្រើនកន្លែង។ យើងដើររបស់ explorer with plan and low budget។ ខ្ញុំចូលចិត្តការដើរលេងរបៀបនេះ វាចំណាយមិនអស់ច្រើន មានសេរីភាព ចង់ញ៉ាំអីក៏បាន ចង់ចេញឬចូលសណ្ឋាគារវិញពេលណាក៏បាន ខុសពីដើរលេងតាម tour group ដែលតម្រូវឱ្យយើងគោរពម៉ោងពេលរបស់គេ។ ការដើរលេងបែបខ្ញុំនេះ ចំណាយអាចធូរជាងការទៅតាមក្រុមហ៊ុនទេសចរណ៍ ពិតមែនតែមិនបានស្នាក់នៅសណ្ឋាគារថ្លៃៗ គ្មានឡានមកទទួល តែ យើងមានសេរីភាពរបស់យើង យើងអាច Enjoy our quality time together។

ថតពីលើឡានក្រុង២ជាន់ ជិះមើលជុំវិញក្រុង Cambridge
សួនផ្កានៅមុខ Buckingham palace
Rowing pun ជិះទូកមើល College in Cambridge University

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង កំណត់ត្រាខ្លី។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​