ត្រៀមខ្លួនដើម្បី​សម្រាលបុត្រតាមធម្មជាតិ


ក្នុងនាមជា​ម្ដាយម្នាក់​ដែល​ធ្លាប់បាន​ឆ្លងកាត់ការសម្រាលកូន​ដោយ​ធម្មជាតិ​  ខ្ញុំមើលឃើញថា ស្ត្រីខ្មែរយើងភាគច្រើន មិនសូវបាន​យល់​ដឹង​​ពីរបៀបដែលអាច​អោយពួកគាត់​ឆ្លងកាត់​ដំណាក់កាល​ឈឺពោះ​សម្រាល​ដោយមិនសូវឈឺចាប់ទេ ជាពិសេសគឺស្ត្រីដែលនឹងក្លាយ​ជា​ម្ដា​យគេ​ជាលើកទីមួយ។ ការដែលយើងបានដឹងខ្លះៗ នាំអោយ​យើង​អាច​​ស្មានបាន​ពីស្ថានការណ៍និងមានអារម្មណ៍ថាអាច​គ្រប់​គ្រង​វាបាន ព្រមទាំងអាច​បញ្ចៀស​ភាពភ័យខ្លាច​បានខ្លះ ព្រោះភាពភ័យខ្លាច ការដែល​មិនដឹងថា​តើនឹងមានរឿងអ្វីខ្លះអាចកើតឡើង គឺជាមេរោគនាំរឿង​អោយ​​យើងមានអារម្មណ៍ថា ឈឺខ្លាំងពិបាកទ្រាំ។  ខាង​ក្រោមនេះជាគន្លឹះខ្លះៗដែលស្រ្តីគួរតែដឹង៖

  • ប្រឈមមុខនឹងការពិត៖ អ្នកត្រូវដឹងថាដើម្បីសម្រាលបុត្រ ស្បូនត្រូវការកន្ត្រាក់​ច្របាច់​ដើម្បីរុញ​ទារក​ចេញមកក្រៅ ដូច្នេះហើយវា​គ្មានរឿងអ្វីដែល​ថាវាមិនឈឺទេ សូមកុំជឿ​ពាក្យ​ស្ត្រីខ្លះដែលនិយាយ​ថា​គេ​សម្រាល​កូនដោយមិនដឹងថាឈឺពោះនោះយ៉ាងណា ឬ​ខ្លះថា​គេឈឺពោះលេងៗ។ ចាប់ផ្ដើម​ដោយ​ឈឺលេងៗ តិចៗ ដូចជាឈឺពោះពេលមករដូវ​រហូត​ដល់​ឈឺខ្លាំង​រហូតស្ទើរតែដក​ដង្ហើមមិន​ដល់​​គ្នា។ កុំមានការភ័យខ្លាច អ្នកត្រូវដឹងថា​ កាន់តែ​ឈឺខ្លាំង​ពេល​ណា អ្នកក៏កាន់តែជិត​សម្រេច​កិច្ចការ​ដ៏សំខាន់​នេះដែរ។ (ប្រកាសក្រោយ​ខ្ញុំនឹង​រៀបរាប់​ពី​ដំណាក់កាលនៃការឈឺពោះសម្រាល)
  • ត្រៀមចិត្តជាមុន៖ ទោះជាអ្នកបានដឹងខ្លះពីរឿងនេះ តែអ្នកនៅតែអាចជួបរឿង​ដែលធ្វើអោយ​អ្នក​ភ្ញាក់​ផ្អើលដទៃទៀត ដូចនេះ​​សូម​ត្រៀម​ចិត្តជួប​នឹង​រឿងបះសក់ខ្លះៗ ដូចជា ពេលដែលអ្នកគិតថាអ្នក​ឈឺ​ពោះញាប់​ហើយ ក៏ប្រញាប់ទៅពេទ្យ បែរជា​ត្រូវ​ពេទ្យ​ប្រាប់​អោយ​មក​គេងនៅផ្ទះសិន… ពេលអ្នក​ត្រូវបានអោយរង់ចាំនៅពេទ្យ អ្នកអាច​ឃើញ​គ្រូពេទ្យ​ប្លែក​មុខ​ជាច្រើនចេញចូលៗមិនមែនមាន​ត្រឹមតែគ្រូពេទ្យ​ប្រចាំរបស់​អ្នក​ទេ…  អ្នកអាច​ត្រូវពេទ្យ​ជំរុញអោយប្រឹងដើរ​ទាំងអ្នក​ស្ទើរតែដួលរលំទៅហើយ…. ពេទ្យអាចនឹង​ចាក់ថ្នាំ​អុកស៊ីតុក​ស៊ីន​ក្នុងសេរ៉ូម ដើម្បីពន្លឿនការបើកស្បូន….. អាចនឹង​ចាក់បំបែកទឹកភ្លោះ​(កាលណាអ្នកមិនទាន់​ឈឺពោះញាប់) ដើម្បីអោយដំណើរការឈឺពោះ​សម្រាល​ប្រព្រឹត្តទៅបាន​លឿន ។ល។…. និយាយយ៉ាងខ្លីគឺត្រៀមចិត្ត …
  • បើសិនបែកទឹកភ្លោះ មុនពេលគ្រប់ខែ អ្នកគួរប្រញាប់ទៅពេទ្យជាបន្ទាន់ ទោះជាអ្នកមិនទាន់​ឈឺពោះក៏ដោយ​​ (​រឿងនេះអ្នកប្រហែលជាបានដឹងមុនរួចហើយ នៅពេលដែល​អ្នកទៅ​ពិនិត្យផ្ទៃពោះជិតសម្រាល) ការដែលបែកទឹកភ្លោះ អាចបណ្ដាលអោយមានការ​ឆ្លងរោគពី​ខាងក្រៅទៅកាន់ទារកក្នុងផ្ទៃ ព្រោះថារនាំងការពារសំខាន់ត្រូវបានបែកហើយ។
  • អ្នកអាចប្រើពេលយូរប្រហែលមួយម៉ោង ដើម្បីប្រឹងនៅពេល​បង្កើតទារក អ្នកខ្លះអាចប្រឹងត្រឹមតែ១០ទៅ១៥នាទីប៉ុណ្ណោះ។ បើអ្នកធ្លាប់សម្រាល​ដោយ​ធម្មជាតិ អាចនឹងស៊ីពេលតិចជាងនេះ ប្រឹងតែបីបួនដងក៏បានឮសម្លេងកូនញ៉េបយំហើយ។
  • ក្រោយពេលសម្រាលហើយ អ្នកអាចនឹងមិនទាន់បានបីកូនញ៉េបភ្លាមទេ ព្រោះ​ពេទ្យ​ឆ្មប​អាច​នៅជូតសំអាត កៀបទង់ផ្ចិត ថ្លឹងទម្ងន់ វាស់ប្រវែងទារក ចាក់ថ្នាំមួយម្ជុលនៅភ្លៅ ដាក់ថ្នាំភ្នែក​អោយ​ទារក ។ល។
  • ក្រោយពេលសម្រាលរួចមិនមែនមានន័យថា រួចរាល់ទេ អ្នក​នៅត្រូវប្រឹងម្ដងទៀត​ដើម្បីទម្លាក់សុក ​Placentaដែលបានទ្រទ្រង់ចិញ្ចឹមកូនញ៉េបរបស់អ្នកអស់កាល៩ខែ​ ។ បន្ទាប់មកក៏នៅត្រូវពេទ្យដេរ និងសម្អាតមុខរបួស រួចក៏ត្រូវចាក់ថ្នាំអង់ទីប៊ីយ៉ូទិក ចំណែក​សេរ៉ូមនៅដៃ​អ្នក ក៏មិនទាន់អាច​ដោះចេញភ្លាមដែរ។

ទាំងនេះគឺជាសញ្ញាណខ្លះៗ ដែលបានមកពីបទពិសោធន៍របស់ម្ដាយនៃកូនស្រីបីនាក់ និងជាអ្នក​ដែលធ្លាប់ចុះជាប់ជួយប្អូនៗ​ខ្ញុំ ក្នុងពេលឈឺពោះសម្រាលបុត្រ។ ខ្ញុំសង្ឃឹមថា​អត្ថបទនេះ​នឹងអាចជា​ជំនួយ​ដល់​មាតាទាំងឡាយ​ដែល​ត្រៀមខ្លួន​សម្រាលបុត្រ​ដោយធម្មជាតិ​។ សូមអោយស្ត្រីទាំងឡាយដែលនឹងក្លាយជាមាតាថ្មីថ្មោង ទទួលបានសុខ​សុវត្ថិភាពនៅពេល​សម្រាល។

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in សុខភាព and tagged , , . Bookmark the permalink.

12 Responses to ត្រៀមខ្លួនដើម្បី​សម្រាលបុត្រតាមធម្មជាតិ

  1. កាលនៅ Maternité ឃើញរាល់ថ្ងៃ 😀

    ចូលចិត្ត

  2. សុំចំឡងទុកជាឯកសារមួយហើយ…

    ចូលចិត្ត

  3. គិត​ទៅ​ពិត​ជា​គួរ​ឲ្យ​អាណិត​អនាគត​ភរិយា​ខ្ញុំ​ណាស់

    ចូលចិត្ត

  4. somada ថា:

    កូនបងទាំងពីរកើតភ្លាម​ពេទ្យគេឱបតិចដែរ គ្រាន់តែថាមិនទាន់​បានឃើញមុខ ។ បងចាំបានថាពេទ្យ​យកកូនង៉ែត​ដែលទើប​នឹងកើតមកដាក់លើពោះ ហើយ​ឲ្យ​បងយកដៃទាំងពីរ​អោបគេ បន្ទាប់​មកទើបពេទ្យ​កាត់ទងសុក​តាម​ក្រោយ ។ រង់ចាំអាន​អត្ថបទបន្តទៀត ដើម្បី​ត្រៀមខ្លួនបន្តទៀត គិៗៗៗ

    ចូលចិត្ត

  5. nut.sopheak21@gmail.com ថា:

    អគុណបងស្រីណាស់ដែលបានចែករំលែកអត្ថបទដ៌ល្អនេះ,ព្រោះសម្រាប់មាតាថ្មីថ្មោង,គឺត្រូវត្រៀមខ្លួនជាមុនរហូតដល់ថ្ងៃសម្រាល។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s