បង្រៀនកូនអោយមាន​ទំលាប់​រស់នៅ​ល្អ


អ្នកប្រហែលជាគិតថា កូនអាយុ២ ឬ៣ខួបរបស់អ្នកនៅតូចពេក មិនអាចជួយធ្វើការផ្ទះបានទេ សូមគិតម្ដងទៀតចា៎ស។ កូនចាបតូចរបស់អ្នកតែងតែចង់ធ្វើអ្វីតាមអ្នកធ្វើ មិនថាអ្នកជូតផ្ទះ បោសផ្ទះ បោកខោអាវ ឬសូម្បីតែធ្វើម្ហូប។វាពិតជាពិបាកបន្តិចហើយនៅគ្រាដំបូងនោះ ព្រោះពេលចាបតូចជួយការងារ វាហាក់ដូចជាធ្វើ​អោយយើងកាន់តែរវល់ទៅវិញទេ ប៉ុន្តែការ​ដែលធ្វើបែបនេះគឺ​អ្នកបានបណ្ដុះគំនិត​ស្រឡាញ់ការងារដល់ពួកគេ។ការដែលអោយ​កូន​អ្នកជួយការងាររបស់អ្នក គឺអ្នកបានបង្រៀនអោយគេយល់​ពីសារៈសំខាន់នៃ​ការងារផ្ទះ​និង​សាង​ភាពជឿជាក់លើខ្លួនពួកគេ គេនឹងយល់ថាគេជា​សមាជិកដ៏​មានតំលៃម្នាក់ក្នុងគ្រួសារ​តូច​នេះ​។ ពេលដែលគេបានបញ្ចប់ការងារតូចៗ​ដែលអ្នក​បានប្រាប់គេអោយធ្វើ ទឹក​មុខ​គេនឹង​បង្ហាញ​ប្រាប់អ្នកថា «មើលចុះ នេះជាអ្វីដែលចាបតូចដូចខ្ញុំបានជួយម៉ាក់(ឬប៉ា)»។ខាងក្រោម​នេះ​ គឺសុទ្ធតែជាការងារ​ដែលអាច​អោយកូនតូចៗជួយអ្នកបាន ហើយគេអាចជួយ​ដោយ​រីករាយទៀតផង៖

  1. រៀបចំទុកដាក់របស់លេង៖ បើអ្នកប្រាប់គេថារៀបចំរបស់លេងកូនអោយមានរបៀប គេប្រហែលជាមិនយល់ថាមានរបៀបនោះយ៉ាងម៉េចទេ តែបើប្រាប់គេងាយៗថា«យកតុក្កតាកូនទៅដាក់លើធ្នើរ/យកឡានតូចទៅដាក់ក្នុងកន្ត្រក/ យកសៀវភៅកូនទៅដាក់លើតុ។ល។ គេប្រហែលជាឆាប់យល់ ហើយពេញចិត្តនឹងធ្វើជាង។
  2. ជួយរៀបខោអាវ៖ ប្រាប់គេអោយជួយរៀប ស្រោមជើងដាក់មួយឡែក ខោដាក់មួយឡែក អាវដាក់មួយឡែក ស្របពេលដែលអ្នកកំពុងបត់ទុកនូវអ្វីដែលគេបានរៀបនោះ។ ឆ្លៀតពេលនោះ ម៉ាក់និងកូនក៏អាច Spend quality time  ជាមួយគ្នាដែរ អ្នកនិងពួកគេអាចសួរនាំគ្នាពីនេះពីនោះឬច្រៀងលេងជាមួយគ្នាក៏បាន។
  3. បោសជូតធូលី៖ បោសជូតលើតុ លើកៅអី  បោសបណ្ដើរនាំគេលេងបណ្ដើរ ប្រាប់គេថា ប្រណាំងគ្នាជាមួយអ្នកម៉ាក់ល៎មើល ថាតើនរណាបោសលឿនជាងនិងស្អាតជាង។ ឃើញទេ? ក្មេងៗពិតជាចូលចិត្តមិនខានទេ។
  4. ស្រោចផ្កា ដើមឈើ៖ រកធុងតូចល្មមសំរាប់គេ ស្រោចផង ប្រាប់គេអោយមើលថា មួយណាស្លឹក មួយណាទង មួយណាដើម។ ចំនុចនេះ ក៏អ្នកអាច បង្រៀន គេអោយ ស្គាល់ ពីរុក្ខជាតិផងដែរ។
  5. ជួយការងារផ្ទះបាយ៖ ប្រាប់គេដោយរបៀបកំប្លែងៗថា «កូនជួយដាក់​ទឹក​នៅ​ចានដែកអោយត្រសក់/ត្រឡាច/ការ៉ុត/ឆៃថាវ (ងូតទឹកលាងខ្លួន)បន្តិចបានទេ?» គេពិតជារីករាយនឹងជួយដោយសារតែពាក្យនេះ ហើយសួរមកវិញថា បន្លែក៏ចេះ​ងូតទឹកដូចកូនដែរហ្ន៎?!

នៅមានការងារផ្ទះដទៃទៀតជាច្រើនដែលកូនចាបតូចរបស់អ្នកអាចជួយអ្នកបាន។ សូមកុំមានគំនិតថា គេនៅតូចពេក ចាំដល់ធំចាំបង្រៀនគេក៏មិនទាន់ហួសពេលដែរ សូម​ចង​ចាំ​ថា​ ទំលាប់ល្អត្រូវការពេលបណ្ដុះយូរ ឯទំលាប់អាក្រក់វិញ​ងាយនឹងទទួល​យកណាស់។ សូមជូនពរអោយចាបតូចៗ​ជាទីស្រឡាញ់របស់អ្នកក្លាយ​ជាកូនដែលមាន​ទំលាប់រស់នៅល្អ។

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in ការអប់រំកូនរបស់ខ្ញុំ and tagged , , , , . Bookmark the permalink.

35 Responses to បង្រៀនកូនអោយមាន​ទំលាប់​រស់នៅ​ល្អ

  1. កាលនៅក្មេងក៏ម៉ាក់នាំស្រោចទឹកដំណាំដែរ។ ខ្ញុំមានធុងស្រោចផ្ទាល់ខ្លួនដែលគាត់ធ្វើឱ្យពីកំប៉ុងទឹកដោះគោ ក្រោយមកជាធុងប្រេងឆា និងក្រោយមកទៀតធុងស្ពេត្រូ (ពេញកំលាំងល្មម)

    ចូលចិត្ត

  2. ពិត​ជា​ល្អ​មែន​ទែន​អាច​ទុក​ជា​បទ​ពិសោធន៍​បាន :@

    ចូលចិត្ត

  3. វិចិត្រ ថា:

    ជា​ពិសេស​បង្រៀន​វា​អោយ​ចេះ​ញ៉ាំ​បាយ​ខ្លួន​ឯង។ ក្មេង​ៗ​ខ្មែរ​យើង​ ភាគ​ច្រើន ​ចាំ​តែ​ម៉ែ​ដេញ​បញ្ចេញ​បាយ ទើប​ញ៉ាំ។

    ចូលចិត្ត

  4. somada ថា:

    ញ៉ាំបាយហើយកុំភ្លេចឲ្យលាងចានផង ! កូន ៗ​បងដាក់វេនគ្នាម្នាក់មួយថ្ងៃ ដូច្នេះទោះជាដល់ម៉ោងទៅរៀន​ហើយក៏ដោយ​ក៏ត្រូវធ្វើដែរព្រោះជាតួនាទី ។ មួយចំណុចទៀតជីវី​ត្រូវឲ្យពួកគេរៀនចងសក់ សិតសក់​ដោយខ្លួនអែង ព្រោះវានឹងជួយជីវីមានពេលច្រើន ព្រោះស្រីបី​ បួននាក់ទាំងម៉ាក់វា បើនៅតែច្រេមច្រុម​ជាមួយ​ពួកគេ ពិតហត់នឿយណាស់ ។​ ទុកកម្លាំងទៅធ្វើអីផ្សេងវិញ​ណស់ !

    ចូលចិត្ត

    • អរគុណបងដែលបានប្រាប់បន្ថែម។ រឿងលាងចាន ប្រើបានហើយ ម៉ាក់ជាអ្នកលាងសាប៊ូ អាបងលាងទឹកទី១ អាទី២លាងទឹកទី២ បើនិយាយរឿងចងសក់ នាងនាងចេះត្រឹមសិតខ្លួនឯង ឯនូនូនៅទេ។ គួរអោយសរសើរក្មួយៗខ្ញុំណាស់ ចេះការងារផ្ទះតាំងពីប៉ុននេះហើយ ពិតជាចំណាប់មិនចាញ់បងដែលជាម៉ាក់មិនខានទេ។

      ចូលចិត្ត

      • somada ថា:

        នេះអាចមកពីកាលបងនៅក្មេងខ្ជិលហើយមើលទៅ ព្រោះ​យកលេសទៅរៀន​ ញ៉ាំបាយហើយ​អត់សូវបានជួយទេ គេចបាត់ ដល់អញ្ចឹងទៅខ្លាច​កូនខ្ជិលដូចម៉ាក់វាដែរ ក៏ទម្លាប់តាំង​ពីក្មេង ៗ ដូចជីវីនិយាយខាងលើនោះដែរ ។ ហើយពេលនេះកំពុងតែបណ្តោយ​ឲ្យធ្វើម្ហូប​ខ្លះ ៗ ដែរ​ គ្រាន់​ម៉ាក់វា​ឆ្លៀតមកអង្គុយលេងអ៊ីនធើនែតបានខ្លះ ។

        ចូលចិត្ត

        • រកឃើញអ្នកកេងប្រវ័ញ្ចពេលវេលារបស់ក្មេងៗឃើញហើយពេលនេះ។ អាណិតទៅម៉ាក់អើយ ប្រយ័ត្នតែកូនវាសុំមកលេងឥន្ទនេត្រដែរ វរហើយ បានពីណាធ្វើបាយធ្វើម្ហូបទៅ។

          ខ្ញុំអន់ចិត្តណាស់ដែលម្តាយខ្ញុំគាត់មិនបានទម្លាប់ខ្ញុំឱ្យចេះធ្វើការងារមនុស្សស្រី ដូចជាដាំស្ល ពីតូចមក។ សព្វថ្ងៃមិនមែនថាមិនចេះទេ ចេះខ្លះដែរ តែដល់ពេលយើងធ្វើទៅមិនឆ្ងាញ់ គេ ថាឱ្យក៏លែងចង់ធ្វើរហូតតែម្តង។ អាហ្នឹងព្រោះតែមិនមានពិសោធន៍ ពេលចាស់ហើយ ធ្វើទៅ មិនឆ្ងាញ់ គេថាឱ្យតិចតួចខឹង លែងប៉ះបណ្តោយ។ អ្វីដែលខ្ញុំចេះស្ទាត់ជាងគេគឺស្ងោរ ចៀន ចំហុយ អាំង និងឆាពងទាខ្ទឹមបារាំង ជួនហូបកើត ជួនក៏អត់ដែរ។

          សូមកុំនិយាយពាក្យមួយឃ្លានេះឱ្យកូនឮ៖ ខំតែរៀនទៅ ការងារដាំស្ល បោសច្រាសអី គង់តែ ពេលរៀនពូកែ មានការងារល្អធ្វើ ជួលឈ្មួលធ្វើទៅបានហើយ។

          ជីវិតយើង មិនដឹងទៅថ្ងៃមុខយ៉ាងណាទេ សូមបង្រៀនគេឱ្យចេះគ្រប់សព្វ ដើម្បីគេអាច រៀនរស់ដោយខ្លួនឯងបានក្នុងពេលណាដែលចាំបាច់។ មើលអ្នកមិនចេះដូចខ្ញុំ ចង់ធ្វើហូប ហូបមិនកើត ទៅទិញម្ហូបគេរាល់តែថ្ងៃ ជួនទៅគេស្ងោរកូនជីងចក់ឱ្យញ៉ាំ ជួនទៅគេដាក់ រុយឱ្យហូបលេងកំដរមាត់។

          ចូលចិត្ត

        • បង ពាក្យដែលថាអោយខំតែរៀនទៅបានហើយនេះ ខ្ញុំធ្លាប់ឈ្លោះជាមួយប៉ាអាបីនាក់រួចហើយ ហេហេហេ តែមិនអោយក្មេងៗឮទេ

          ចូលចិត្ត

        • ល្អឯង! ខ្ញុំជួបខ្លួនឯង ពេលឮគេប្រាប់កូនចឹង ខ្ញុំរមាស់ត្រចៀកណាស់។

          គាំទ្រ!!! ឈ្លោះឱ្យហើយទៅ ហើយបើថារកនរណាមក ឧទាហរណ៍មិនបានទេ ចាំកល្យាណទៅជួប!!!

          ចូលចិត្ត

        • បង ជួយស្ដាប់មើល ឯងប្រើកូនគេតិចតួច សុទ្ធតែឯងប្រើពលកម្មកុមារ យ៉ាហ៊ី!!! ពលកម្មកុមារអីគ្រាន់តែជួយម៉ែប៉ាប៉ិនហ្នឹងនោះ!

          ចូលចិត្ត

        • ប្រាប់ទៅវិញទៅ ថាអាហ្នឹងគឺជា On-the-job-training ដែលកូនអាចទទួលបានការបណ្តុះបណ្តាលដោយ មិនបាច់បង់ថ្លៃរៀនឱ្យគ្រូ ។ ទៅរកឯណាបាន ពួកខ្ញុំ រៀនសុទ្ធតែត្រូវបង់ថ្លៃឱ្យគេ ម្តាយខ្ញុំយកកូនមកផ្ញើ ឱ្យនៅជាមួយគេ ឱ្យថ្លៃបាយទឹក និងស្នាក់នៅ ថែម ទាំងចំណាយថ្លៃអប់រំទៀត។

          ចូលចិត្ត

        • ម្យ៉ាងដែរ អ៊ំវាចេះនឹកឃើញ។ ឥឡូវនេះពេលឃើញខ្ញុំប្រើកូន គាត់លែងមាត់ហើយ គ្រាន់តែមិនគាំទ្រ តែក៏មិនយកជើងរាទឹកដែរ

          ចូលចិត្ត

        • នាំកូនលេងសប្បាយ គឺជាការ ស្ពេន ឃ្វ័លលីធី ថែម ជាមួយកូនៗហើយ ចំណេញចំណេះដល់កូន ចំណេញសំណើច ហើយក៏ចំណេញម៉ាក់ដែលមាន ពេលស្និទ្ធស្នាលជាមួយកូនដែរ។

          ជីវីអើយ កូនក្មេងបើយើងនាំគេធ្វើ យូរៗទៅគេធ្លាប់ ធ្វើគេអាចផ្តើមធ្វើបានពេលគេទៅលេងជាមួយពួក ម៉ាកហើយត្រូវធ្វើអីមួយ ធ្វើទៅអត់ឆ្គងទេ។

          ខ្ញុំអត់ដែលធ្វើអីសោះ ស្រាប់តែទៅជប់លៀងជាមួយ ពួកម៉ាកគេប្រើឱ្យច្របាច់ខ្ទិះដូង ច្របាច់ច្រិមច្រុម កំពប់ខ្ទេច បានទៅទិញឯផ្សារម្តងទៀត ខាតលុយ ខាតពេល រួចខ្មាសគេតាំងពីហ្នឹងមក ចង់ពីណា មកបបួលទៅដើរលេងឯណាក៏មិនទៅដែរ ខ្មាសគេ ពេក កផ្តាច់ខ្លួនពីពួកម៉ាករហូតមកដល់អាឡូវ។

          ចូលចិត្ត

        • somada ថា:

          និយាយទៅរឿងការងារផ្ទះនេះ បងក៏មិនសូវចំណាប់ប៉ុន្មានដែរ តែខាង​បងប្រុសនោះគាត់​ចំណាប់​​ណាស់ ព្រោះគាត់ជាបងច្បងដូច្នេះគាត់ធ្លាប់ឆ្លងកាត់ការងារទាំងអស់នោះច្រើនជាងខ្ញុំ (
          ទាំងការងាររៀបចំផ្ទះ និង ចុងភៅ) ។ ដូច្នោះគាត់ក៏ទម្លាប់កូន ៗ ឲ្យធ្វើកិច្ចការទាំងនោះ​ប្រៀប​ដូចជាការលេងបាយឡឹកបាយឡដោយ​ពួកគេមិនបាន​ដឹង​ថា គេកំពុងតែរៀនវិជ្ជាធ្វើម្ហូបពី​ប៉ាម៉ាក់​របស់គេ ។ ហើយពួកគេក៏ចូលចិត្ត​មកមើលយើងពេលធ្វើម្ហូប តើយើងដាក់អ្វីខ្លះសម្រាប់ម្ហូប​មួយ​មុខនេះ ? យូរៗទៅក៏ក្លាយជាទម្លាប់ទៅហើយ ។ ចំណែកកល្យាណវិញ ទ្រាំ ៗ ទៅ​ អាចថា​ជាមនុស្សមានសំណាង​ជាងអ្នកផ្សេងផង ព្រោះបានញ៉ាំសម្លជីងចក់ អ្នកខ្លះគេគ្រាន់តែ​ជីង​ចក់ធ្លាក់លើគេហេង គេសឹងអី ចុះទម្រាំបានញ៉ាំអញ្ចឹងពិតជាហេងរាប់ខែមិនខានទេ 55555 ​

          ចូលចិត្ត

        • បងហ្អា ខ្ញុំខ្មែរទេ ជីងចក់ធ្លាក់លើមិនមែនជារឿងល្អឡើយ។ សត្វធ្លាប់នៅលើ ធ្លាក់មកក្រោមជារឿងខុសធម្មតាហើយ។ និយាយរឿងទម្លាប់របស់បងៗ និងជីវីវិញខ្ញុំកាន់តែច្រណែន! បើម្តាយខ្ញុំវិញគ្រាន់តែខ្ញុំចូលជិតគាត់ធ្វើម្ហូប គាត់ថាទៅដងទឹក ទៅ! ទៅធ្វើនេះទៅ នោះទៅ! មិនបាច់ចេះក៏បានដែរ ខំតែរៀន ទៅគង់មានគេធ្វើម្ហូបឱ្យញ៉ាំទេ! មកដល់ឥឡូវ មាននរណាធ្វើ ឱ្យខ្ញុំហូប មានតែប្អូនៗខ្ញុំទេ ថ្ងៃណាគេទំនេរពីរៀនគេធ្វើ ថ្ងៃណា គេរវល់ ខ្ញុំទៅរកអីខាងក្រៅផ្ទះទៅ។ យូរៗរាល់ង៉ៃ ព្រោះខ្ជិល ផ្សំផង ជួនស្ងោរពងម្ភៃទុកហូបពីរបីថ្ងៃទៅ!!!

          ចូលចិត្ត

        • ការពិតទៅ ពីតូចមក ខ្ញុំក៏មិនសូវមានពេល​ចូលចង្ក្រានចានឆ្នាំងអីដែរ គិតតែពីរៀនមែនតែហ្មង ដល់មានគ្រួសារ អត់អ្នកជួយធ្វើម្ហូបក៏ចេះតែពួយ ចេះតែសាក ឮគេថាធ្វើអីទំនងក៏សាកតាមគេទៅ ធ្វើម្ដង ២ដង ៣ ដងហូបមិនកើត ដល់១០ដងអីក៏ហូបកើតហ្នឹងគេដែរទៅ ម្យ៉ាងនៅផ្ទះខ្ញុំ ជាក្រុមគ្រួសារធំ រាប់ទាំងអាពេជ្រផងជាងដប់នាក់ឯណោះ ដល់ចឹង ម្ហូបម៉ាពេល តំរូវចិត្តអ្នកនេះផង អ្នកនោះផង ៣មុខយ៉ាងតិច ហេហេហេ បើបទពិសោធន៍ប៉ុននេះហើយ មិនជាប់«សតលីស»ទៀតចប់ប៉ារយ 😀 😀 😀

          ចូលចិត្ត

  5. achharia ថា:

    ខ្ញុំមានកូនចាបមួយ… អូមិនមែនកូនទេគឺចៅចាបមួយទើបបាន១៨ខែ
    មកលេងខ្ញុំរាល់ថ្ងៃ តែខ្ញុំរកវិធីអោយចេះប្រើកន្ថោមិនបាននៅឡើយ
    ព្រោះចង់សន្សំសំចៃថ្លៃកន្ទប។ នាងចេះគ្រវីក្បាលនិងចេះងក់ក្បាលច្បាស់
    ទៀងទាត់ណាស់បើសួរពីរឿងកន្ទបសើមរឺអត់ ។
    សូមម្ចាស់ប្លកជួយរំលែកបទពិសោធនផង ធើម៉េចអោយចៅចាបខ្ញុំចេះប្រើកន្ថោ
    បាននៅពេលជុះម្ដងៗ …បើនិយាយពីចូលមើលរឿងតុក្កតានៅយូធូបតាម
    អាយភែតរឺចូលលេងហ្គែមសំរាប់ក្មេងៗវិញគឺចៅចាបខ្ញុំចេះបិតបើកអាយភែត
    ខ្លួនអែង ចេះចុចអូសទៅរកហ្គែមសំរាប់តែក្មេងៗ មិនប៉ះពាល់របស់មនុស្សចាស់ទេ
    មិនគូរអោយជឿ ១៨ខែសោះ លេងរបស់របរសំរាប់គេពីរបីឆ្នាំបាន ។

    ចូលចិត្ត

    • ចំណាប់ណាស់តើចៅចាបរបស់ពូ!!! ចេះប្រើរបស់ទំនើបតាំងពីអាយុមិនទាន់២ឆ្នាំផង ពិតជាអស្ចារ្យផិនគេមែន ហេហេហេ។ រឿងជុះដាក់កន្ថោរ បើចំពោះអាពេជ្រកូនពៅខ្ញុំ នៅមិនទាន់ទំលាប់ទេ តែរាល់ពេលគេភ្ញាក់ពីគេង ខ្ញុំតែងលើកទៅអោយគេបត់ជើងតូចទៀងពេល កន្លងមួយម៉ោងម្ដង ក៏នាំគេ«ស៊ូចៗ» ទៀត ពេលថ្ងៃខ្ញុំមិនអោយគេស្លៀក« ដាយភើ» ទេ ទុកស្លៀកតែពេលយប់ប៉ុណ្ណោះ។ បើទំលាប់បែបនេះជាបណ្ដើរៗ យ៉ាងយូរពេលគេអាយុ២ខួបអាចប្រាប់បានថា ចង់ជុះពេលណាហើយ។ ខ្ញុំនិយាយតាមតែអ្វីដែលខ្ញុំចេះដឹងធ្លាប់ធ្វើប៉ុណ្ណោះឯង។ អរគុណពូដែលតែងឆៀងចូលមកអើតផ្ទះនេះរហូតមក 😀 😀 :D។

      ចូលចិត្ត

បញ្ចេញមតិ