កំណត់ហេតុ៖ ផ្សារកំពត និងទឹកឈូរ


ថ្ងៃនេះ ខ្ញុំចង់និយាយ​ពីចំនុច​អវិជ្ជមានខ្លះដែលខ្ញុំ​បានជួប​នៅផ្សារកំពត​កាល​ពីពេល​ដែល​ខ្ញុំបានទៅលេងបូកគោនោះ។​ ការដែលនិយាយនេះ គឺមិនមាន​ចេតនា​វាយ​ប្រហារ​អីនោះទេ ក្នុងនាមអ្នកទេសចរម្នាក់​ ខ្ញុំគ្រាន់​តែសង្ឃឹម​ថានឹងមានការ​កែប្រែ​ក្នុង​ផ្លូវវិជ្ជមានដើម្បីជំរុញវិស័យទេសចររបស់ខេត្តនេះ។

ពេលចុះពីភ្នំមកវិញ គ្រួសារ​យើងបានសំរេចទៅលេងបន្តនៅរមណីយដ្ឋាន«ទឹកឈូរ» ដោយចង់ទិញ​គ្រឿង​សមុទ្រ​ខ្លះទុកផ្ញើអ្នកផ្ទះ យើងក៏ចូលផ្សារកំពតសិន​មុនទៅទឹកឈូរ។ ដើរចូលដល់កន្លែងលក់គ្រឿងសមុទ្រ អ្នកលក់រាក់ទាក់ហៅទិញរបស់គេគ្រប់គ្នា ខ្ញុំចង់ទិញ​ក្ដាមសេះក៏សាកសួរមួយកន្លែងហើយមួយកន្លែងទៀត តែរកក្ដាម​ដែល​ធាត់ល្អ​មិនបាន​សោះ(ម៉ាក់ខ្ញុំជាអ្នកស្រុកកំពតដែរ ទើបចេះមើលក្ដាមណាធាត់​ក្ដាម​ណាស្គម) ដើរដល់កន្លែងមួយនោះបាន​ឃើញក្ដាមធាត់ៗល្អណាស់ ទំនងទើបយក​មកដល់ហើយ។

ខ្ញុំសួរថ្លៃ

អ្នកលក់ឆ្លើយថា៖ ៣៥០០០៛/គីឡូ

ខ្ញុំក៏តថ្លៃ​អោយ ថា​៖ ២៥០០០៛​បានទេ?

អ្នកលក់៖ ដាច់ហើយ អត់ចុះទេ

ខ្ញុំ៖ មើលចុះតិចទៀតលមើល

អ្នកលក់មិនខ្ចីតបទេ (ឬកឡូយអស់ទាស់) ដល់ចឹងទៅ ខ្ញុំក៏ដើរហួស​ទៅ​កន្លែង​មួយទៀត ទាំងចិត្ត​ស្ដាយដែរ ព្រោះក្ដាមនោះពិតជាល្អមែន គិតថា​បើម៉េចម៉ា​ចាំមកសួរម្ដងទៀត។​ កំពុង​សូរ​មើល​​កន្លែងមួយ​ថ្មីហើយ តែក្ដាមដូចជា​ស្គមៗ​មិនសូវថ្មីទេ ស្រាប់តែអ្នក​លក់អំបាញ់ម៉ិញ ស្រែកហៅ​អោយទៅយករបស់គេវិញ (ទាំងដែលមុននេះបន្តិច គេមិន​និយាយ​ជាមួយខ្ញុំផង)

ខ្ញុំសួរថា៖ ហៅយកហ្នឹងតំលៃប៉ុន្មាន?

អ្នកលក់៖ ចុះអំបាញ់ម៉ិញអោយប៉ុន្មាន?

ខ្ញុំថា៖ ២៥០០០៛

ស្រាប់តែគេចាប់ក្ដាមភ្លែតដាក់ថង់វិបៗៗៗ

ខ្ញុំថា៖ ឈប់ៗ ចាំខ្ញុំរើសខ្លួនឯង

អ្នកលក់ចាប់តម្លើងសម្លេងដាក់ខ្ញុំ៖ មិនបាច់ភ័យទេ គេរើសអោយ មិនខុសទេ

ខ្ញុំ៖ ខ្ញុំចេះរើសហើយ ហីចុះក្ដាមហ្នឹងសើមៗ ដូចមិនមែនក្ដាមអំបាញ់ម៉ិញចឹង? (ក្ដាមដែលខ្ញុំតថ្លៃ វាស្ងួតព្រោះគេទើបយកមក នៅក្នុងសំណាញ់នៅឡើយទេ) ឈប់ៗ! ចាំខ្ញុំរើសខ្លួនឯង

ខ្ញុំមិនទាន់ព្រមថាម៉េចផង អ្នកលក់ ទម្លាក់ថង់ដែលគេបាន​រើសក្ដាម​ដាក់ដោយចិត្ត​គេ​ចោល រួចបោកភូសនៅនឹងមុខខ្ញុំ ចាក់ក្ដាមដែលនៅសល់​ប៉ុន្មាន​ក្នុង​ចាន​ដែកមួយទៀតដែលមានទឹកពេញ

អ្នកលក់៖ មានក្ដាមឯណាដូរលឿនម៉េះនោះ!!! ហ៎ក ចង់រើស រើសទៅ!!!

ហាក!!! អោយរើសយ៉ាងម៉េច!!! បើក្ដាមនៅក្នុងទឹក អត់ចងចំណងទៀត ហ៊ាន​តែ​លូក ពិតជាក្ដាមកៀបដាច់ដៃមិនខានទេ។ បោកថង់ក្ដាមភូស​នៅមុខហើយ ចាំតែ​ថោក​នៅ​ទិញ​ទៀតតើស!!! មិនចេះឈ្លោះ ខ្ញុំក៏ដឹកដៃម៉ាក់ដើរចេញទៅ។ ឱ!!! មីងអ្នកលក់ហ្នឹងបែបគាត់រកស៊ីតែរបៀបហ្នឹងហើយ។

ចេញពីផ្សារកំពត យើងក៏បកមកទឹកឈូរវិញ។ រឿងទៅលេងទឹកឈូរ គឺត្រូវអរគុណដល់ព៌តមានដែលបានពីពូស្រុកស្រែ ក្រោយពីអានប្រកាសគាត់ រមណីយដ្ឋានទឹកឈូ ​នាខែតុលា ​ឆ្នាំ២០១២ ​នេះ….ថាទឹកឈូរមានទឹក យើងក៏សំរេចចូលទៅអើតមើលក្រែងលោមានទឹក អោយក្មេងៗចុះលេង។ ដូចពូស្រុកស្រែប្រាប់មែន ចូលទៅបង់លុយថ្លៃចូលមួយសារ ៥០០០៛ ទៅដល់​ចូល​ចត​ឡានត្រឹមត្រូវបង់២០០០៛ទៀតថ្លៃចំណតឡាន តូបអង្គុយនៅ​មាត់ទឹកថ្លៃ ១៣០០០៛ទៀត គឺគេយកតាមជំនាញចឹងទៅ។ ចំណីហូប​ចុក​នៅទីនោះ​មិន​ថ្លៃ​ប៉ុន្មានទេ យើងបានកំម្ម៉ងក្ដាមឆាម្រេចខ្ចី មួយចាន​ធំគួរ​សម ថ្លៃ៤០០០០៛។ អ្នក​លក់ដូរ​នៅទីនោះ រួសរាយរាក់ទាក់ណាស់ ណាមួយ​គ្នា​លក់​មិនសូវ​ដាច់​ផង​មើល​ទៅ ទើបខំយកចិត្តភ្ញៀវណាស់ដែរ។ បរិស្ថាន​តំបន់នោះ​ប្លែក​ឆ្ងាយពីកាល​ជាង​ដប់​ឆ្នាំមុនណាស់។ កាលនៅពី​តូចដែលខ្ញុំ​ធ្លាប់ទៅលេង ទឹកឈូរថ្លាឈ្វេង ហូររហ៊ឹម ត្រជាក់ដល់បេះដូង តែពេលនេះ ទឹកលែងស្អាតហើយ ទឹកហូរមកមានលាយប្រេង ឯមាត់ច្រាំងចុះ​ទៅពោរពេញ​​ដោយ​សម្រាម​និងមាន​ទឹកហូរ ​(ប្រហែលទឹក​លូទេ​ដឹង???) បង្ហូរចុះទៅកាន់ទឹកឈូរ។ ខ្ញុំឃើញមានការ​ដាក់ធុងសំរាមដែរ តែមិនមាន​ក្រុមចាំសំអាតទេ (តាមសំដីអ្នកលក់ដូរថា មួយមើលបំណាំមួយ មានតែអ្នក​យកលុយ តែគ្មានអ្នកសំអាត) ភ្ញៀវខ្លះបោះសំរាម សំបកដប នៅតាមផ្លូវចុះ​ទៅលេងទឹក។ យើងបានចាកចេញ​ពីរមណីយដ្ឋានទឹកឈូរ​ទាំងអារម្មណ៍អាល័យ ស្ដាយសម្រស់ធម្មជាតិ​ដែលត្រូវបានមនុស្សបំផ្លាញ​ទៅហើយ​៕

បញ្ចាក់៖ មិនមានរូបថតមកបង្ហាញទេ ព្រោះរវល់នឹងអាបីនាក់ពេក  កំណត់ហេតុដើរកំសាន្ត​សូមចប់ត្រឹម៣ភាគនេះឯង   😀

មើលផងដែរ៖​ កំណត់ហេតុ៖ សម្រាកលម្ហែរនៅបូកគោ(១).

កំណត់ហេតុ៖ បូកគោ(២).

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី and tagged , , . Bookmark the permalink.

19 Responses to កំណត់ហេតុ៖ ផ្សារកំពត និងទឹកឈូរ

  1. ម៉ាក់ក្តាមបីគ្រឿងអើយ ខ្ញុំក៏ត្រូវមាត់អ្នកលក់ដែរ រួចបង្ខំចិត្តទិញរបស់គេទាំងមិនពេញចិត្ត។ ក្តាមសេះនៅកំពង់សោម ១គីឡូ = ២៨០០០៛ តែដូចជាស្រស់ល្អ មានសាច់គ្រាន់បើ។ ឱ្យគេចចំហុយរួចក្លាសេផ្ញើទៅកំពង់ធំ។

    អ្នកលក់ដូរគឺចឹងតែរហូតហ្នឹង បន្លំ រើសក្តាមឱ្យខ្ញុំតូចៗ ដល់ពេលស្ងោរបានដឹង។

    ចូលចិត្ត

  2. achharia ថា:

    អ្នកលក់និងអ្នកទិញមិនបានអរគុណគ្នាទៅវិញទៅមកទេ …

    ចូលចិត្ត

    • អរគុណមិនកើតទេ លោកពូ បើអ្នកទិញពេលនោះកំពុងតែហ៊ឹងស្លឹកត្រចៀកង៉ឺងនោះ

      ចូលចិត្ត

      • achharia ថា:

        ខ្ញុំយល់ពីស្ថានការណ៍នោះហើយ ដែលគួរអោយស្ដាយ…ស្រុកយើង! ។
        ខ្ញុំក៏ធ្លាប់អ្នកលក់បោកប្រាសបន្លំកណ្ដាលថ្ងៃដែរ…កាលមកលេងស្រុកខ្មែរដំបូង
        នាឆ្នាំ១៩៩៩ ខ្ញុំដើររើសរកទិញអាវម៉ូតមានហោប៉ៅច្រើននិងមានប៉ូលស្មាពណ៌
        កាគី ។ ដើររកស្ទើរពេញផ្សារ មានតែលេខធំហួស XL​។ មានតែមួយគត់លេខ M
        ត្រូវទាំងទំហំខ្ញុំ ទាំងព៌ណទាំងម៉ូដ ប៉ុន្តែអ្នកលក់រឺងថ្លៃ ប្រហែលឃើញខ្ញុំដើររក
        វក់វីឡើងចុះ ។ ខ្ញុំក៏ទិញយក អោយគេខ្ចប់អោយយ៉ាងល្អល្អិត …មានអីដល់ទៅដល់
        ផ្ទះ ក្រោយពីជិះកបាល់ហោះអស់រាប់ពាន់គីឡូ បើកកញ្ចប់ស្រាយយកមករកពាក់
        ហាសហា៎….អាវលេខ XL សោះ ហួសចិត្ត ។ រឿងអោយគេស្ងោក្ដាមស្ងោបង្កងអោយ
        ក៏ធ្លាប់លឺគេនិយាយដែរ បើមិននៅបើកភ្នែកក្រលួងចាំមើលទេ អោយអាធំៗខ្លាញ់ៗ
        ទៅ ដល់ស្ងោឆ្អិនមុខជាបានអាតូចៗស្គមៗឆ្អិនៗមកវិញហើយ …យ៉ាប់ ! 😀

        ចូលចិត្ត

      • achharia ថា:

        នៅមានច្រើនទៀត ដូចជាទិញកម្មវិធីហ្វ្លាសមួយមក បានតែប្រអប់សំបកក៏មាន។ល។
        តែណ្ហើយចុះ….ទុកមុខអោយជាតិខ្មែរយើងខ្មែរអែងខ្លះ ខ្មាស់បរទេស !
        ពីជ្រុងខាងអ្នកលក់ គេមានអ៊ុត្តមគតិនិងប្រាជ្ញាដ៏ឈ្លៀសវៃផស់គេដែរថា
        អ្នកទិញណាសាញពេក ស្វិតពេក គេលៃលកលក់អោយទៅតាមហ្នឹងដែរ 😀

        ចូលចិត្ត

  3. អ៊ូយ បងស្រីដូចខ្ញុំម្លេះ ខ្ញុំមិនចូលចិត្តការឈ្លោះប្រកែកជាមួយនឹងអ្នកលក់ដែលអសីលធម៌មួយចំនួននោះសោះ។
    បើនិយាយទៅ អ្នកលក់ណាចេះនិយាយរាក់ទាក់(មិនមែនបញ្ជោរ) និងដាក់តម្លៃលក់គួរសមនោះ គឺខ្ញុំច្បាស់ជានៅដុះស្នឹមកន្លែងគាត់មិនខានទេ ហាហា​ 😀

    ចូលចិត្ត

  4. បងមាន​បាន​ឃើញ​ស្លាកនេះទេ ? http://tamabloveyaymab.wordpress.com/2011/09/07/welcom-to-kampot/ ស្លាកនេះ​ខ្ញុំ​ថត​នៅ​ភ្នំពេញ តែពេល​ដើម​ឆ្នាំ២០១២ ដែល​ខ្ញុំ​នៅ​កំពត ខ្ញុំ​ឃើញ​ស្លាក​នេះទាំង​នៅ​ផ្លូវ​កាច់​ចូល​ទឹកឈូ និង នៅផ្សារ​ធំកំពត ។

    ចូលចិត្ត

ទំលាក់ មួយចំលើយតប ទៅ ម៉ាក់ស្រីតូចបីនាក់ បោះ​បង់​ការ​ឆ្លើយ​តប