វិជ្ជាមេផ្ទះ៖ សម្លប្រហើរខួរក្ដាមននោង


សម្លខួរក្ដាមននោង ជាម្ហូបពិសេសតែមួយគត់ដែលខ្ញុំ ជាចុងភៅខ្លួនឯងញ៉ាំមិនចេះណាយ។ ដោយហេតុថាវាពិបាកសាំញ៉ាំច្រើនក្នុងការចម្អិន ខ្ញុំក៏មិនសូវមានពេលបានស្លដែរ ចង់ញ៉ាំម្ដងៗទាល់តែថ្ងៃចុងសប្ដាហ៍ ទើបស្លបានញ៉ាំ។ សម្លខួរក្ដាមនេះ ចំណាយស្លអស់លុយតិចមែន (អស់តែម៉ាឆ្នាំង ៧ពាន់រៀលយ៉ាងច្រើនអាចអោយមនុស្សម៉ាផ្ទះហូបឆ្អែតហើយ នេះសម្រាបអ្នកផ្សារដូចខ្ញុំ) តែសម្លនេះឆ្ងាញ់ និងផ្ដល់ប្រយោជន៍ច្រើនដល់រាងកាយ ក្ដាមដែលបុកផ្ដល់នូវកាល់ស្យូមជំនួយដល់ការលូតលាស់របស់ឆ្អឹង ឯននោងជាបន្លែដែលមានជាតិកាកសសៃសម្រួលដល់ពោះវៀនផងដែរ។ ម្ហូបមួយមុខនេះ នាងនាងរបស់ខ្ញុំចូលចិត្តណាស់ កាលឪពុកក្មេកខ្ញុំនៅរស់គាត់ក៏ចូលចិត្តសម្លនេះដែរ គាត់តែងសរសើរថាខ្ញុំស្លត្រូវមាត់គាត់ល្មម។ អ្នកខ្លះអាចនឹងយល់ថា គ្រាន់តែសម្លស្រែៗអញ្ចឹងក៏លើកយកមកនិយាយដែរ តែត្រូវដឹងថាក្មេងៗខ្លះ ចេះតែញ៉ាំទេ មិនដឹងថាគេធ្វើយ៉ាងម៉េចទើបបានខួរក្ដាមយកមកស្លផង។ ខាងក្រោមនេះជាវិធីចម្អិនរបស់ខ្ញុំ៖
គ្រឿងផ្សំ
១ ក្ដាមស្រែបករួច  ១គីឡូក្រាម (ខ្ញុំជាអ្នកកាន់ប៉ាណាតិប៉ាតា ចឹងហើយខ្ញុំតែងតែទិញសត្វស្លាប់ហើយ 😀 )
២ ននោង២ផ្លែធំល្មម
៣ ម្អមស្រែ(ស្រែង៉ោងបានឈ្ងុយ)
៤ អំបិល ទឹកត្រី ស្ករស និងប្រហុក
វិធីធ្វើ
លាងនិង ចិតននោងរាងចង្វារមូល លាងម្អមដាក់អោយស្រស់ទឹក។ លាងក្ដាម យកជាតិស្ពោតនៅខ្លួនវាចេញ ទុកអោយស្រស់ទឹក (ដាក់ស្នូកចេញមួយឡែក កុំបុកលាយគ្នា) យកតែខ្លួនក្ដាមមកបុកអោយបែកម៉ត់ ទើបដួសដាក់ក្នុងចានដែកមួយ ដល់បុកអស់ហើយ ចាក់ទឹក ប្រហែលមួយកែវចូលក្នុងចានដែកនោះ រួចច្របាច់ច្របល់ក្ដាមបុក ទាល់តែចេញជាតិសាច់ក្ដាមសព្វ ទើបពូត ត្រងកាកចេញដូចពូតដូងអញ្ចឹងដែរ ទុកទឹកនោះមួយឡែក រួចចាប់ពូតថែមទឹកជាលើកទី២។ បានខួរក្ដាមហើយ ទុកមួយឡែក ឆ្កិះយកខ្លាញ់ក្ដាមដែលនៅស្នូកទុកមួយឡែកដែរ។ ដាក់ទឹកប្រហែលមួយកែវដាំអោយពុះ(កុំដាក់ទឹកច្រើនពេក ព្រោះននោងនឹងចេញទឹក ឯទឹកនៅខួរក្ដាមក៏ច្រើនល្មមហើយ) ទើបដាក់អំបិលមួយចុងស្លាបព្រានិងបង់ប្រហុកចូល ដាក់ននោងចូល ល្មមននោងទន់ចាក់ទឹកខួរក្ដាមចូល ថែមទឹកត្រីនិងស្ករសចូល ដល់ពេលទឹកចាប់ពុះសព្វភ្លក្សមើលល្មមមាត់ហើយ ទើបចាក់ខ្លាញ់ក្ដាមដែលបានឆ្កឹះពីស្នូកចូលទៅ (សម្លនឹងមានព៌ណស្អាតដោយសារខ្លាញ់ក្ដាម) រួចញីនិងបង់ម្អមចូលជាការស្រេច។

image

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , , . Bookmark the permalink.

34 Responses to វិជ្ជាមេផ្ទះ៖ សម្លប្រហើរខួរក្ដាមននោង

  1. ឆ្ងាញ់ណាស់ៗ ហុតទាំងក្តៅគឺពេញជាឆ្ងាញ់តាម៉ង។ ចាំមើលខ្ញុំទៅខេត្តលើកក្រោយ ឱយតែគេដាក់ម្ហូបមកខ្ញុំនឹងថតយកមកអួតម៉ាក់អាបីនាក់ដែរហើយ! 😀 😀 😀

    ចែកគ្នាកូរពោះ!

    ចូលចិត្ត

  2. រដ្ឋ ថា:

    ប្រហើរ ប្រហើរ​ហើយ តែ​នៅ​ផ្ទះ​ខ្ញុំ​អែ​នោះ គេ​ហៅ​ល្វែក្ដាម ។ តាំង​ពី​ខ្ញុំ​ធំ ចេញ​ពី​ផ្ទះ​ខ្ញុំ​មិន​ដែល​បាន​ហូប​សម្ល​ហ្នឹង​ទៀត​សោះ (ជាង​១០ឆ្នាំ​ហើយ) ចំណែក​ផ្ទះ​ខាង​ប្រពន្ធ​ខ្ញុំ​នេះ​ធ្វើ​ម្ហូប​ស្គាល់​តិច​មុខ​ណាស់ ។

    ចូលចិត្ត

  3. ដាវី ថា:

    ឃើញម្ហូបហ្នឹង ខ្ញុំនឹកដល់អនុស្សាវរីយ៍មួយ។ កាល៥-៦ឆ្នាំមុន ខ្ញុំរៀននៅអំពេញ ស្នាក់នៅជាមួយមិត្តភក្តិ២-៣នាក់។ ខ្ញុំមិនដែលបានភ្លក្សសម្លហ្នឹងទេ។ មានមិត្តម្នាក់គេចេះស្លសម្លហ្នឹង ខ្ញុំក៏សុំគេឱ្យធ្វើឱ្យ។ គេថាពិបាកធ្វើ ខ្ញុំធានាបុកក្ដាម ហើយគេគេងចាំតែស្ល មិនមកក្បែរទេ។ ត្បាល់ខ្ចីគេក៏តូច ហើយមិនធ្លាប់ដែលធ្វើសោះ បុកក្ដាមមិនម៉ដ្ឋ។ មិត្តភក្តិគេធុញគេ គេមិនខ្ចីស្លឱ្យ ហើយខ្ញុំក៏អត់ដែលបានស្គាល់រសជាតិវាដល់អាឡូវ 😀 តែគង់តែមានថ្ងៃចាត់ការខ្លួនឯងទេ 😀

    ចូលចិត្ត

  4. ខ្ញុំធ្លាប់​តែ​ម្ជួរ​ខួរ​ក្តាម, ឯស្ទីល​ប្រហើរ​នេះ មិន​ដែល​សោះ។ តែ… គ្រាន់​តែ​ឃើញ​រូប និង​អាន​ពី​វិធី​ធ្វើ​​រួច​ ខ្ញុំ​ចេញ​ទឹក​មាត់​ច្រោក​ទៅ​ហើយ​ ព្រោះ​នឹក​ទៅ​ដល់​ក្លិន​​ដ៏​ប្រហើរ​របស់​ម្អម​ស្រែ​ង៉ោង​នោះ..!!.. 😀

    ចូលចិត្ត

  5. achharia ថា:

    ទំនងឆ្ងាញ់ផស់គេ 😀
    គួរអោយចាប់អារម្មណ៍ណាស់ដែរដែលសំលនេះមានឈ្មោះថា ល្វែក្ដាម
    អានអោយរឹតតែបានសង្ហាគឺ ឡវ៉ែក្ដាម …ខ្ញុំដូចធ្លាប់លឺពាក្យនេះដែរ ។

    ចូលចិត្ត

  6. vsthea ថា:

    ចូលចិត្ត​ម្ជូរ​ខួរក្តាមជាង នេះជាមុខម្ហូប​ដែលគ្រួសារ​បងចូលចិត្ត

    ចូលចិត្ត

  7. http://sahakkum.wordpress.com/2011/11/15/%E1%9E%94%E1%9E%80%E1%9E%80%E1%9F%92%E1%9E%8F%E1%9E%B6%E1%9E%98/

    ខ្ញុំបកក្តាមឱយ! ធ្វើហើយហៅខ្ញុំហូបផង អ្នកណាម្នាក់ក៏បានដែរ ក្នុងចំណោមបីនាក់ខាងលើនេះ!

    ចូលចិត្ត

  8. Sreypov SB ថា:

    បងស្រីដឹងទេ?នេះជាសម្លដែលខ្ញុំចូលចិត្តជាងគេ ប៉ុន្តែខ្ញុំមិនសូវមានជំនាញក្នុងការស្លទេ។ហើយខ្ញុំសុំយកពាក្យសម្តីដែលបងស្រីរៀបរាប់ខាងលើយកទៅចែករំលែកទៅមិត្តភក្រ័របស់ប្អូនផងបានទេ?

    Liked by 1 person

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s