រឿងប្រជាប្រិយខ្មែរ៖ ខ្លា ភេ មាន់និងទន្សាយ


រឿងខាងក្រោមនេះជារឿងដែលម៉ាក់ខ្ញុំធ្លាប់និទានប្រាប់ខ្ញុំនិងប្អូន​ទាំង​២ កាលពីពួកយើងនៅពីតូច ហើយខ្ញុំខ្លួនឯងក៏បាន​ចេះចាំ​អ្វីដែល​ម៉ាក់បាននិទានប្រាប់មកប្រាប់កូនៗរបស់ខ្ញុំតដែរ។ជារឿងបែបប្រជាប្រិយខ្មែរ  ត្រូវបាននិទានតៗគ្នា ដូច្នេះ​យើង​មិន​អាច​ដឹងពីអ្នកនិពន្ធជានរណាបានទេ។

កាលពីព្រេងនាយ មានសត្វ៤ក្បាល បានស្ម័គ្រចិត្តរស់នៅជាមួយគ្នា ជាសំលាញ់ គឺ ខ្លា ភេ មេមាន់ និងទន្សាយ។ សត្វទាំងបួន បានបបួលគ្នាធ្វើផ្ទះ ដោយយល់ថាមានគ្នា​ដល់ទៅបួននាក់ក៏សហការគ្នាធ្វើផ្ទះសំរាប់ជ្រក។ ពួកគេបានសំរេចចិត្តធ្វើផ្ទះពីស្បូវ ដោយចាត់គ្នាបីនាក់ទៅច្រូតស្បូវ ទុកអោយម្នាក់ផ្លាស់វេនគ្នាទៅរកចំណី។ នៅថ្ងៃទី១ សត្វខ្លាដែលជាបងគេ បានស្ម័គ្រចិត្តទៅរកចំណី។ ភេ មាន់និងទន្សាយ ក៏នាំគ្នាទៅ​ច្រូត​ស្បូវ​យក​មកក្រងប្រក់ធ្វើដំបូលផ្ទះ។ កំពុងច្រូតបានបន្តិច ទន្សាយដែលជា​សត្វ​មាន​ប្រាជ្ញា និងក្បាលខូចជាងគេ បានត្អូញថាឈឺរងា មិនអាចធ្វើការបានទេ ភេនិងមាន់ឮដូច្នេះអាណិត​ទន្សាយណាស់ក៏ដេញអោយវាទៅសំរាកចុះ ទុកអោយពួកគេច្រូតស្បូវតែ២នាក់​ក៏បាន។ ទន្សាយ បានលេសហើយក៏គេចទៅលួចមើលថា តើខ្លាបានអីជាចំណីសំរាប់ក្រុមគេ។ ទន្សាយ​ឃើញ​ខ្លាដេញបានឈ្លូស យកមកប្រឡាក់ ដាំបាយមួយឆ្នាំងធំ លុះលបមើលរួចរាល់​ហើយ ទន្សាយ​កំហូចក៏ត្រឡប់​មកកន្លែងច្រូតស្បូវវិញ ធ្វើការបន្តទៀត ប្រាប់ភេនិងមាន់ថា វា​បាន​ធូរ​ហើយ​។ ពេលចប់ការងារ ពួកគេក៏នាំគ្នាដើរត្រឡប់មកជំរុំវិញ ទន្សាយកំហូច ក៏ធ្វើ​ជា​នាំ ភេ​និង​មាន់​ភ្នាល់គ្នាថា តើខ្លាបានអីចំអិនអោយពួកគេហូប ដោយដាក់លក្ខ័ណ្ឌថាអ្នកណា​ឆ្លើយ​ត្រូវ​និង​បាន​ហូបម្ហូបច្រើនជាងគេ សត្វភេនិងមាន់​ថាមិនដឹងទេ ទន្សាយក៏ទាយថាបានសាច់ឈ្លូស។ លុះមកដល់ផ្ទះទន្សាយក៏តាំងធ្វើជាស្រែកសួរខ្លាថា« អ៊ើ បងខ្លា បានអីហូបបាយ?» ខ្លាក៏ឆ្លើយថា«គ្មានអីទេ មានតែសាច់ឈ្លូសប្រឡាក់»  ឃើញថាបានសាច់ឈ្លូសមែន! 😀 ថ្ងៃទី២ ដល់វេនភេ ជាអ្នកចេញរកម្ហូបម្ដង ទន្សាយក៏តាំងធ្វើពុតដូចមុនទៀតដើម្បី ទៅលប មើលភេ ឃើញភេហែលចាប់ត្រី​យ៉ាងស្ទាត់ជំនាញ រួចយកមក​អាំង ទុកអោយ សត្វ ទាំងបី។ ទន្សាយក៏​តាំង​មក​បបួល​ខ្លា​និង​មាន់ភ្នាល់ដូចមុនទៀត។ មកដល់ផ្ទះទន្សាយក៏ស្រែក​សួរ​ដូច​មុន​ទៀត ហើយក៏ឈ្នះភ្នាល់ទៀតទៅ។ ចូលមកដល់ថ្ងៃទី៣ វេនមាន់ជាអ្នករកម្ហូបម្ដង ឯទន្សាយកំហូច ក៏ចាប់គ្រុនទន្សាយទៀតហើយដើម្បីទៅលបមើលមេមាន់។ មេមាន់ដើរ​ក្រេះក្រោះៗ មិនដឹង​បាន​ម្ហូបអី ក៏ឡើងទំលើឆ្នាំងរួចខ្តតៗៗ ពងបានមួយ​ រួចរាល់មាន់ចាប់​ដាំបាយ​មួយឆ្នាំង​ទុក​អោយមិត្តទាំង៣។ ទន្សាយមើលឃើញគ្រប់សកម្មភាពទាំងអស់ រួចមក​បបួលខ្លា​និង​ភេ​ភ្នាល់​ដូច​មុនទៀត ហើយជាថ្មីម្ដងទៀត ទន្សាយក៏បានឈ្នះមិត្តទាំងបីទៀត។ ថ្ងៃទី៤ ជាវេន​ទន្សាយកំហូច​ត្រូវទៅរកចំណីម្ដង ទន្សាយធ្លាប់លួចមើលខ្លាដេញចាប់ឈ្លូស ក៏សាក​ទៅ​ដេញ​ដែរ រត់មួយទំហឹងទៅដល់ជិតសត្វឈ្លូស តែឈ្លូសមានទៅខ្លាច​ទន្សាយ​កំហូច​ឯណា 😀  ឈ្លូស​លើកជើងធាក់ទន្សាយដួលច្រង៉ាប់ច្រងិល ងើបមក​វិញបែក​អំពិលអំពែក។ អស់ពី​ដេញ​ឈ្លូស​មិន​បាន ទន្សាយសាកធ្វើតាមភេវិញម្ដង វាលោតទឹកប្រូង តែ​វា​មិន​ចេះ​ហែល​ទឹកក៏​ឈ្លក់​ទឹក​វិះ​នឹង​ស្លាប់។ ទំរាំឡើងមក​លើគោកវិញរួច ទន្សាយ​ផឹកទឹកឆ្អែតនិងរងាចង់រឹងពោះ ម្ដង​នេះ​​​ទន្សាយទាល់តំរិះមែនទែនហើយ ក៏សាក​ធ្វើតាម​មេមាន់វិញម្ដង ទន្សាយឡើងឈរលើ​ឆ្នាំង ប្រឹងខ្តតៗ តែមានទៅចេញពងដូចមេមាន់ឯណា ប្រឹងខ្លាំងកាលណាឮតែព្រីតៗ គឺ​សុទ្ធតែ​អ៊ឹអ៊ិះ(លាមក) រួចស្រេចកាលណា ទន្សាយគ្របឆ្នាំង ទុករួចដាំបាយមួយឆ្នាំង​យ៉ាងទំនង រួចទៅដេកគ្រលុំភួយធ្វើពុតជាឈឺ។ ពេលសត្វ​ទាំងបីត្រឡប់​មកពីច្រូតស្បូវវិញ​​ពួកគេ​ស្រែក​ក៏​សួរ​ទន្សាយថា«អ៊ើ! ប្អូនទន្សាយ បានអីហូបបាយថ្ងៃនេះ?» ទន្សាយឆ្លើយដោយសំលេងញ័រៗ​ពុត​ជាឈឺថា« បងៗអើយ! គ្មានបានអីទេ ខ្ញុំឈឺរងាទៀតហើយ មានតែប្រហុកចំហុយ​នៅ​ឆ្នាំង​ឯនោះ បងៗទៅហូបចុះ ខ្ញុំហូបមិនកើតទេ» ថារួចទន្សាយក៏ដេកថ្ងូរហាក់ដូចឈឺមែនទែន។ សត្វទាំងបី​ក៏ចាប់​រៀប​បាយ​ហូប មើលទៅប្រហុកស្អុយៗចំឡែក ឯទន្សាយក៏ចាប់ថ្ងូរថា«បងខ្លា បងភេ បងមាន់ ស៊ីអាចម៍ទន្សាយ! បងខ្លា បងភេ បងមាន់ ស៊ីអាចម៍ទន្សាយ!​ បងខ្លា បងភេ បងមាន់ ស៊ីអាចម៍ទន្សាយ!» ខ្លា ភេ មាន់ប្រឹង​ស្ដាប់យូរណាស់​ទំរាំ​ស្ដាប់​បាន​ថា​ទន្សាយថ្ងូរ​​ចំអក​​អោយពួកគេ។ ខ្លាខឹងណាស់រត់ដេញសង្គ្រប់ទន្សាយកំហូច តែទន្សាយដឹងខ្លួនទាន់រត់​ប្រូច​បាត់​ទៅ។ រត់ៗទៅ រវល់តែងាកមើលក្រោយ ទន្សាយធ្លាក់ចូលរណ្ដៅជ្រៅមួយឡើងមិនរួច ខ្លាមកដល់ឃើញទន្សាយបែបនេះ ក៏តាំងចំអកអោយទន្សាយពីមាត់រណ្ដៅថា«អើៗ!! សមមុខហើយអាជើងល្អ!! ឯងនៅក្នុង​នេះចុះគ្មាននរណាជួយឯងបានទេ អោយវា​ស្រឡះ​សាធុ​ចុះ» ទន្សាយតបវិញថា«បងខ្លាអើយ! នេះបងឯងមិនដឹងទេហី ថាមេឃ​ជិតរលំសង្កត់​មក​ហើយ ខ្ញុំនៅខាងក្រោមនេះមិនអីទេ»។ ខ្លា​ល្ងង់ ឮពាក្យទន្សាយ​បែបនេះ​​ភ័យ​ណាស់​ព្រោះ​មើល​​ទៅ​លើមេឃឃើញពពក​រសាត់​លឿន​ស្លេវ គិតថាមេឃពិតជារលំមកមែន ខ្លាក៏លោតចុះ​ទៅ​ក្នុងរណ្ដៅជាមួយទន្សាយដែរ។ ចូលដល់ក្នុងរណ្ដៅ សត្វទាំង២អង្គុយអេះម៉េះ អផ្សុកក្រៃ ទន្សាយក៏ទៅចាក់ក្រឡេកខ្លាលេង« ចាក់ជូចបងខ្លា!​ ចាក់ជូចបងខ្លា! ចាក់ជូចបងខ្លា!» ខ្លាស្ដី​អោយ​ទន្សាយថា«នែក!!! គេកំពុងភ័យរឿងមេឃបាក់មក អាជើង​ល្អឯង​នៅមាន​ចិត្ត​លេង​សើច​ទៀត!» ទន្សាយនៅមិនឈប់ចាក់ក្រឡេកទៀត ខ្លាចាប់ខឹងហើយ ក៏គំរាម​ទន្សាយ​ថា ​«នែក! ប្រយ័ត្នអញបោះឯងឡើងទៅលើអោយមេឃសង្កត់ណា អាទន្សាយជើងល្អ» ទន្សាយឮ​បែប​នេះអរភើត រឹតតែប្រឹងចាក់ក្រឡេកខ្លាលើសដើម។ ម្ដងនេះខ្លាខឹងមែនទែនហើយ ទ្រាំលែងបាន ចាប់បោះគ្រវែងទន្សាយឡើងទៅលើឮសូរវ៉ឺ។ ទន្សាយបានឡើងដល់លើ អើតកមកវិញចំអកអោយខ្លាល្ងង់ថា« អាខ្លាល្ងង់អើយ! ដែលមាន​មេឃ​ធ្លាក់​បាក់​មក​ដីពី​កាល​ណា​មក ឯងនៅក្នុងនេះម្នាក់ឯងចុះ ទន្សាយសុំលាទៅមុនហើយ!»។ ទន្សាយ​ក៏បាន​រួច​ជីវិត​ពីសត្វ​ខ្លាទៅហោង។

ឯវំ

រឿងនេះខ្ញុំតែងនិទានអោយកូនៗស្ដាប់ ពួកគេចូលចិត្តណាស់ ទោះ​ជានិទាន​ដដែលៗក៏គេនៅតែចង់ស្ដាប់ ពួកគេស្ដាប់រហូតដល់ចេះចាំ​អាច​​និទាន​អោយម៉ាក់ស្ដាប់វិញទៀតផង។

😀 😀 😀

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំប្លែង, រឿងខ្លី and tagged . Bookmark the permalink.

12 Responses to រឿងប្រជាប្រិយខ្មែរ៖ ខ្លា ភេ មាន់និងទន្សាយ

  1. somada ថា:

    តាមពិតធ្លាប់ស្តាប់ដែរ តែមិនចាំ អរគុណជីវីដែលបានរំលឹកអតីតកាលឡើងវិញជាពិសេស នឹកឃើញ​រឿងកាលពីនៅក្មេងតែម្តង ។

    ចូលចិត្ត

  2. achharia ថា:

    កាលនៅមិនទាំន់ដឹងក្ដីមែនទែន ខ្ញុំធ្លាប់ស្ដាប់រឿងនេះដែរ គេលេងបែបនិទាន
    តាមវិទ្យុ មានអ្នករៀររាប់និងអ្នកនិយាយអោយតួសត្វនិមួយៗឆ្លើយឆ្លងគ្នា ។
    យូរហើយ ចាំមិនអស់ អាឡូវបានអានទីនេះ ធ្វើអោយខ្ញុំនឹកឃើញវិញអស់ដែរ ។
    អរគុណ ក្មួយ(ហៅខ្ញុំពូហើយ 😀 ) ច្រើនដែលបានចែលរំលែកអោយរំលឹករឿង
    នេះបានវិញ ។

    ចូលចិត្ត

    • ខ្ញុំមិនថាហៅយ៉ាងណាអោយសមគួរទេ បើហៅអ៊ំ ខ្លាចពូអន់ចិត្ត បើហៅបង ខ្លាចថាខ្ញុំនេះចង់វ៉ៃស្មើចាស់ជាន់មុន ហៅលោកដូចមិនសូវទំនង។ បើខុសទាស់អី អាណិតកុំប្រកាន់ខ្ញុំអី«ពូ» 😀

      ចូលចិត្ត

      • achharia ថា:

        ខ្ញុំទេដែលក្រែងចិត្តក្មួយ ទើបខ្ញុំខំបើកវង់ក្រចកដាក់ ។
        ចំពោះខ្ញុំ ជាមិត្តភាពតាមអនឡាញ មើលគ្នាមិនឃើញមិនដឹងច្បាស់
        ភាគច្រើនទាំងឈ្មោះ​ទាំងអាយុពិតប្រាកដ​ទាំងរូបប្រុហ្វាយល៍ក៏កំរ
        នរណាដាក់និងប្រាប់បង្ហាញគ្នាត្រង់ៗណាស់ …ដូច្នោះហើយខ្ញុំគិតថា
        ចំពោះខ្ញុំហៅត្រឹមតែឈ្មោះក៏បានដែរ ហើយខ្ញុំក៏ចូលចិត្តសរសេរហៅគេវិញ
        ត្រឹមតែឈ្មោះដែរ …ដូចពួកអឺរ៉ុបនិងប្រទេសដទៃៗដែលគេសរសេរឆ្លើយឆ្លងគ្នា
        តាមទំព័រហ្វរុមនានាដើម្បីសួរគ្នាចែករំលែកចំណេះដឹងដល់គ្នាទៅវិញទៅមក ។
        achharia 😀

        ចូលចិត្ត

  3. ខ្មែរយើងចាត់ទុកសត្វទន្សាយ​ថាជាសត្វឈ្លាសវៃ… ជាសត្វ​តំណាង​អោយ​អ្នក​កាត់​ក្តី​​ ដែល​យើង​បាន​ឮ​ពាក្យ​ប្រសិទ្ធិ​នាម​ថា “សុភាទន្សាយ”… តែ​តាម​ខ្ញុំ​យល់ រឿង​ដែល​ទាក់​ទង​នឹង​សត្វ​ទន្សាយនេះ​ មាន​រឿង​ព្រេង​ខ្លះ ដូចយ៉ាង​​រឿង​នេះ​ជា​ដើម​ បាន​បង្ហាញ​នូវ​តួអង្គ​ទន្សាយ​ តាម​បែប​ចោរម្សៀត និង​គ្មាន​បាន​ការ​អី​សោះ… សូម្បី​តែ​ខ្លួន​ឯង​ ក៍​ជួយ​មិន​បានផង​ តើ​អោយ​ទៅ​ដើរ​ជួយ​យក​អសារ និង​រក​យុត្តិធម៌​អោយ​​អ្នក​ដទៃ​​យ៉ាង​ម៉េច​តើក?

    កាល​នៅ​រៀនសម័យ​ទសវត្ស​ឆ្នាំ​៨០ ខ្ញុំ​ធ្លាប់​វិភាគ​តួអង្គ​ទន្សាយ​នេះ នៅ​ក្នុង​អត្ថបទ​តែងសេចក្តី​របស់​ខ្ញុំ និង​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​លោកសាស្រ្តាចារ្យ​អក្សរ​សាស្រ្ត​របស់​ខ្ញុំ ដោយ​បាន​ចាត់ទុក​ថា អត្ថបទ​របស់​ខ្ញុំ​នោះ​ ​បាន​បង្ហាញ​នូវ​​ចរឹកពិតនៃ​អ្នក​អនុវត្ត​ច្បាប់​ក្នុង​សម័យ​សក្តិភូមិ តួយ៉ាង​​ដូចសុភាទន្សាយនេះ…។​​ កាលណោះ ប្រទេស​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ដ៏​កកបំផុត​នៃ​សង្គ្រាម​ត្រជាក់​។ ហេតុនេះ អត្ថបទ​វិភាគ​អក្សរសិល្ប៍​របស់​ខ្ញុំ​នៅ​ពេល​នោះ បើ​យក​មក​អាន​នៅ​ពេល​នេះ​វិញ គឺ​ខ្ញុំ​ប្រាកដ​ជា​មាន​ទោស​ដោយសារ​ “ជេរស្តេច” ហើយ… 😀

    ចូលចិត្ត

  4. Anata ថា:

    This story my sister used to told me when I was young, but I don’t really remember. I try to find book relate to this story, but I cannot find one. At last I found in here :D.
    Thanks bong

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s