របៀបចិញ្ចឹមអប់រំកូនរបស់ខ្ញុំ


«ខាងក្រោមនេះ គ្រាន់តែជា​ទស្សនៈ​យល់ឃើញមួយជ្រុងតូច​របស់​ម៉ាក់អាបីនាក់​ក្នុងការអប់រំកូន ខ្ញុំអាច​មាន​ទស្សនៈ​យល់​ខុសពី​ទស្សនៈ​របស់អ្នក សូម​ជឿជាក់លើខ្លួនអ្នកក្នុង​ការចិញ្ចឹមកូន ព្រោះគ្មាននរណាម្នាក់ស្គាល់កូនអ្នក​ច្បាស់ជាងអ្នកខ្លួនឯងទេ»

ខ្ញុំជាម្ដាយនៃកូនស្រី៣នាក់ តែងតែជឿថា ខ្ញុំនិងស្វាមី​មានការ​ទទួលខុសត្រូវ​ធំណាស់ក្នុងការអប់រំកូន អោយមាន​ទំលាប់​​ល្អឬអាក្រក់បាន។ ​អ្វីដែលខ្ញុំ​សរសេរខាងក្រោម​នេះ មិនមាន​ចេតនាមើលងាយថា ការចិញ្ចឹមកូនរបស់អ្នកដទៃ មិនត្រឹមត្រូវ មានតែកូនខ្ញុំទេ​ដែលចិញ្ចឹមបានល្អនោះទេ វាគ្រាន់តែជា​​ការយល់ឃើញ​របស់ម្ដាយម្នាក់ប៉ុណ្ណោះ។

ចិញ្ចឹមកូន​មិនមែនជារឿងងាយស្រួលឡើយ ខ្ញុំកំពុងចិញ្ចឹម​កូនមនុស្ស មានពេលខ្លះ យើងអាច​មាន​ការខ្វែងគំនិតគ្នាក្នុងគ្រួសារ រវាងឪពុកនិងម្ដាយ ដោយសារ​ទស្សនៈ​គិត​ខុសគ្នា​ពី​របៀបអប់រំកូន។ សូមជៀសវាងដាច់ខាត កុំប្រកែក​គ្នា​នៅចំពោះ​មុខ​កូនៗ សូមសំរប​តាមគ្នាសិន ដើម្បីកុំអោយកូនមានគំនិតយល់ថា «អ្វីដែលប៉ា(ឬម៉ាក់)ធ្វើ/ប្រាប់ មិនត្រូវទេ» ព្រោះកូនៗ​អាចនឹង​មើលស្រាល​ការប្រៀនប្រដៅរបស់ឪពុកឬម្ដាយ។ ខ្ញុំជឿថា ខ្លួនខ្ញុំក្ដី ឪពុកពួកគេក្ដី អ្នកនៅជុំវិញកូនៗខ្ញុំ គឺជាគំរូទី១ ជាសាលារៀនទីមួយសំរាប់កូនៗ។ ពួកគេនឹង​ធ្វើខ្លួនតាម​យើង​ដែលជាអ្នកនៅជិតគេរាល់ថ្ងៃ។ បើយើង​ជាអ្នកដែលចង់មានចង់បាន​របស់ទ្រព្យ​​គេដទៃដោយ​ឥតអៀនខ្មាស់ យើងកំពុង​បង្រៀនកូន​យើងអោយធ្វើតាមយើង​ហើយ។ បើ​យើងសើច​នឹងភាព​ក្រម៉ិចក្រម៉ើមដែលកូនៗ ញាក់មុខញាក់មាត់​ដាក់ជីដូនជីតា​ឬអ្នក​ដែលចាស់ជាងពួកគេ គឺ​យើង​កំពុង​​បង្រៀនកូនថា វាមិនខុស​ទាស់​អីទេ​ដែល​ធ្វើ​បែប​នេះដាក់ចាស់ៗ​។​ ខ្ញុំធ្លាប់ឃើញមីងម្នាក់ គាត់សើចកាច់ក នឹងចៅទើបចេះនិយាយ​របស់គាត់ថា​គេចេះនិងខូចណាស់ អាយុមិនបានពីរ​ខួបផង ចេះចាយលុយអោយចំណាប់(sic!) គេសុំលុយ​គាត់រាល់តែដងកាល​ណា​មាន​ការ៉េមមក​ដល់​​មុខផ្ទះ ដល់ពេលមួយគាត់ចង់ល៎គេមើលម្ដង មិនព្រម​អោយលុយ ស្រាប់តែអាល្អិតនោះ​លូក​ខ្វេះហោប៉ៅអាវគាត់​យកលុយទាល់តែបាន គាត់មិនភ្ញាក់ខ្លួននឹងទង្វើចៅគាត់ បែរជា​មក​សរសើរ​ប្រាប់ខ្ញុំថា ចៅគាត់ចេះណាស់ ដឹង​ថាគាត់ទុកលុយនៅឯណា!!! គាត់អាច​នឹង​គិត​ថា​គេ​នៅ​តូចណាស់​មិនអីទេ មិនទាន់​ដឹងល្អ​ដឹង​អាក្រក់​អីទេ ឱ! គាត់ប្រហែលជាភ្លេចថា គាត់​កំពុង​បង្រៀន​ចៅតូចរបស់គាត់​អោយយល់ថា វាមិនខុសទាស់អីទេ ដែលយក​របស់គេ​ទាំងមិនមាន​ការ​អនុញ្ញាតនោះ។ ក្ដីស្រឡាញ់​ចំពោះ​ចៅតូចរបស់គាត់ ធ្វើអោយ​គាត់មើលមិន​ឃើញ​ពី​ទំលាប់​មិន​ល្អ​ដែលគាត់កំពុង​បណ្ដុះ​អោយ​ចៅតូច​នេះហើយ។ មានអ្នកខ្លះទៀត សើចនឹងកូនតូច​​ចេះនិយាយ​បិបិះ​របស់ខ្លួនថា ចេះណាស់ ពេលដែល​គេខឹងនឹងអ្នកណាមួយ គេតែង​ចង្អុល​មុខ​និង​ជេរ ទាំងមិនសូវ​ច្បាស់​ថា​«អាមោក!» អ៊ិះ!!! ទៅជាអញ្ចឹងទៅ!!! មិនឃាត់ប្រដៅកូន បែរជា​នាំគ្នា​សើចគិល លើកទឹក​ចិត្ត​កូនតូចនោះ។ ខ្ញុំខ្លួនឯងផ្ទាល់ ធ្លាប់របូតមាត់ស្រែក ជេរពាក្យ​អសុរោះ​នៅ​ពេលមួយនោះ ដែល​កំពុង​បើកឡានលើផ្លូវចង្អៀតណែនដោយចរាចរ ស្រាប់តែមាន ម៉ូតូមួយមកបត់ពីមុខវេវ ធ្វើអោយ​ចាប់ហ្វ្រាំងសឹងមិនទាន់ ខ្ញុំស្រែកតែម្នាក់ឯងថា « អាចង់​ទៅ​ងាប់នេះ!»។ កូននាង​របស់ខ្ញុំ សួរដោយក្ដីងឿងឆ្ងល់ថាម៉េចបានម៉ាក់ជេរអញ្ចឹង ទើប​ធ្វើអោយ​ម៉ាក់​ម្នាក់​នេះ ស្វាងពីកំហឹង ហើយបកស្រាយ ថាម៉ាក់ខឹងពេក ទើបរបូតមាត់បែបនេះ ហើយខ្ញុំ​ក៏បាន​ពន្យល់នាងវិញថា ការដែលម៉ាក់និយាយបែបនេះមិនមែនជាមាយាទល្អទេ កូនកុំធ្វើតាម។ ប្រាប់កុំអោយកូនធ្វើតាម វាហាក់ហួសពេលហើយ ព្រោះកូនបានឮ​ពាក្យ​មិន​ល្អ​នេះ​រួច​ហើយ​ 😦 នេះជាបទពិសោធន៍មួយសំរាប់ខ្ញុំរំលឹកខ្លួនឯង អោយ​ប្រយ័ត្ន​ប្រយែង​ពាក្យ​សំដី​នៅ​ចំពោះ​មុខ​កូន​ៗ។

ក្នុងនាមជាម្ដាយម្នាក់ គ្មានអ្វីដែល​ធ្វើអោយខ្ញុំមាន​មោទនភាព​​ជាងការ​ដែលបានចិញ្ចឹម​កូនអោយ​ធំធាត់ក្លាយជាមនុស្ស​ល្អម្នាក់នោះទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា បទពិសោធន៍​របស់ម្ដាយម្នាក់នេះ នឹងបានជួយជាគំនិតខ្លះក្នុងការអប់រំកូនៗ​របស់​លោកឪពុក​អ្នកម្ដាយ​ដទៃទៀត ហើយខ្ញុំ​ក៏​សង្ឃឹម​ថា​លោកឪពុកនិងអ្នកម្ដាយដទៃនឹងចែករំលែក​របៀបរបបចិញ្ចឹម​កូន​របស់​ពួក​គាត់​មកដល់ម្ដាយម្នាក់នេះវិញដែរ៕

About ម៉ាក់ស្រីតូចបីនាក់

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in ការអប់រំកូនរបស់ខ្ញុំ and tagged , , , , , , . Bookmark the permalink.

22 Responses to របៀបចិញ្ចឹមអប់រំកូនរបស់ខ្ញុំ

  1. ខ្ញុំពេញចិត្តនឹងការប្រដៅអប់រំកូនបែបនេះណាស់ ម៉ាក់អាបីនាក់ជាគម្រូមួយដ៏ល្អសម្រាប់ខ្ញុំ។ បើមានកូន បែបសុំផ្ញើជីវីឱ្យជួយប្រដៅហើយ។

    ខ្ញុំមើលរឿងអាមេរិចកាំងមួយនោះ រឿងនោះជឿថាគ្នាយើងមិនសូវពេញចិត្តទេ តែខ្ញុំមើល ខ្ញុំចាប់អារម្មណ៍ ពីរបៀបរស់នៅរបស់ពួកគេ ពួកអាគាំងនេះ និយាយរត់មាត់ឱ្យតែខឹងជេរ Fuck Fucking តែនៅចំពោះមុខ កូនតូច ក្មេងៗ និងមនុស្សចំណូលស្រុកថ្មី ពួកវាយកដៃខ្ទប់ត្រចៀកក្មេងរួចបានស្រែកជេរគ្នា។ ខ្ញុំជឿថារឿងជេរបែបនេះមិនមែនល្អទេ តែកាលណាមនុស្សទាំងនោះទ្រាំអត់ជេរមិនបាន គេរកវិធីការពារ កុំឱ្យក្មេងឮ ទោះជាក្មេងអាយុមួយខួបក៏ដោយ។

    អរគុណម៉ាក់អាបីនាក់ ដែលបានរំលឹកគ្នាក្នុងការប្រដៅក្មេង (ខ្ញុំអត់កូន តែក៏ជាគម្រូសម្រាប់ក្មេងៗឯទៀតដែរ)។ ខ្ញុំនឹងព្យាយាមកាត់បន្ថយការនិយាយស្តីអត់ប្រយោជន៍ និយាយពាក្យមិនរាបសារ និងធ្វើល្អឱ្យបានតាមអាចធ្វើទៅបាន។ 😀 😀 😀

    ចូលចិត្ត

  2. somada ថា:

    អរគុណជីវីដែលបានចែករំលែករឿងល្អ ៗ ប្រាប់ក្រមុំៗ ភូមិវើដប្រេសដូចជាបង និង កល្យាណ ចាំមានកូន​បងនឹងព្យាយាមធ្វើតាម តែមិនដឹងបានអត់ទេនែក ។ អូ! និយាយអញ្ចឹងកុំភ្លេចនិទានរឿង​មុនពេល​ចូល​គេង ឲ្យក្មួយ​ទាំងបីស្តាប់ផងណា នឹងជួយឲ្យពួកគេចូលចិត្តអានសៀវភៅ និង ស្រឡាញ់អ្នកម៉ាក់របស់គេ​កាន់តែខ្លាំងឡើងទៀត ។

    ចូលចិត្ត

  3. samnanglaor ថា:

    សូមអរគុណសម្រាប់ការផ្ដល់បទពិសោធន៍ល្អៗ។

    ចូលចិត្ត

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s