ដំណោះស្រាយរបស់ម៉ាក់អាបីនាក់​ចំពោះ​កូន​ដែល​រើសចំណី


នូនូ ជាកូនដែលរើសចំណីបំផុត និងមិនញ៉ាំបន្លែទេ។ រាល់ពេលញ៉ាំបាយ នូនូកំរនឹងអង្គុយជាប់នៅនឹង​កៅអី​ណាស់ គេតែងដើរចច្រប់និងនិយាយមិនឈប់មិនឈរ​ជាមួយនាងនាង។ តើកូន​តូច​របស់​អ្នក​ជា​ក្មេងដែលពិបាកញ៉ាំដូចជានូរបស់ខ្ញុំទេ? បើចាបតូច​របស់អ្នក​ជា​ក្មេង​ដែល​រើសចំណី​និង​មិន​សូវ​ញ៉ាំ​បាយ​ដែរ​ ខ្ញុំមាន​វិធីតិច​តួច​ខ្លះ​ដែល​អាចជួយអ្នកម៉ាក់ថ្មីថ្មោងបាន។

  1. កំរិតការញ៉ាំជាតិទឹកមុនពេលបាយ៖ មានដូចជាទឹកធម្មតា ទឹកដោះគោ ទឹកដោះគោជូរ ទឹកផ្លែឈើ… កុំអោយគេញ៉ាំរបស់អស់នេះនៅពេលជិតដល់ពេលបាយ បើបាយនៅ​មិនទាន់​ឆ្អិន អោយញ៉ាំគ្រាន់តែសំរន់សិនបានហើយ ក្រពះ​ក្មេងប៉ុននេះតូចណាស់ ហើយងាយឆ្អែតផង បើអោយញ៉ាំទឹកច្រើន មុខតែអង្គុយសំលក់បាយមិនខានទេ ។
  2. អោយគេជួយពេលអ្នកចំអិនម្ហូប៖ នូនូមិនចូលចិត្តបន្លែខៀវទេ តែនៅពេលមួយនោះ ម៉ាក់ស្លប្រហើរទំពាំង ម៉ាក់បានប្រាប់នូនូអោយជួយបេះបន្លែស្លឹកងប់ ពេលប្រើ​ដំបូង​នូនូ​ធ្វើអោយរញ៉េរញ៉ៃបន្លែដែលបេះហើយដាក់ចូលគ្នាជាមួយអាមិនទាន់បេះ(អូយវិលមុខ!!! 🙄 🙄 🙄 ចង់តែដេញចេញពីផ្ទះបាយទេ តែទ្រាំបន្តិច ដើម្បីអោយនូនូញ៉ាំបាយ បាន​ច្រើន)។ ដល់ពេលញ៉ាំបាយ នូញ៉ាំបាយបានច្រើនជាងរាល់ដង ហើយអួត​ប្រាប់​អ្នក​គ្រប់​គ្នាក្នុងផ្ទះថា សម្ល​នេះជាស្នាដៃនូ ហេហេហេ 😀 😀 😀 គេពេញចិត្តនឹងខ្លួន​គេ​ខ្លាំង​ណាស់។
  3. តុបតែងចាន និង អាហាររបស់គេ៖ នូចូលចិត្តញ៉ាំអាហារដោយដាក់ចានថ្មី ស្លាបព្រាថ្មី ប្លែកមិនដូចចានអ្នកផ្ទះ នូនឹងញ៉ាំបាយបានច្រើនកាលណាម៉ាក់រៀបចំតុបតែងម្ហូប​បាន​ស្អាតប្លែកភ្នែក បើមិនញ៉ាំបានច្រើនយ៉ាងហោចណាស់ក៏នូភ្លក្សបន្តិចដែរ។
  4. ម៉ាក់ត្រូវធ្វើជាគំរូអោយកូនឃើញ៖ ម៉ាក់ចង់អោយនូញ៉ាំ ផ្កាខាត់ណា ត្រកួន ត្រសក់ ស្នៀតពោត… ម៉ាក់តែងញ៉ាំមុននូ ពេលនូឃើញនូក៏សាកតាមដែរ ពេលត្រូវចិត្តក៏ញ៉ាំច្រើន ពេលមិនត្រូវចិត្ត​ក៏បានតែមួយម៉ាត់ហ្នឹងឯង(តែក៏ប្រសើរជាងអត់ញ៉ាំបន្លែសោះដែរ មែនទេ?)
  5. ច្នៃកុំអោយគេមើលឃើញថាមានបន្លែនៅក្នុងចានអាហារ៖បើគេនៅតែ​ចចេស​មិនព្រម​ញ៉ាំបន្លែ ម៉ាក់នេះត្រូវច្នៃលៃយ៉ាងណាអោយបន្លែនោះបាត់រូបរាងដើម មើលលែង​ដឹង​ថា​ជា​បន្លែ។ មើលប្រកាសនេះ ​វិជ្ជាមេផ្ទះ​៖ បាយឆាសាច់ក្រក​និង​សណ្ដែកហឡាន់តាវ(green bean)
  6. ដួសបាយអោយគេតិចបានហើយ៖ បើគេញ៉ាំអស់ ទារថែម សឹមថែមអោយ កុំអោយគេឃើញបាយច្រើន ណាយលែងចង់ញ៉ាំ​តែ​ម្ដង​។

សូមអ្នកម៉ាក់ទាំងអស់ធ្វើចិត្តអោយត្រជាក់ កុំខឹងគេដែលគេញ៉ាំតែបន្តិចបន្តួច រំលឹកខ្លួនឯងថា ក្រពះក្មេងតូច​វាតូច ដូច​តែខ្លូនគេដែរ ចង់អោយគេញ៉ាំច្រើនហួសពីចំណុះគេម្ដេចបាន។ កុំធ្វើអោយ​បរិយាកាស​តុញ៉ាំបាយ ក្លាយជាសមរភូមិជាមួយកូន( កន្លែងចុងក្រោយនេះ ម៉ាក់​អា​បី​​នាក់​នៅមិនទាន់ធ្វើចិត្តបានទេ កាលមុន​គំរាមនូថាចង់យក​ជីឡាវ​ដាក់​ច្រក​បាយចូល​មាត់នូ​តែ​ម្ដង​ដើម្បីកុំអោយពិបាកបញ្ចុក តែឥឡូវឈប់គំរាមបែបនេះហើយ ព្រោះអី​នូ​លែង​ចាញ់​បោក​ហើយ 😆 😆 😆  )៕

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in សុខភាព, អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , . Bookmark the permalink.

59 Responses to ដំណោះស្រាយរបស់ម៉ាក់អាបីនាក់​ចំពោះ​កូន​ដែល​រើសចំណី

  1. krousarrikreay ថា:

    បងមានដំណោះស្រាយចំពោះក្មេង ប៉ុនញ៉ុមហើយនៅរើសចំណីទេ? យ៉ាប់ចិត្តខ្លួនឯងដល់ក​ ហើយ!:(

    ចូលចិត្ត

  2. somada ថា:

    កូន​ ៗ ​បងដូចជាមិនដល់ថ្នាក់ហ្នឹងទេ​​ អាណិតជីវីដល់ហើយនែក សង្ស័យតែអញ្ចឹងផង​មិនដឹង​បានជា​ក្លាយជាយក្ស​នឹងគេមិនរួច ។ បងមានវិធីរបស់បង គឺកាលណា​ឃើញ​កូន​ៗ មិនសូវចង់ញ៉ាំបាយ​ ឬ អង្គុយសម្លក់​បាយ​ គឺបងនាំគេនិយាយពីនេះពីនោះភាគច្រើន​ជារឿងដែលគេចាប់អារម្មណ៍ បន្ទាប់មកក៏​បបួល​គេញ៉ាំបាយប្រណាំងគ្នា បើអ្នកណាឈ្នះ មានសិទ្ធ​បញ្ជាឲ្យអ្នកចាញ់​ធ្វើតាមចិត្ត​ខ្លួនបាន តែពួកបងពីរ​នាក់ ញ៉ាំមិនដែលឈ្នះកូន ៗ ទេ ។ ចំពោះបន្លែវិញទាំងពីរនាក់នេះ ពូកែញ៉ាំជាង​បង​ទៅ​ទៀត ព្រោះប៉ាគេ​ប្រាប់ថា ញ៉ាំបន្លែធ្វើឲ្យសាច់ឈាម​ស្រស់ស្អាត សម្បុរភ្លឺថា្ល គេក៏​ធ្វើតាម ព្រោះកូន ៗ គេ​ជឿប៉ា​ និង សា្តប់បង្គាប់ប៉ាជាងម៉ាក់ ។

    ចូលចិត្ត

  3. ហេងស៊ុយ ថា:

    ៨០ភាគរយហើយកូនតូចស្រុកខ្មែរ ប្រហែលជាមិនមានវាសនា ដូចការរាយរាប់ខាងលើ ទេ យ៉ាងខ្លាំងគឺ បបរ លាយជាមួយ ត្រី រឺ ពងទា មាន់ ទឹកស៊ីអ៊ីវ រឺទឹកសម្លរ នោះពេកហើយ កុំអោយតែមិនមានអីញាំ ទើបពិបាក។

    ចូលចិត្ត

    • បែបមកពីខ្ញុំចិញ្ចឹមកូនបែបខ្ជះខ្ជាយពេកហើយចឹងនោះ។ បើនិយាយពីរឿងនេះ អោយតែកូនញ៉ាំ ស្អីក៏ធ្វើអោយញ៉ាំដែរ រើសនោះរើសសព្វមុខហើយកូនមួយនេះ។

      ចូលចិត្ត

    • ហេងស៊យអើយ ឱ្យតែក្មេងគឺមានបញ្ហាដូចតែគ្នាទេ ជាពិសេសរឿងមិនញ៉ាំបន្លែនេះឯង។
      ខ្ញុំពីក្មេង ផ្ទះរបស់ខ្ញុំមិនមានបាយដាំសម្រាប់បីពេលដូចឥឡូវទេ(ព្រឹកបបរ ល្ងាចបបរ ថ្ងៃត្រង់បាយតែមួយចានម្នាក់គត់) ព្រោះម្តាយខ្ញុំក្រណាស់ ធ្វើស្រែចិញ្ចឹមកូនបីនាក់ ម្តាយចាស់ៗពីរនាក់ គាត់មិនដែលស្គាល់ពាក្យថាទិញនំហូប។ គាត់រិះណាស់ តែកូនៗនៅតែរើសមិនញ៉ាំបន្លែ រហូតទាល់តែធំដឹងក្តី រៀននៅសាលាដែល គេប្រាប់ថាត្រូវមានសារជាតិគ្រប់មុខហូបទេ បានចាប់ផ្តើមផ្លាស់ទម្លាប់នោះ។ ពីតូចគឺញ៉ាំតែបបរ ឬបាយ បើអត់មានសាច់ មានត្រីទេ គឺពួយទឹកត្រី ឬទឹកស្អ៊ីវ បន្លែមិនញ៉ាំដាច់ខាត សុខចិត្តស្រូបទឹកសម្ល ។ នេះឯងជាផលវិបាករបស់ក្មេង ពេលធំទៅលូតលាស់មិនបានល្អ ដូចជាខ្ញុំក្នុងចំណោមបងប្អូនបីនាក់ កាតឿជាងគេជាងឯង សាច់ឈាមសុទ្ធតែបូស និងដំបៅ។

      រឿងកូនក្មេង កូនអ្នកណាក៏មានបញ្ហាការញ៉ាំ។ ហើយជាតិជាម្តាយជាឪពុក នរណាក៏សុខចិត្តឱ្យកូនបានឆ្ងាញ់ខ្លួនឯងសុខចិត្តអត់។

      ចូលចិត្ត

  4. នូដូចខ្ញុំពីក្មេង រួចរាងសុទ្ធតែឆ្អឹងដូចគ្នាទៀត។
    រកពេលទំនេរមិនបានសោះ បើមិនចឹងនាំនូ និងនាងទៅរកកាភ្លៅមាន់និងដំឡូងបារាំងម្តង ចាំមើលកាត់ដូចអ៊ំអត់?

    ចូលចិត្ត

  5. somada ថា:

    សុំទៅដែរមោហី ពុងតែឃ្លានកាភ្លៅមាន់ហ្នឹងផង !

    ចូលចិត្ត

  6. រដ្ឋ ថា:

    បាន​ល្បិច​ខ្លះ​គ្រាន់​ប្រើ​ពេល​កូន​ខ្ញុំ​ចេះ​ញ៉ាំ​បាយ ហេហេ

    ចូលចិត្ត

  7. វណ្ណារី ថា:

    សួស្តីបង! ថ្ងៃនេះបានអានអត្ថបទណែនាំរបស់បងខ្លះៗពីការ​ធ្វើឲ្យកូនញ៉ាំបាយ។ ចង់ស។យោបល់បងខ្លះ។ កូនប្រុសខ្ញុំមានអាយុជិត២ខួបហើយ ប៉ុនែ្តមិនព្រមញ៉ាំបាយ ឬបបរសោះតែម្តង។ តើខ្ញុំត្រូវធ្វើម៉េចដើម្បីឲ្យកូនចេះញ៉ាំ?

    ចូលចិត្ត

    • សួស្ដី ប្អូន
      យោបល់ខ្ញុំ តាមបទពិសោធន៍ដែរទេ ពេជ្រកូនទីបីរបស់ខ្ញុំ លែងញ៉ាំបបរតាំងពអាយុ១ខួប តែគេបៅទឹកដោះគោ មួយថ្ងៃ៥ដបយ៉ាងតិច មួយដបចំណុះ២១០មល។ ពេញ៉ាំបាយ គេមិនចង់ញ៉ាំទេ តែខ្ញុំនៅតែដួសមួយចានអោយគេរាល់ពេលយើងគ្រប់គ្នាញ៉ាំបាយ យើង(ប៉ានិងមា៉ក់)មិនទម្លាប់ដេញតាមបញ្ចុកកូនទេ បើគេញ៉ាំ គឺត្រូវអង្គុយញ៉ាំជុំគ្នា បែបនេះឯង រហូតដល់ពេលនេះ ពេជ្រអាយុ២ខួបកន្លះហើយ ញ៉ាំបាយរួមតុជាមួយយើងរាល់ពេល ពេលខ្លះគេក៏ញ៉ាំ ហើយបើពេលណាពេជ្រឆ្អែត ឬមិនចង់ញ៉ាំ គេនឹងអង្គុយក្បែរៗយើង ច្រៀងលេងអោយយើងស្ដាប់កំដរអារម្មណ៍ ដោយគេមិនញ៉ាំមួយម៉ាត់សោះមាន ។ ចំពោះអាអូនកូនរបស់ប្អូន អាចសាកធ្វើរបៀបនេះតាមពេជ្រល៎មើល។ ម្ដងពីរដងដំបូង គេអាចនឹងមិនព្រមចូលតុបាយជាមួយយើងទេ ដល់តែគេព្រម ដួសលាយមួយចានអោយគេ គេនឹងមើលតាមយើង យូរបន្តិចគេគង់នឹងញ៉ាំតាមយើង បើគេមិនញ៉ាំ យើងកុំខឹងគេ ព្រោះក្មេងតែមិនញ៉ាំ មិនហើយ ចឹងមានតែការអត់ធ្មត់ទេ ខ្ញុំចំណាយពេលយូរដែរ ទម្រាំ អាចចាប់កូនក្ដាមខ្ញុំអោយអង្គុយនៅតុបាយបាន។

      ចូលចិត្ត

បញ្ចេញមតិ