អ្វីដែល​ម៉ាក់​ចងចាំ​ទុកពីកូននាង


នាងនាង

នាងនាង កូនសម្លាញ់ កូនដែលម៉ាក់តែងហៅថា My Favorite Girl or My Precious Baby  កូនដែលយល់ដឹងការរាក់ជ្រៅច្រើនជាងប្អូនៗ កូនដែលធ្វើអោយម៉ាក់ជឿ នូវពាក្យ​គ្រប់​ម៉ាត់​ដែល​កូន​និយាយប្រាប់ម៉ាក់ ពីព្រោះកូនមិនដែលនិយាយកុហកទេ។ កូនមិនសូវ​និយាយស្ដី មិនមាត់ប៉ប្លេចប៉ប្លូច អ្វីដែលកូននិយាយ សុទ្ធតែជាពាក្យសាច់ការទាំងអស់។

នឹកឃើញដល់ពេលដែលកូនចូលរៀនដំបូងថ្នាក់មត្តេយ្យ កូនអាយុទើបបានបីឆ្នាំប៉ុណ្ណោះ ម៉ាក់ទៅតាមកូន ចូលរៀនជាមួយកូន លុះបានពីរថ្ងៃ ម៉ាក់ក៏ទុកកូនអោយនៅជាមួយអ្នកគ្រូ ពេលម៉ាក់ចេញមក ម៉ាក់លួចមើលកូនតាមបង្អួច ម៉ាក់ឃើញកូនយំ យំនោះយំ តែមិនមាន​នរណា​លួងកូនសោះ គ្រូម្នាក់នោះទុកកូនអោយយំតែម្នាក់ឯង ក្នុងចិត្តម៉ាក់ក្ដុកក្ដួលណាស់ ម៉ាក់​រលីង​រលោង​ទឹកភ្នែក ម៉ាក់បន់អោយតែដល់ម៉ោងចេញលេង ម៉ាក់នឹងអាលចូលទៅលួងកូន។ ទីបំផុត ម៉ាក់សុំដូរកូនអោយទៅរៀនជាមួយគ្រូម្នាក់ទៀត ដែលមានការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សិស្សថ្មី។ បានតែមួយអាទិត្យប៉ុណ្ណោះ កូនអាចទៅរៀនតែម្នាក់ឯងដោយរីករាយ។ នាងនាង កូនរៀនពូកែជាងគេនៅក្នុងថ្នាក់  ខែណាក៏កូនរៀនបានលេខ១ដែរ កូនជា​កូន​ដែល​ធ្វើ​អោយ​ម៉ាក់ញញឹមបិទមាត់មិនជិត រាល់​លើកដែល​មាន​ការ​ជួប​ពិភាក្សា​រវាង​អ្នកគ្រូ​និង​មាតា​បិតា​សិស្ស។ កូនមានការចងចាំល្អបំផុត អ្វីដែលម៉ាក់ប្រាប់ឬពន្យល់ តែម្ដងប៉ុណ្ណោះ កូន​ក៏អាច​ចង​ចាំ​បាន។ ម៉ាក់នឹកដល់គ្រាមួយនោះ កូនអាយុជាងមួយឆ្នាំប៉ុណ្ណោះ កូនអង្គុយលើភ្លៅប៉ាប៉ាកូន មើល​​​រូបភាពក្នុង កុំព្យូទ័រ ពេលឃើញរូបផ្លែប៉េងប៉ោះទុំ កូន​សំរូត​ចុះ​ពីប៉ាប៉ា​រត់មក​បើក​សៀវ​ភៅ​តូច​​រ​បស់កូន ដែលមានរូបដូចគ្នានឹងរូបនៅក្នុង កុំព្យូទ័រ ចង្អុល​ប្រាប់​ម៉ាក់​និងប៉ាទាំង​មិន​ទាន់​ចេះ​និយាយផងថា«អ៊ុះៗ» ទើបម៉ាក់ដឹងថា ក្មេង​ពិតមែន​តែមិនទាន់​ចេះនិយាយ​មែនតែ គេអាចសំគាល់បាននូវអ្វីដែលគេធ្លាប់បានឃើញ។

យប់នេះ កូនស្រាប់តែធ្វើអោយម៉ាក់អស់សំណើចនឹងសំដីកូន។ ក្រោយពេលបាយល្ងាចរួច កូនមើលល្ខោនបាសាក់ទូរទស្សន៍ ទទក ពេលចេញដល់តួយក្ខ កូនសើច​បណ្ដើរ​និយាយ​ប្រាប់ម៉ាក់បណ្ដើរថា «ម៉ាក់ហា៎ យក្ខនេះ ធាត់អីក៏ធាត់ម៉េះទេ មើលចុះ លោត​ចេញ​ក្បាច់​មិន​ចង់​រួច​ទេ» ម៉ាក់ដែលកំពុងតែលេង«ហ្វេសប៊ុក» ក៏ចាក់​បណ្ដោយ​នឹង​កូន​ទាំង​មិន​មើល​ទូរទស្សន៍​ថា«យក្ខហ្នឹង បែបផឹកស៊ីរាល់យប់ហើយកូន» កូនក៏តបថា «មែនហើយម៉ាក់ បែបយក្ខ​ចូល​ចិត្ត​តែ​ញ៉ាំ Hot dog Pizza Humburger French fries រាល់ថ្ងៃហើយបានជាធាត់ចឹងនោះ!» …..យី  ម៉ាក់មិនដឹងសោះថា នៅស្រុកយក្ខមានរបស់អស់នេះញ៉ាំដែរសោះណ៎!!!! ពិត​ជាគួរ​អោយ​ហួស​ចិត្ត​នឹងសំដីក្មេងៗណាស់!!!

មើលអត្ថបទស្រដៀង៖ អ្វីដែលម្ដាយម្នាក់នេះចង់កត់ត្រាទុក៖ នូនូកាលពីអាយុ២ឆ្នាំ

About សុជីវី

ខ្ញុំជាភរិយាម្នាក់និងជាម្ដាយដ៏មាន មោទនភាពនៃកូនស្រីបីនាក់
This entry was posted in អ្វីគ្រប់យ៉ាងដែលម៉ាក់ចង់ចងចាំទុក and tagged , , . Bookmark the permalink.

23 Responses to អ្វីដែល​ម៉ាក់​ចងចាំ​ទុកពីកូននាង

  1. អ៊ំក៏ដូចយក្សហ្នឹងដែរ 😀 អ៊ំចូលចិត្តរបស់ទាំងអស់ហ្នឹងដែរ!
    ចុះមួយៗក៏មានអីល្អៗគួរឱ្យចង់សើចម៉្លេះ? នាងនាង ដូចម៉ាក់បេះបិទតែម្តងហើយ ដូចសូម្បីតែញញឹម។

    ចូលចិត្ត

  2. vsthea ថា:

    ស្អាតមែន តែមិនមែនដូចម៉ាក់ទេគឺស្អាតជាងម៉ាក់ !

    ចូលចិត្ត

  3. vsthea ថា:

    សុំច្បាប់សម្រាកចូលឆ្នាំថ្មី !

    ចូលចិត្ត

  4. បាន​កូន​ស្រី​ទាំង​អស់​មែន​ទេ​បង! សុំ​ទៅ​ទុក​មុន​ណា ហើយ​មិន​គិត​តាម​យក​កូន​ប្រុស​មួយ​ទៀត​ទេ​ហី?

    ចូលចិត្ត

  5. krousarrikreay ថា:

    បង កូនបងទាំងពីរនាក់ហ្នឹង មុខស្រដៀងគ្នា ខុសតាភ្នែកទេ!នូនូភ្នែកមូលស្អាត ចំនែកឯនាងនាង វិញភ្នែកកាត់ដូចកូនចិន(ដូចម៉ាក់)?

    ចូលចិត្ត

  6. មើលមុខ​កាត់ទៅ​ម្តាយ​សុទ្ធហើយ… ខ្ញុំ​អត់​ទាន់​មាន​កូន​​អួត​នឹង​គេ សុំអស់​យោបល់​ហើយ… 😀

    ចូលចិត្ត

  7. furniture168 ថា:

    ខ្ញុំសូមសរសើរអំពីអត្ថបទរបស់បង ពេលខ្លះក៏មានការច្រណែនពីក្តីសុខក្នុងគ្រួសារបងដែរ។
    ចំនែកកូនៗរបស់បងស្អាតទាំងអស់ហើយ គួរអោយស្រឡាញ់ណាស់!!!!!

    ចូលចិត្ត

បញ្ចេញមតិ