ថ្ងៃដែលរីករាយបំផុត


ពេជ្រពេជ្ររបស់ម៉ាក់ កូនជាក្មេងស្លូតនិងរីករាយណាស់ ថ្ងៃនេះជាថ្ងៃកំណើត​គំរប់មួយឆ្នាំ​របស់​កូន ម៉ាក់នៅចងចាំថ្ងៃនោះមិនភ្លេចទេ។ នៅមុនថ្ងៃដែលកូនកើត ម៉ាក់ទាល់ដៃទាល់ជើងណាស់ រកតែមនុស្សធ្វើការងារផ្ទះមិនបានសោះ កូននៅក្នុងពោះគ្រប់ខែហើយលើសមួយអាទិត្យទៀត ក្នុងចិត្តម៉ាក់ មួយបន់អោយកូនឆាប់កើតមក ឯចិត្តមួយទៀត បន់អោយកូនកុំទាន់កើតអី ចាំម៉ាក់​រក​មនុស្សជំនួសដៃជើងបានសិន។ កូនហាក់បានយល់ពីចិត្តម៉ាក់ណាស់ គ្រាន់តែរក​បាន​អ្នក​ធ្វើការងារ​ផ្ទះបានពីថ្ងៃសៅរ៍ ថ្ងៃច័ន្ទឡើងម៉ាក់ក៏ចាប់ឈឺពោះសំរាលកូន។

ម៉ាក់ចាប់ឈឺពោះ ពីម៉ោងប្រហែលបួនភ្លឺ ឈឺលេងៗ ឈឺបាត់ៗ រហូតដល់ព្រឹកម៉ោង៧ ទើបម៉ាក់ប្រាប់ប៉ាកូន។ កាលណោះ ម៉ាក់គិតថា នៅឈឺលេងៗបែបនេះ យ៉ាង​ហោច​ណាស់​ក៏ល្ងាចដែរទើបកូនកើត ម៉ាក់គិតថាប្រាប់អោយប៉ាកូនទៅធ្វើការសិនចុះ ចាំឈឺខ្លាំង​សឹម​ហៅ​គាត់​មកវិញ។ ពេលម៉ាក់ចុះ​ទៅប្រាប់កុងកុងនិងម៉ាម៉ាកូន កុងអោយ​ម៉ាក់រៀបខ្លួន​ទៅ​ពេទ្យទៅ ម៉ាក់ក៏តបថា «នៅឈឺតិចៗហ្នឹងប៉ា» តែកុងកុងកូន​ដែល​ជា​ពេទ្យ​«តាហ្មប ឬ យាយហ្មប»​ជំនាញប្រាប់ថា នៅផ្ទះ​មិនបានទេ សំរាលកូនទី៣ លឿន​ណាស់ តែចាប់ឈឺខ្លាំង មុខតែកើត ឡើង​ឡាន​ទៅពេទ្យ​មិន​ទាន់​ទេ។ ម៉ាក់មិនជឿពាក្យគាត់ទេ តែធ្វើតាមទាំងមួយៗ​យឺតៗ​ដើម្បី​បន្លាយពេល ព្រោះ​ម៉ាក់មិន​​ចូលចិត្តទៅ​រង់ចាំនៅពេទ្យ មិនចូលចិត្តបរិយាកាសនៅពេទ្យ បើនៅ​ផ្ទះ​យើង ម៉ាក់ចង់គេងក៏បាន ចង់ដើរក៏បាន ម៉ាក់គិតថាកើតងាយឯ​ណាភ្លាម ព្រោះម៉ាក់​នៅងូត​ទឹក​ក្ដៅ​បណ្ដើរច្រៀងបណ្ដើរ នៅ​និយាយប្រាប់បងៗកូនទាំង២ថា ម៉ាក់ទៅពេទ្យ បានទាំង​សន្យាថា បើពេជ្រពេជ្រកើត​យប់​នេះ ម៉ាម៉ាឬកុង​កុង​នឹង​ជូន​បងៗ​ទាំង២របស់កូន​ទៅមើលអូន​​នៅព្រឹកបន្ទាប់។ ផ្ដាំបងៗរួច ម៉ាក់ញ៉ាំ​បបរ​ព្រឹកដើម្បីយកកំលាំងទុកប្រឹងជាមួយកូន ពេលនោះមុខ​ម៉ាក់នៅស្រស់នៅឡើយទេ (ឈឺ​អី​ប៉ុណ្ណេះ​នោះ)។ ម៉ាក់ជាអ្នក​ញៀន​កាហ្វេ​អត់មិនបាន ពេលចេញពីផ្ទះប៉ាក៏ចុះទៅទិញ​កាហ្វេនៅ​កាល់តិចម៉ាត ព្រោះប៉ា​ដឹងថា​បើម៉ាក់​អត់​បាន​ញ៉ាំកាហ្វេទេ ម៉ាក់មុខ​តែងងុយ​គេង​ធ្វើការ​អីមិន​បាន​ទេ ហើយ​ការងារ​មួយនេះ​គឺធំ​និង​សំខាន់​ណាស់ក្នុងជីវិតម៉ាក់។ មកដល់​ពេទ្យ​ភ្លាម ចុះពី​ឡាន​ម៉ាក់ឃើញ​អ៊ំៗ​ដែល​ធ្វើការ​ជាមួយ​ម៉ាក់ ម៉ាក់បក់ដៃសួស្ដីគាត់ពីចំងាយ គាត់ស្រែក​សួរថា ឈឺ​ពោះហើយឬ ម៉ាក់​ញញឹម​ស្រស់​ងក់​ក្បាល ពួកគាត់ថា មិនដឹងពេល​ណាកើតទេ បើមុខម៉ាក់​​នៅស្រស់បែបនេះនោះ (អញ្ចឹងបានថា​ហ្នឹងណា ម៉ាក់នឹកថា​កុង​ប្រាប់អោយ​ឆាប់មកពេទ្យ ព្រោះ​គាត់​ត្រូវរវល់​ចូល​វះកាត់អ្នក​ជំងឺហ្នឹងណា បានប្រាប់​ម៉ាក់​អោយ​ស្រូត​មកពេទ្យ ទាំងម៉ាក់​មិនទាន់​ឈឺ​ខ្លាំង)។ មកដល់​កន្លែង​សំរាល ពេទ្យឆ្មបក៏ពិនិត្យ ស្បូនបើក​តែបាន២ស.ម (ម៉ាក់នឹកថា អូ៎ បែប​ទាល់តែល្ងាចឯណោះ) ដោយមិនចង់រង់ចាំយូរ ម៉ាក់ក៏​សាក​ដើរលេងៗ តាម​រាន​ហាល​នៃអគារសម្ភព ដើររហូត​ដល់​ផុត​អគារ ពីរបីជុំ បានទាំងសួរនាំ​ញញឹម​ញញែម​ដាក់អ្នក​ស្គាល់​គ្នាផង។ ដល់ម៉ោង​១០កន្លះព្រឹក ម៉ាក់​ក៏ចាប់​ឈឺញាប់​ជាងមុន​ហើយ​តែមិនទាន់​ហៅថា​ខ្លាំង​ពេញ​ទំហឹង​ដែរ ម៉ាក់នៅអាច​ដក​ដង្ហើម​បាន​​ស្រួល​នៅ​ឡើយ​ទេ លែងចេញដើររហេតរហូត​ម្នាក់ឯង​ទៀត​បានហើយ ប៉ាប៉ា​កូន​ជួយ​ទប់គ្រា និងច្របាច់ឈ្លីចង្កេះពេលណាចាប់ឈឺខ្លាំង។ ពេទ្យឆ្មប មកអើតសួរនាំម្ដងទៀត ពិនិត្យ​មើល​ថា ស្បូនបើកបាន៤ស.ម ប៉ុណ្ណោះ គាត់ថា​ប្រហែល​ថ្ងៃត្រង់​អាច​កើតហើយ (ម៉ាក់នឹកថា ចេះតែថាហើយ ក្រែងលោតែ​រសៀលអីហ្នក) ម៉ាក់នៅតែ​ព្យាយាម​ដើរទៅ​មកក្នុងបន្ទប់ទៀត ព្រោះម៉ាក់ដឹងថា ម៉ាក់​ដើរ​បានច្រើនកាលណា ម៉ាក់ក៏កាន់តែឆាប់​បាន​ឃើញ​មុខកូនកាល​ហ្នឹងដែរ។ ដើររហូតដល់ឈឺខ្លាំង ដើរលែងរួច ប៉ាដាក់ម៉ាក់អោយគេងផ្អៀង រួចក៏បែក​ទឹកភ្លោះ​តែម្ដង ឆ្មបចូលមកពិនិត្យថា បាន៥ស.ម កន្លះហើយ អាចចូល​បន្ទប់សំរាល​បាន​ហើយ ពេលចូល​ដល់​បន្ទប់ភ្លាម ម៉ាក់ក៏ចាប់​ឈឺខ្លាំង​ៗ ម៉ាក់ចូលទៅតែម្នាក់ឯងទេ ប៉ាកូន​នៅ​ចាំ​ខាងក្រៅ ម៉ាក់​ឈឺពោះ​អោយ​​ប្រឹង​យូរណាស់ដែរ ទំរាំកូនកើតចេញមក។ កូន​កើត​នៅម៉ោង​១២​និង​៤០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃច័ន្ទ ​ទី១៧​តុលា​​ ​២០១១ ទំងន់ពេលកើត ៣.៣គីឡូក្រាម។

កូនកើតមកយំតែមួយវ៉ាប៉ុណ្ណោះ ហា​មាត់​ស្រែក​ធំនោះធំ ធ្វើអោយសំបុរឡើងពណ៌ស្វាយ កុងកុង​បាន​ថត​សំលេង​កូនយំ​គ្រា​ដំបូង​តាម​ទូរស័ព្ទ​គាត់ (តែក្រោយមក មិនដឹងជាគាត់​ច្រឡំ​លុប​បាត់ក៏មិនដឹង ឬថតមិនជាប់ក៏មិនដឹង) ម៉ាក់បានឮសំលេង​យំបែបនេះ​របស់​កូន​តែ​ម្ដងគត់ ព្រោះកូនជាក្មេងដែលស្លូត និង​រីករាយ​រាល់​ពេល​។ ពេលដែលឆ្មប​ជូតសំអាតកូនរួច គេបីកូន​មក​អោយ​​ម៉ាក់បានឃើញ ម៉ាក់ក៏លង់​ស្រឡាញ់កូនភ្លាម កូនស្រីទីបីរបស់ម៉ាក់ ថ្ងៃដែល​ម៉ាក់បាន​ឃើញ​​មុខកូនជាលើកទីមួយនោះ ម៉ាក់ជាម្ដាយដែលមានសុភមង្គលនិងរីករាយបំផុត​ក្នុង​លោកនេះ៕

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , . Bookmark the permalink.

8 Responses to ថ្ងៃដែលរីករាយបំផុត

  1. ដើរអាញឹមដាក់គេដាក់ឯងបែបនេះចឹងបានជាអាមួយហ្នឹងប្រជាប្រិយរហូត ហាមាត់រហូត។

    ចូលចិត្ត

  2. Happy Birthday to the little one. Wish she will grow up very pretty and healthy.

    ចូលចិត្ត

  3. រចនា ថា:

    បង​កំពុង​តែ​បន្លាច​ខ្ញុំ​ហើយ 😀

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s