វិធីដែលអាចជួយអោយ​កូនតូច​គេងពេញមួយយប់


ទារកដែលចាប់ញ៉ាំបបរឬអាហារទន់បាន អាចនឹងគេងយប់ដោយមិនភ្ញាក់បៅទេ។ តែកាលណាបើ Your little night owl នៅយំង៉ិកង៉ក់ទាមទារការចាប់អាម្មណ៍ ឬទារបៅចាប់តាំងពីយប់ទល់ភ្លឺ អ្នកពិតជាអស់កំលាំងមិនខានទេ ឬនិយាយម្យ៉ាងទៀតថា «បាក់លោងរូងភ្នែក»។ ពិតណាស់​ទារកទាំងអស់តែងតែភ្ញាក់កណ្ដាលយប់ ហើយខ្លះទៀតក៏អាចគេងលក់វិញដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវបៅបន្ថែម ឬលួងអោយគេងវិញទេ។ តែក្មេងៗមិនសុទ្ធតែអញ្ចឹងទាំងអស់ឯណា ម៉ាក់អាបីនាក់មានវិធីខ្លះ​ដែលអាចជួយអ្នកដែលមានទីទុយតូចៗយំយប់​អាចសំរាកពេលយប់បានខ្លះ បើមិនជួយបានច្រើន ក៏អាចបន្ថយការភ្ញាក់យប់បានដែរ។

វិធីទីមួយ ដាក់អោយពេញពោះ៖ អោយគេញ៉ាំពីថ្ងៃអោយបានឆ្អែត ឯពេលល្ងាចក្រោយពេលបញ្ចុកបរបររួច សូមអោយកូនតូចបៅសិនមុនពេលគេគេងលក់។ ហើយនៅមុនពេលអ្នកខ្លួនឯងចូលគេង បើមើលទៅគេល្មមដល់ពេលឃ្លានហើយ សូមដាស់គេតិចៗអោយបៅបន្តទៀត ដើម្បីកុំអោយគេភ្ញាក់នៅពេលដែល​អ្នកទើបគេងលក់បានមួយម៉ោងឬពីរម៉ោង តែបើគេមើលទៅទំនងឆ្អែតហើយ កុំរំខានដំណេកគេអី។ បើធ្វើដូចនេះហើយ គេនៅតែភ្ញាក់យប់ នោះប្រហែលមកពីគេធ្លាប់ខ្លួន ចង់បៅលេង ឬចង់មានអ្នកលើកពរទេ អញ្ចឹងពេលគេដឹងខ្លួន​សូមកុំអាលអោយគេបៅភ្លាមៗ  សាកអង្អែលខ្នង គោះកំប៉េះគូថស្រាលៗសិន ជួនកាល​គេអាចគេងលក់វិញបាន ឬក៏បើគេនៅតែទារបៅ សូមអោយគេបៅតែបន្តិចបានហើយ(តិចជាងរាល់ដង)។

វិធីទីពីរ ធ្វើអោយគេធុញចំពោះការភ្ញាក់ពេលយប់៖ ធ្វើយ៉ាងម៉េច? កុំអោយទីទុយតូចរបស់អ្នកយល់ថា​ពេលយប់ជាពេលលេង ដោយបិទភ្លើង ឬបើកភ្លើងក្រហមសំរាប់ពេលយប់​គ្រាន់តែសំរាប់កុំអោយងងឹតពពីមពពើមពេកប៉ុណ្ណោះ។ ម្យ៉ាងទៀត បើខោទឹកនោមគេមិនសើមពេកទេ គួរកុំផ្លាស់ប្ដូរអី ព្រោះគ្រាន់តែដូរខោក៏អាចធ្វើអោយ​ទីទុយតូចរបស់អ្នកស្វាងលែងងងុយដែរ។

វិធីចុងក្រោយ សួរខ្លួនអ្នកថាតើអ្នក​អាចទ្រាំស្ដាប់​កូនយំបានយូរប៉ុណ្ណា៖ សុំទ្រាំទ្រ រួចរំលឹកខ្លួនឯងថា អ្នកមិនមែនចិត្តអាក្រក់ដាក់កូន ទុកអោយគេយំទេ អ្នកគ្រាន់តែចង់អោយគេបានគេងឆ្អែត ដោយបោះបង់ទំលាប់បៅពេលយប់ប៉ុណ្ណោះ។ តែបើអ្នកធ្វើមិនបាន សូមចងចាំក្នុងចិត្តថា មិនយូរមិនឆាប់ទេ​គេនឹងគង់តែចោលទំលាប់បៅយប់នេះ(យ៉ាងយូរ​ពេលគេអាយុ ២ ទៅ ៣ ឆ្នាំ)។

បើជាម៉ាក់អាបីនាក់វិញ មិនទ្រាំដល់ពេលនោះទេ ព្រោះទំរាំដល់ពេលហ្នុង មុខតែបាក់លោងរូងភ្នែកខូចសម្រស់អស់ហើយ។ ជូនពរអ្នកម្ដាយថ្មីថ្មោងទាំងឡាយ សូមមានសុខភាពល្អ និងសំរស់ផូរផង់។

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in កំណត់ត្រាខ្លី, សុខភាព, អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , , , . Bookmark the permalink.

47 Responses to វិធីដែលអាចជួយអោយ​កូនតូច​គេងពេញមួយយប់

  1. somada ថា:

    អរគុណហើយដែលបានប្រាប់ ព្រោះចំពេលដែលខ្ញុំកំពុងមានកូនខ្ចីល្មម ។

    ចូលចិត្ត

  2. somada ថា:

    កូនខ្ចីមួយនេះរករឿងតែពេលយប់ទេ តែថ្ងៃវិញមិនសូវរករឿងប៉ុន្មានទេ ។ រឿងសរសើរថាស្វែលនោះ​មិនហ៊ានទទួលទេ ព្រោះពេលនេះអ្នកផ្ទះអង្គុយឃាត់គ្រប់គ្នាហើយ ឲ្យតែឃើញអីទំនងឆ្ងាញ់ទិញមក ស្រាប់តែគេព្រួតគ្នាស្រែកថា “ឈប់ញ៉ាំទៅម៉ាក់ កូនមិនចង់ឃើញម៉ាក់ធំជាងយក្សនោះទេ ។

    ចូលចិត្ត

  3. ដូចមានអារម្មណ៍ម៉េចទេខ្ញុំ!

    ចូលចិត្ត

  4. មករា ថា:

    រាល់ពេលដែលកូនខ្ញុំយំគឺវាយំរហូតដល់ក្អួតចេញបបរនឹងទឹកដោះគោដែលខំប្រឹងបញ្ចុកវាយ៉ាងលំបាក ទោះជាបានបញ្ចុកវា ជាង១ម៉ោងរឺ២ម៉ោង
    កន្លងមកហើយក៏ដោយ។ ខ្ញុំសុំសួរម៉ាក់អាបីនាក់ តើកូនខ្ញុំមានជំងឺរឺក៏បញ្ហាអ្វីដែរ?
    ខ្ញុំអាចទ្រាំនឹងសំលេងកូនយំបាន តែមិនអាចទ្រាំនឹងឃើញវាក្អួតទេ

    ចូលចិត្ត

    • កូននូរបស់ខ្ញុំ អោយតែពេលយំគឺក្អួតដែរហើយ ដូចនេះរាល់ពេលនូយំ ខ្ញុំមិនទុកអោយយំខ្លាំងបានទេ ប្រញ៉ាប់រកទឹកអោយគេផ្សើមបំពង់ក រហួតមកដល់ពេលនេះ នូក៏នៅតែក្អួតដែរ កាលណាគេយំខ្លាំង។ ខ្ញុំមិនមែនជាអ្នកជំនាញអីទេ គ្រាន់តែបានអានច្រើនទាក់ទងហ្នឹងការចិញ្ចឹមកូន តែក៏រីករាយនឹងចែករំលែកអ្វីដែលខ្ញុំដឹងដល់​ប៉ាម៉ាក់ទាំងឡាយ។ ជូនពរកូនអ្នកមានសុខភាពល្អ។ អូ៎ មានមួយទៀត កូនតូចរបស់មករា​អាយុប៉ុន្មានដែរ?

      ចូលចិត្ត

      • មករា ថា:

        អគុណម៉ាក់អាបីនាក់ដែលបានឆ្លើយតប
        កូនរបស់ខ្ញុំអាយុ១៥ខែហើយ នៅពេលយប់ពេលដែលកូនដឹងខ្លួននោះគឺយើងជាប៉ាម៉ាក់មិនដឹងឡើយ ព្រោះគេងលង់លក់ទាំង២នាក់ ដូច្នេះយើងមិនអាចបំពេញតំរូវការរបស់គេទាន់ពេលទេ ពេលយើងក្រោកមិនទាន់គេខឹងយំជំទាល ទោះជាខំអោយបៅទឹកដោះគោរឺទឹកក៏គេមិនព្រមដែរគឺគេយំរហូតដល់ក្អួត ពេលគេក្អួតម្តងៗគឺពិបាកចិត្តណាស់។ ពេលថ្ងៃក៏ដូច្នេះដែរគឺមិនហ៊ានអោយខ្នោះចិត្តរបស់គេទេតែពេលខឹងហើយ គឺយំដល់ក្អួតហើយ។ ខ្ញុំសង្កេតឃើញថាកូនខ្ញុំចាប់ពីចូលដល់អាយុ១៣ខែមកគឺកាចខុសធម្មតា ងរង៉ក់ច្រើន ខ្នោះចិត្តបន្តិចមិនបាន។ សូមបញ្ជាក់ថាកូនខ្ញុំជាកូនប្រុស

        ចូលចិត្ត

        • ខ្ញុំមិនដែលមានកូនប្រុសទេ កូនស្រីទាំងបីនាក់របស់ខ្ញុំ សុទ្ធស្លូតងាយចិញ្ចឹម មានតែនូនូ(អាទី២)រាងដូចជារញ៉ាំរញ៉ូវបន្តិច តែក៏គង់ស្រួលនិយាយគ្នាស្ដាប់បាន។ តាមដែលខ្ញុំធ្លាប់ជួប កូនដែលធ្លាប់ស្លូតតែបែជាប្រែជារញ៉ាំរញ៉ូវ អាចបណ្ដាលមកពីគេ ប្លែកមុខអ្នកមើលថែ ឬមិនស្រួលខ្លួន ឬញ៉ាំមិនឆ្អែត ញ៉ាំដែរតែញ៉ាំតិច មួរម៉ៅដោយសារធ្វើអីមិនបានទាន់ចិត្តគេ​ ឬគេលេងច្រើនពេកហួសកំលាំង អស់កំលាំង ក៏នាំអោយគេងាយមួរម៉ៅដែរ។ វិធីមានតែម៉ាក់ឬអ្នកមើលហ្នឹង ព្យាយាមលួង ធ្វើចិត្តអោយត្រជាក់ៗ លួងកូនតាមសំរួលប៉ុណ្ណឹងឯង។ ដូចម៉ាក់អាបីនាក់ធ្លាប់ប្រាប់ហើយថាមិនជំនាញអីទេ ដឹងប៉ុណ្ណាប្រាប់ប៉ុណ្ណោះឯង ហេហេហេ 😀 😀 😀

          ចូលចិត្ត

  5. ឧត្តម ថា:

    ទោះបីអ្នកក្លាហានខ្ញុំ ពូកែទាំងអក្សរសាស្រ្ត និងវិជ្ជាគុន ក៏ត្រូវតែកត់ទុកបទពិសោធមួយនេះដែរ បើទោះខ្ញុំគ្មានអីឲ្យកូនបៅ ក៏គង់ភ្ញាក់តាមម៉ែវាដែរ! :mrgreen:

    ចូលចិត្ត

  6. Nataro ថា:

    អង់ទ្រីនកន្លះគ្រាប់ ដេកលក់ទល់ភ្លឺ អេសអេសអេសអេ 😆

    ចូលចិត្ត

  7. pkay_sour ថា:

    ពិត​ជា​អ្នក​ម្តាយដ៏គំរូមែន​បងស្រី ។ ស្តាយ! ផ្កាយអត់ទាន់រៀបការ និង​មានកូន កុំអីសាកអនុវត្ត​តាម​វិធី​ខាង​លើ​នេះ​ដែរបាត់ 😀

    ចូលចិត្ត

បញ្ចេញមតិ