វិជ្ជាមេផ្ទះ៖ ផ្អកកំពឹស ឬផ្អកត្រីប្រៃ


ថ្ងៃនេះម៉ាក់អាបីនាក់ មានចំនេះដឹងតិចតួចមកចែករំលែក​ដល់​ញាតិញោមអ្នកភូមិយើង គឺវិធីធ្វើ ផ្អកកំពឹស។ ផ្អកនេះ កាលណា​ធ្វើ​មិន​ប្រយ័ត្ន​ អាចបណ្ដាលអោយអ្នកហូប​ពុលរាគ​ក្អួត​បាន។ តាមដែលខ្ញុំធ្លាប់ធ្វើមក មិនដែលមានប្រវត្តិហូប​ទៅពុលទេ ខ្ញុំសង្ឃឹមថា អ្នកអានដែល​យកវិធីនេះ​ទៅធ្វើសាក​នឹង​ហូប​ទៅ​មិន​ពុល ហើយមករករឿងម៉ាក់អាបីនាក់ទេ ហេហេហេ 😀 😀 😀

គ្រឿងផ្សំ

  1. កំពឹស ៥​ ចានចង្កិះ
  2. អំបិល កន្លះ ចានចង្កិះ
  3. រំដេងខ្ចី ១ជ្រុងប៉ុនពាក់កណ្ដាលក្ដាប់ដៃ ហាន់ជាសសៃៗ
  4. ល្ហុងខ្ចី ១ផ្លែតូច ឈូសជាសសៃៗ ឬសាប់ក៏បាន
  5. ស្ករត្នោត ២ស្លាបព្រាបាយ
  6. អង្ករលីង៣ភាគ៤ចានចង្កិះ កិនឬបុកអោយហ្មត់

វិធីធ្វើ

  1. លាងកំពឹស រើសអោយអស់កំទេចកំទីនិង​ចៃនៅ​ក្បាល​កំពឹស ​(ចៃនេះបណ្ដាល​អោយពុលរាគ​ក្អួត​កាលណា​ហូបប៉ះវា) ដាក់អោយស្រស់ទឹក សឹមវាល់អោយបាន​៥​ចានចង្កិះ លាយអំបិលកន្លះ​ចាន​ចង្កិះ  លាយអោយសព្វចូល​ជាតិ​គ្រប​អោយ​ស្អាត​កុំអោយរុយ​ពងបានទុកប្រហែល​កន្លះ​ម៉ោង​​ ទើបញាត់ចូលក្នុងកែវស្អាតមួយ ផ្អាប់ទុករយៈពេល​៥យប់ ​ត្រូវ​ញាត់អោយពេញ​ណែន​កុំ​អោយ​​មាន​សល់​ចន្លោះក្នុងកែវ បើនៅ​សល់​ចន្លោះត្រូវ​រោយអំបិល​ពីលើបន្តិច​រូច​ដាក់​ថង់​ស្អាត​ពី​លើ (ចន្លោះមិនពេញនេះ​អាចបណ្ដាល​អោយ​ផ្អក​ធំក្លិន​ខ្យល់​បាន)
  2. ក្រោយ​ពេល​ផ្អាប់​ទុកបាន​៥យប់ កូរស្ករត្នោតលើភ្លើងអោយក្រហមឈ្ងុយ រួចចាក់ទឹក១​ចាន​ចង្កិះ​ចូល​ឆ្នាំងស្ករនោះ ដាំរហូតពុះ។
  3. ចាក់កំពឹសដែលផ្អាប់ដាក់ក្នុងចានក្រឡូមធំស្រួលលាយ ទើបចាក់ទឹកស្ករកំពុង​ពុះចូល​កូរ​អោយ​សព្វ ទើបដាក់អង្ករលីង និងរំដេងហាន់ចូល លាយអោយសព្វ រួចញាត់ចូល​កែវវិញ​ (កុំអោយពេញពេក ខ្លាចពេលអង្ករលីងរីកនាំអោយហៀរទឹកចេញក្រៅ រួចទុកមួយ​យប់​ទៀត អោយអង្ករលីងកាច់ចូលជាតិ ទើបអាចដាក់ល្ហុងបាន បើដាក់ល្ហុងតែម្ដង ផ្អកនឹងធំក្លិនឆ្អាប)។
  4. បានទុកមួយយប់ហើយ ចាក់ពីកែវមកម្ដងទៀត មកលាយនឹងល្ហុងខ្ចីដែលបានសាប់ អោយសព្វ ទើបញាត់​ចូល​កែវ​វិញ ទុកមួយយប់ឬ២យប់ អាចពិសាបានហើយ។

ពេលលាយហូប ភ្លក្ស​មើល​បើសិននៅ​ស្ទើរ​ផ្អែមឬមិនទាន់ជូរ  អាចថែមស្ករស និង​ក្រូច​ឆ្មារ​បន្តិចតាមចំណូលចិត្តអ្នកពិសា។ ផ្អកនេះគេអាចពិសាជាមួយបាយ ផ្ទាប់ពពាយខ្ចី ត្រសក់ ខ្ញីខ្ចី​ក៏បាន ឬអាចផ្ទាប់ជាមួយត្រីអណ្ដែងអាំងក៏បាន។ ដើម្បីរក្សាបានយូរថ្ងៃ អាចដាក់ក្នុង​ទូរ​ទឹកកក​ ហូបបានបួនប្រាំថ្ងៃដែរ (បំណាច់នឹងខំចំណាយពេលធ្វើដល់ទៅ១អាទិត្យឯណោះ ត្រូវតែហូបអោយបានច្រើនដងអញ្ចឹងហើយ)។

😀 😀 😀

ទំនងដែរហ្នឹងណា

ទំនងដែរហ្នឹងណា

ជាមួយត្រីអណ្ដែងស្រែង៉ោងអាំងក៏មានន័យដែរ

ជាមួយត្រីអណ្ដែងស្រែង៉ោងអាំងក៏មានន័យដែរ

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in វិជ្ជាមេផ្ទះ and tagged , , , . Bookmark the permalink.

46 Responses to វិជ្ជាមេផ្ទះ៖ ផ្អកកំពឹស ឬផ្អកត្រីប្រៃ

  1. ខ្ញុំកាន់ចានបាយកកខ្ញុំទៅឱ្យហើយស្រេចសោះមិនពិបាកម្ចាស់ផ្ទះរកបាយថែមឱ្យ។ អារូបទីពីរខ្ញុំដឹងថាម្ចាស់ផ្ទះទាំងប្តីប្រពន្ធកូន ជីដូនជីតា មាមីងនាំគ្នាញ៉ាំអស់ហើយ (រូបហ្នឹងឃើញដាក់តាំងពីថ្ងៃសុក្រ) ចឹងមានតែចាប់ត្រីអណ្តែងខ្ញុំចិញ្ចឹមអាំងឱ្យឆ្អិន សិនចាំទៅ។
    បងសុធាអើយ នៅឯណា? តោះទៅផ្ទះម៉ាក់អាបីនាក់ គេមានម្ហូបថ្មីមកដល់ហើយ!

    ចូលចិត្ត

  2. អានរួចស្រក់ទឹកមាត់តក់ៗ ដាក់ Keyboard… សុំសួរមួយ… ញ៉ុមអត់ស្គាល់ចៃកំពឹសសោះ… រួច​​មើល​​យ៉ាង​​ម៉េច​​បាន​ដឹង​ចៃ​កំពឹស?… 😀

    ចូលចិត្ត

  3. achharia ថា:

    មើលពីរបៀបធ្វើ គួអោយទុកចិត្តណាស់
    មើលរូប គួរអោយចង់ញ៉ាំណាស់ ជឿថាឆ្ងាញ់ទៀត។
    ចុះបើរកត្រីអណ្ដែងស្រែ អណ្ដែងទន់មិនបាន
    រកបានតែត្រីឆ្លាំង ត្រីសណ្ដាយអាំង ញ៉ាំផ្ទាប់ជំនូស
    អណ្ដែងដែងបានទេ ? 😀

    ចូលចិត្ត

  4. Heng-dee ថា:

    អូយឃើញហើយឃ្លានតាហ្មងបង ខាកយូរហើយចាំទៅផ្ទះវិញដាក់អោយណាណីហ្មង

    ចូលចិត្ត

  5. somada ថា:

    បងក៏ចង់ឆាប់ទៅវិញដែរ

    ចូលចិត្ត

  6. Reblogged this on ភរិយានិងម្ដាយម្នាក់ and commented:

    រំលឹកពីរបៀបធ្វើវិញ ព្រោះខ្ញុំមានប្រកាស​ថ្មីទាក់ទងនឹងប្រកាសមួយនេះ

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s